EU ទម្លាក់លុយជាង ៥លានដុល្លារជួយ៤ប្រទេសអាស៊ីអាគ្នេយ៍ទប់ទល់គ្រោះមហន្តរាយអាកាសធាតុ

បរិស្ថាន

(សកម្មភាពកុមារធ្វើដំណើរដោយទូ និងថ្មើរជើងទៅសាលារៀននៅភូមិកំពង់ប្រហុក ខេត្តបាត់ដំបង បឹងទន្លេសាប។ រូបភាព៖ រ៉ាត់ ទី)

សហភាពអឺរ៉ុប (EU) បានផ្តល់ថវិកាជាង ៥លានដុល្លារអាមេរិក ដល់ប្រទេសចំនួន៤ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក ដើម្បីរួមគ្នាពង្រឹងការត្រៀមលក្ខណៈបង្ការគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសអាសន្នឱ្យដឹងមុន ចំពេលការកើនឡើងនៃហានិភ័យអាកាសធាតុ។ នេះបើតាមការផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពអឺរ៉ុបប្រចាំកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ជំនួយមនុស្សធម៌នេះ នឹងត្រូវអនុវត្តតាមរយៈគំនិតផ្តួចផ្តើមកម្រិតតំបន់ថ្មីមួយស្តីពីការត្រៀមបង្ការគ្រោះមហន្តរាយ ដែលដាក់ឱ្យដំណើរការដោយអង្គការ Save the Children ក្នុងរយៈពេល ២ឆ្នាំ (២០២៦-២០២៨) នៅប្រទេសចំនួន៤ រួមមាន កម្ពុជា ឡាវ វៀតណាម និងថៃ។ គម្រោងនេះនឹងផ្តោតសំខាន់លើកុមារ ការត្រៀមលក្ខណៈរបស់សាលារៀន និងសហគមន៍ ការការពារកុមារ ព្រមទាំងការពង្រឹងប្រព័ន្ធគ្រប់គ្រងនៅមូលដ្ឋាន។

នៅក្នុងកញ្ចប់ថវិកានេះ ប្រទេសកម្ពុជានឹងទទួលបានថវិកាប្រមាណជាង ៧សែនដុល្លារអាមេរិក ដោយផ្តោតគោលដៅលើសហគមន៍ងាយរងគ្រោះក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង ដែលស្ថិតនៅក្បែរបឹងទន្លេសាប ពោលគឺតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារទឹកជំនន់តាមរដូវកាល និងខ្យល់កន្ត្រាក់។

យោងតាមអង្គការ Save the Children គម្រោងនេះនឹងជួយការពារជីវិត និងជីវភាពពលរដ្ឋពីគ្រោះធម្មជាតិ និងបាតុភូតអែលនីញ៉ូ (El Niño) តាមរយៈការបំពាក់បំប៉នជំនាញប្រព័ន្ធព្រមានជាមុនដល់សហគមន៍ ជាពិសេសកុមារ ស្ត្រី និងជនមានពិការភាព ដើម្បីធានាថាព័ត៌មានសំខាន់ៗ អាចទៅដល់ដៃអ្នកដែលត្រូវការបំផុត និងជួយឱ្យពួកគេអាចធ្វើសកម្មភាពឆ្លើយតបបានភ្លាមៗ។

អង្គការ Save the Children បានបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុបានជំរុញឱ្យមានព្រឹត្តិការណ៍អាកាសធាតុខ្លាំងក្លាកាន់តែញឹកញាប់ និងធ្ងន់ធ្ងរ ដោយក្នុងនោះ កុមារគឺជាអ្នកដែលរងទុក្ខខ្លាំងជាងគេ។ បាតុភូតអែលនីញ៉ូ និងការឡើងកម្ដៅផែនដី បានបង្កឱ្យមានសីតុណ្ហភាពកាន់តែខ្ពស់ គ្រោះរាំងស្ងួតកាន់តែគ្រោះថ្នាក់ និងទឹកជំនន់បំផ្លិចបំផ្លាញ ដោយសារការកើនឡើងនៃរបបទឹកភ្លៀង ដែលបណ្ដាលឱ្យកុមារអាស៊ីអាគ្នេយ៍រាប់សែននាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែង និងថ្នាក់រៀនកាលពីឆ្នាំ២០២៥ កន្លងទៅ។

តាមការស្រាវជ្រាវរបស់អង្គការ Save the Children ទោះបីជាចំនួនប្រជាជនរងផលប៉ះពាល់ដោយគ្រោះមហន្តរាយអាកាសធាតុមានការកើនឡើងក៏ដោយ ក៏ប្រព័ន្ធព្រមានទុកជាមុននៅតែមិនទាន់មានភាពទូលំទូលាយ និងទៅដល់ក្រុមមនុស្សងាយរងគ្រោះបំផុត ជាពិសេសកុមារនៅឡើយ។ ជាក់ស្តែង ប្រទេសកម្ពុជាមានយុទ្ធសាស្ត្រសកម្មភាពមុនពេលមានអាសន្នជាតិ (Anticipatory Action – AA) ប៉ុន្តែមានមន្ត្រីថ្នាក់ខេត្តត្រឹមតែជាងពាក់កណ្តាលបន្តិចប៉ុណ្ណោះដែលបានដឹងពីយុទ្ធសាស្ត្រនេះ ខណៈដែលគ្រួសារជាច្រើនធ្លាប់ត្រូវបានបង្ខំឱ្យរត់គេចពីកម្រិតទឹកដែលកំពុងកើនឡើងដោយសារព្យុះ ដែលបង្កជាការភ័យខ្លាចដល់កុមារ។

នាយកប្រចាំតំបន់អាស៊ី នៃអង្គការ Save the Children លោក Arshad Malik បានលើកឡើងថា គ្រោះមហន្តរាយដែលជំរុញដោយអាកាសធាតុ គឺគ្មានព្រំដែននោះទេ ដូច្នេះកម្មវិធីថ្នាក់តំបន់នេះ នឹងសង្គ្រោះជីវិតមនុស្សដោយធានាថា ការព្រមានពិតជាបានទៅដល់អ្នកងាយរងគ្រោះបំផុត ជាពិសេសកុមារ ដើម្បីមានពេលគ្រប់គ្រាន់ក្នុងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស។

លោក Arshad Malik បានបញ្ជាក់ថា៖ «កម្មវិធីនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់គំនិតផ្តួចផ្តើមពហុប្រទេសប្រកបដោយការច្នៃប្រឌិតរបស់អង្គការ Save the Children ក្នុងតំបន់អាស៊ី ដើម្បីភ្ជាប់ទំនាក់ទំនង និងពង្រឹងការត្រៀមលក្ខណៈសហគមន៍ដែលផ្តោតលើកុមារ សកម្មភាពមុនពេលមានអាសន្ន ប្រព័ន្ធព្រមានទុកជាមុន សាលារៀន និងអភិបាលកិច្ចហានិភ័យគ្រោះមហន្តរាយនៅទូទាំងតំបន់»។

សូមជម្រាបជូនថា កម្មវិធីរយៈពេលពីរឆ្នាំនេះ នឹងដំណើរការគ្របដណ្តប់លើ ៩ខេត្ត ២០ស្រុក និង ៧០សហគមន៍ ក្នុងប្រទេសកម្ពុជា ឡាវ វៀតណាម និងថៃ ដោយធានាថាប្រជាជនជាង ២២ម៉ឺននាក់ បានត្រៀមខ្លួនមុនពេលមានអាសន្ន និងមនុស្សជាង ៥៦,០០០នាក់ ទទួលបានការព្រមានទុកជាមុនតាមប្រព័ន្ធដែលដំណើរការបានល្អ ហើយមន្ត្រីមូលដ្ឋានទទួលបានការបណ្តុះបណ្តាល និងគាំទ្របន្ថែម។

ដើម្បីអនុវត្តគម្រោងនេះ អង្គការ Save the Children នឹងចាប់ដៃគូជាមួយមជ្ឈមណ្ឌលត្រៀមលក្ខណៈគ្រោះមហន្តរាយអាស៊ី (ADPC) និងអង្គការក្នុងស្រុក ព្រមទាំងភ្ជាប់ទំនាក់ទំនងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ និងទីភ្នាក់ងារជលសាស្ត្រ និងឧតុនិយម ជាមួយស្ថាប័នតំបន់សំខាន់ៗ រួមមាន៖ គណៈកម្មការទន្លេមេគង្គ (MRC) មជ្ឈមណ្ឌល AHA របស់អាស៊ាន មជ្ឈមណ្ឌល ATCSW និងលេខាធិការដ្ឋានអាស៊ាន ដើម្បីធានាថាការព្រមាន ឧបករណ៍សង្គ្រោះ និងស្តង់ដារនានា ត្រូវបានធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៅទូទាំងព្រំដែននៃប្រទេសទាំងបួន៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3271}" data-page="1" data-max-pages="1" data-start="1" data-end="1">