អាជ្ញាធរមីន ចេញសេចក្តីណែនាំ និងអំពាវនាវដល់សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលអាចផ្លាស់ទីពីតំបន់គ្រោះថ្នាក់ ដោយការហូរច្រោះ និងអណ្តែតរសាត់តាមទឹកជំនន់ ទៅតំបន់ផ្សេងៗ។ នេះបើតាមសេចក្ដីណែនាំរបស់អាជ្ញាធរមីនកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានប្រទះឃើញយុទ្ធភណ្ឌគ្រឿងផ្ទុះមួយចំនួន បានរសាត់តាមទឹកជំនន់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋកំពុងរស់នៅតំបន់ ដែលរងផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។
អាជ្ញាធរមីន ណែនាំឱ្យគ្រប់គណៈកម្មាធិការសកម្មភាពមីនរាជធានី ខេត្ត អប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ និងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ត្រូវរួមគ្នាផ្សព្វផ្សាយឱ្យពលរដ្ឋបានដឹង រៀបចំខ្លឹមសារផ្សព្វផ្សាយ និងផលិតជាសម្ភារអប់រំ ស្តីពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ អំឡុងពេល និងក្រោយពេលមានទឹកជំនន់ ព្រមទាំងចុះបោះស្លាកសញ្ញាសម្គាល់ជាបន្ទាន់ នៅតាមតំបន់សង្ស័យ ដែលមានដីល្បាប់ និងទឹកហូរ ដើម្បីទប់ស្កាត់កុំឱ្យពលរដ្ឋឆ្លងកាត់ ឬស្នាក់នៅ។
សារណែនាំ ក៏បានព្រមានដល់ប្រជាពលរដ្ឋ កុំរើស កុំកាន់ កុំគប់ កុំដំ កុំកែច្នៃ ប្រសិនបើប្រទះឃើញវត្ថុសង្ស័យជាយុទ្ធភណ្ឌគ្រឿងផ្ទុះ និងត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់អាជ្ញាធរមូលដ្ឋាន មេភូមិ មេឃុំ កម្លាំងប្រដាប់អាវុធ ឬប្រតិបត្តិករបោសសម្អាតមីន ដែលនៅជិតបំផុត ដើម្បីប្រមូលយកទៅកម្ទេចចោល។
សេចក្ដីណែនាំបញ្ជាក់៖ «ទទួលបានសេចក្តីណែនាំនេះ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន គណៈកម្មាធិការសកម្មភាពមីនខេត្ត គ្រប់ប្រតិបត្តិករជាតិ និងអន្តរជាតិ ក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមសហការ និងអនុវត្តតាមការគួរ»។
រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ដែលមានន័យថាមិនទុកឱ្យជនណាម្នាក់ ឬប្រជាពលរដ្ឋណាម្នាក់ បន្តរងគ្រោះថ្នាក់ដោយសារគ្រាប់មីនក្រោយឆ្នាំ២០២៥។
យ៉ាងណាក៏ដោយ បើតាមអាជ្ញាធរមីន ត្រឹមឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១ ៥៧៧ គីឡូម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋជាង ១លាននាក់ កំពុងបន្តរស់នៅលើតំបន់សង្ស័យទាំងនោះ ដែលភាគច្រើនស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងខេត្តភាគខាងលិច៕







