សង្គមស៊ីវិល ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបង្កើនប្រសិទ្ធភាពប្រព័ន្ធព្រមានទុកជាមុនអំពីគ្រោះមហន្តរាយធម្មជាតិឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ព្រមទាំងពង្រីកការផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែលឿនរហ័ស។ ការអំពាវនាវនេះធ្វើឡើងចំពេលកម្ពុជាកំពុងរងឥទ្ធិពលព្យុះនានា និងបាតុភូតអាកាសធាតុអែលនីណូ (El Niño)បង្កឱ្យមានការប្រែប្រួលធាតុអាកាសភ្លាមៗ បង្កើតជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតអូសបន្លាយជាដើម។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្ពុជាទទួលឥទ្ធិពលពីព្យុះទីហ្វុងបាវី ដែលមានភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងខ្យល់បក់ខ្លាំង អាចបន្តកើតមានទូទាំងប្រទេសរហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
បើតាមក្រសួង ព្យុះទី៩ ឈ្មោះ បាវី (T2609 Bavi) ដែលមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីនៅកម្ពុជា អាចបណ្តាលឱ្យភ្លៀងធ្លាក់ខ្លាំង រួមជាមួយខ្យល់កន្រ្តាក់ និងរលកសមុទ្រខ្ពស់ៗ នៅខេត្តកោះកុង ព្រះសីហនុ កំពត រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ស្ពឺ និងពោធិសាត់ ចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ជាក់ស្ដែងកាលពីថ្ងៃទី១២ ចុងសប្តាហ៍មុននេះ ឥទ្ធិពលព្យុះនេះបានបណ្ដាលឱ្យមានភ្លៀងខ្លាំង បង្កជាទឹកជំនន់ប៉ះពាល់ដល់តាមបណ្ដាស្រុកមួយចំនួននៃខេត្តជាប់ជួរភ្នំក្រវាញ។ ជាការឆ្លើយតប រដ្ឋបាលតាមបណ្ដាស្រុកដែលរងផលប៉ះពាល់ទាំងនោះ បានចេញសេចក្ដីប្រកាសផ្អាកតំបន់ទេសចរណ៍មួយចំនួន និងក្រើនរម្លឹកឱ្យប្រជាពលរដ្ឋ និងទេសចរមានការប្រុងប្រយ័ត្នខ្ពស់។
ទោះជាយ៉ាងណា សារជូនដំណឹងទុកជាមុនពីក្រសួងហាក់នៅមិនទាន់បានជ្រួតជ្រាបទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋឡើយ ស្របពេលតំបន់មួយចំនួនបានកើតហេតុការណ៍ទៅហើយ ទើបមានការជូនដំណឹងឱ្យប្រុងប្រយ័ត្ន និងផ្អាកតំបន់ទេសចរណ៍ខ្លះដោយអាជ្ញាធរមូលដ្ឋាន។ ការណ៍នេះត្រូវបានអ្នកជំនាញកត់សម្គាល់ថា អាជ្ញាធរត្រូវពង្រឹងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយជាងមុនបន្ថែមទៀត និងត្រូវសហការបង្ការហានិភ័យពីអាជ្ញាធរមូលដ្ឋានតាមតំបន់ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ជាជាងហេតុការណ៍កើតឡើងហើយទើបជួយសង្គ្រោះតាមក្រោយ។
នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED) លោក សាន់ ម៉ាឡា ស្នើឱ្យមានប្រព័ន្ធប្រកាសអាសន្ននៅតាមតំបន់ការពារធម្មជាតិ តំបន់ទេសចរណ៍ព្រៃភ្នំ តំបន់ឆ្នេរ ឬតំបន់ងាយរងហានិភ័យ ព្រមទាំងណែនាំទៅអាជ្ញាធរមូលដ្ឋាន ឬភ្នាក់ងារទេសចរណ៍ឱ្យដាក់បម្រាមហាមឃាត់មិនឱ្យភ្ញៀវទៅលេង ព្រោះអាចបង្កជាគ្រោះមហន្តរាយផ្សេងៗ ដែលពិបាកស្មានពេលមានអាកាសធាតុអាក្រក់។
ជាមួយគ្នានោះ លោកក៏ក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងទេសចរធ្វើដំណើរកម្សាន្តនៅរដូវវស្សា ត្រូវបង្កើនការយកចិត្តទុកដាក់តាមដានព័ត៌មានអំពីអាកាសធាតុប្រចាំថ្ងៃ ទោះបីកត្តាភូមិសាស្ត្រកម្ពុជាអំណោយផល មិនសូវរងគ្រោះធម្មជាតិធ្ងន់ធ្ងរខ្លាំងក៏ដោយ។ លោកបន្តថា ការគិតថាប្រទេសយើងមិនអីទេ អាចបង្កគ្រោះថ្នាក់ទៅវិញ ដ្បិតធ្វើឱ្យយើងមានការធ្វេសប្រហែសក្នុងការត្រៀមខ្លួន ការផ្សព្វផ្សាយ និងការទទួលដំណឹងពីបញ្ហាអាកាសធាតុយឺតយ៉ាវ។
លោក សាន់ ម៉ាឡា៖ «អាជ្ញាធរគួរតែពង្រឹងនូវយន្តការនៅក្នុងការជូនដំណឹងជាមុន តាមរយៈទូរសព្ទដៃ តាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គម ជាពិសេសដែលមានលក្ខណៈទូលំទូលាយ និងធូរថ្លៃ។ ធ្វើយ៉ាងម៉េចឱ្យយើងអាចត្រៀមខ្លួនបានទុកមុនក្នុងការការពារខ្លួន ចៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬរហូតទៅដល់ការបាត់បង់អាយុជីវិតដោយសារតែគ្រោះធម្មជាតិនេះ»។ លោករៀបរាប់បន្ត៖ «សម្រាប់ប្រជាពលរដ្ឋវិញ គាត់គួរតែយកចិត្តទុកដាក់នៅក្នុងការតាមដានស្ថានភាពធាតុអាកាស ព័ត៌មានឧតុនិយម ជាពិសេសប្រសិនបើយើងមានគម្រោងធ្វើដំណើរទេសចរណ៍នៅក្នុងតំបន់ណាមួយដែលមានភ្នំ មានទឹក គួរតែមើលព័ត៌មានឧតុនិយមឱ្យបានច្បាស់លាស់ ធានាធ្វើយ៉ាងម៉េចមិនរងហានិភ័យដោយសារតែការធ្វើដំណើរកម្សាន្តនៅក្នុងរដូវវស្សានេះ»។
បន្ទាប់ពីហេតុការណ៍ប៉ះពាល់ដល់ទេសចរនៅតំបន់អេកូទេសចរណ៍មួយចំនួន ក្រសួងទេសចរណ៍ក៏បានចេញសេចក្ដីប្រកាសឱ្យគ្រប់អង្គភាពចំណុះក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងការធានាសុវត្ថិភាពជូនភ្ញៀវទេសចរប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវអនុវត្តការងារសំខាន់ៗដូចជា៖ ត្រូវតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ និងជូនដំណឹងជាមុនពីហានិភ័យនានាទៅដល់ប្រតិបត្តិករ និងសហគមន៍ទេសចរណ៍, ត្រូវរៀបចំវិធានការគ្រប់គ្រងហានិភ័យឱ្យបានហ្មត់ចត់នៅតាមរមណីយដ្ឋាន និងត្រៀមលក្ខណៈសង្គ្រោះឱ្យបានទាន់ពេលវេលា, ត្រូវសហការជិតស្និទ្ធជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាអន្តរាគមន៍ការពារភ្ញៀវទេសចរ, ត្រូវបង្កើតបណ្តាញទំនាក់ទំនងជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរាយការណ៍ជាបន្ទាន់រាល់ករណីមិនប្រក្រតី ឬគ្រោះថ្នាក់ផ្សេងៗក្នុងការសង្គ្រោះឱ្យទាន់ពេល និងត្រូវបូកសរុប និងរាយការណ៍ពីបច្ចុប្បន្នភាពនៃស្ថានភាពជាក់ស្តែងជូនមកក្រសួងទេសចរណ៍ជាប្រចាំ។
ស្រដៀងគ្នានេះ ប្រធានសមាគមទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន ស្នើដល់អាជ្ញាធរមូលដ្ឋានផ្តល់ព័ត៌មានអាកាសធាតុជាក់លាក់ និងទាន់ហេតុការណ៍ដល់សាធារណជន ក្រុមហ៊ុន និងសហគមន៍ទេសចរណ៍។ អ្នកស្រីលើកទឹកចិត្តឱ្យអ្នកពាក់ព័ន្ធទាំងអស់កុំខ្លាចក្នុងការប្រាប់ឱ្យដឹងមុនថាថ្ងៃណាគួរផ្អាក ថ្ងៃណាអាចមកលេងបាន ដោយកុំបារម្ភថាការប្រកាសអាសន្នអាកាសធាតុធ្វើឱ្យបាត់បង់ភ្ញៀវទេសចរ ព្រោះសុវត្ថិភាពត្រូវគិតជាចម្បង។
អ្នកស្រី ឆាយ ស៊ីវលីន៖ «យើងដឹងហើយថាតំបន់របស់យើងហ្នឹងកំពុងតែទទួលបានការចាប់អារម្មណ៍ ទាក់ទាញក្នុងការមកកម្សាន្តនៅក្នុងរដូវបៃតង។ អ៊ីចឹង យើងត្រូវផ្តល់ព័ត៌មាន កុំចេះតែគិតថាផ្តល់ព័ត៌មានទៅខ្លាចគេអត់មក។ ចៀសវាងបណ្តោយឱ្យមានគ្រោះថ្នាក់ កាន់តែធ្វើឱ្យទេសចរភ័យខ្លាច និងខាតបង់ធ្ងន់ធ្ងរជាងមុន»។ អ្នកស្រីរម្លឹកថា៖ «ទេសចរផ្ទាល់ត្រូវឆែកព័ត៌មានអាកាសធាតុឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងព័ត៌មានផ្លូវការ និងព័ត៌មានពីសហគមន៍ផ្ទាល់មុននឹងធ្វើដំណើរកម្សាន្ត កុំទៅទាំងប្រថុយប្រថាន ដើម្បីធានាថាការលម្ហែកាយមានសុវត្ថិភាព និងទទួលបានអនុស្សាវរីយ៍ល្អៗក្នុងរដូវវស្សានេះ»។
តាមក្រសួងធនធានទឹក និងឧតុនិយម កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី១១ ឈ្មោះ «ហៃសិន» (Haishen) ដែលអាចបង្កឱ្យមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់រហូតដល់ ៧០ភាគរយ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦។ ក្រសួងបានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ខណៈក្រសួងបានបញ្ជាក់ថា កម្ពុជានឹងរងឥទ្ធិពលព្យុះជាង ១០ទៀត ដែលនឹងត្រៀមចូលមកជាបន្តបន្ទាប់នៅពេលខាងមុខ៕







