យុវជន ៤៤នាក់ ផលិតកុនឯកសារបាន ៤៨ រឿងឆ្លុះបញ្ចាំងពីតថភាពកម្ពុជា

អប់រំ

(អតីតសិស្ស បញ្ចប់វគ្គសិក្សាផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ និងទទួលវិញ្ញាបនបត្រពីមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦។ រូបភាព៖ មជ្ឈមណ្ឌលបុប្ផាណា)

យុវជនចំនួន៤៤នាក់ រួមទាំងយុវជនមកពីសហគមន៍ជនជាតិភាគតិច និងជនជាតិដើមភាគតិចផង បានបញ្ចប់ការសិក្សាផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយពីមជ្ឈមណ្ឌលបុប្ផាណា ដោយផលិតបានកុនឯកសារចំនួន៤៨រឿង ដែលឆ្លុះបញ្ចាំងពីតថភាពជុំវិញប្រទេសកម្ពុជា។

ក្នុងរយៈពេល ៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ មជ្ឈមណ្ឌលបុប្ផាណា បានបណ្តុះបណ្តាលយុវជន ៤ជំនាន់ ចំនួន៤៤នាក់ ឱ្យក្លាយជាអ្នកផលិតភាពយន្តឯកសារឆ្លុះបញ្ចាំងពីសង្គម និងវប្បធម៌។ ក្នុងនោះមានយុវជនមកពីសហគមន៍ដាច់ស្រយាល និងជនជាតិដើមភាគតិច តាមបណ្ដាខេត្តនានាជុំវិញប្រទេសកម្ពុជា ដូចជា ចាម្ប៍ កួយ ចារ៉ាយ កាវ៉េត និងទំពូនជាដើម។

យុវជនទាំងនេះ បានផលិតខ្សែភាពយន្តឯកសារសរុបចំនួន ៤៨ រឿង បង្ហាញពីចម្រុះភាពក្នុងសង្គម ដូចជាការយល់ដឹងពីជនជាតិដើមភាគតិច វប្បធម៌ បរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុ និងប្រវត្តិសាស្ត្រជាដើម។ លើសពីនេះ ស្នាដៃទាំងនេះ ត្រូវបានជ្រើសរើសឱ្យចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តល្បីៗ ទាំងក្នុងស្រុក និងក្រៅស្រុក ដូចជា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) មហោស្រពភាពយន្តនៅក្រុងឡុងប៊ិច សហរដ្ឋអាមេរិក និងនៅប្រទេសបារាំង ព្រមទាំងការបញ្ចាំងផ្ទាល់តាមសហគមន៍។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សានៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា លោក ជា សុភាព លើកឡើងថាស្នាដៃភាពយន្តឯកសាររបស់អតីតសិក្ខាកាម មិនត្រឹមតែជាសិល្បៈទស្សនីយភាព និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងរក្សាទុកនូវប្រពៃណី វប្បធម៌ ក៏ដូចជារឿងរ៉ាវនានារបស់សហគមន៍ដែលគេតែងតែមើលរំលងប៉ុណ្ណោះទេ ថែមទាំងជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការការពារអត្តសញ្ញាណជាតិ និងជំរុញឱ្យមានការជជែកដេញដោលក្នុងសង្គម។

លោក ជា សុភាព៖ «ថ្ងៃនេះមិនមែនជាទីបញ្ចប់ នៃដំណើររបស់អ្នកទាំងអស់គ្នានោះទេ តែវាជាការចាប់ផ្តើមចូលរួមចំណែកដល់អនាគតនៃវិស័យវប្បធម៌ និងការច្នៃប្រឌិតនៅកម្ពុជា។

យើងសង្ឃឹមថា អ្នកទាំងអស់គ្នានឹងបន្តនិទានរឿងរ៉ាវសង្គមដោយភាពស្មោះត្រង់ និងក្តីស្រឡាញ់ ដើម្បីជួយបន្លឺសំឡេងជំនួសសហគមន៍នានា ដែលរឿងរ៉ាវរបស់ពួកគេសក្តិសមនឹងទទួលបានការដឹងឮពីសង្គម»។

រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ទិត ថាវរិទ្ធ បានថ្លែងក្នុងថ្ងៃដដែលដែរថា ការរីកចម្រើននៃវិស័យភាពយន្តកម្ពុជា ទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីសមិទ្ធករវ័យក្មេង ដែលជាអ្នកបន្តវេន។ លោកបន្តថា ទោះបីជាយុវជនមានសក្តានុពលក៏ដោយ ប៉ុន្តែទាមទារការគាំទ្រ ឱកាស និងការផ្ទេរចំណេះដឹងប្រកបដោយវិជ្ជាជីវៈពីរៀមច្បងជំនាន់មុន។

លោក ទិត ថាវរិទ្ធ៖ «ខ្ញុំសូមអបអរសាទរចំពោះប្អូនៗទាំង ៤៤រូប ដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនៗឱ្យបន្តខិតខំប្រឹងប្រែងអនុវត្ត និងហ្វឹកហាត់ជំនាញនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង សម្រាប់ចាប់យកឱកាសការងារផង និងដើម្បីចូលរួមលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជាយើងឱ្យកាន់តែរីកចម្រើនផង»។

គម្រោង «ការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត និងការលើកកម្ពស់ការផ្លាស់ប្តូរការសិក្សានិងការអភិវឌ្ឍផ្នែកបណ្ណសារ តាមរយៈការផលិតភាពយន្តនៅកម្ពុជា» ដែលអនុវត្តដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក្រោមជំនួយហិរញ្ញវត្ថុ របស់មូលនិធិហេនរីលូស៍(The Henry Louce Foundation) តាមរយៈម៉ាយរៀដយូអេសអេ(Myriad USA) មិនត្រឹមតែ ជួយអភិរក្សវប្បធម៌ និងបន្លឺសំឡេងសហគមន៍ដាច់ស្រយាលប៉ុណ្ណោះទេ ថែមទាំងបានបើកឱកាសការងារយ៉ាងទូលំទូលាយជូនដល់សិក្ខាកាម ក្នុងវិស័យផលិតកម្ម ស្ថានីយ៍ទូរទស្សន៍ អង្គការសង្គមស៊ីវិល និងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិតនៅកម្ពុជា។

អតីតសិក្ខាកាមជំនាន់ទី១ ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ កញ្ញា កន ស្រីណិត ដែលបច្ចុប្បន្នកំពុងបម្រើការងារជាជំនួយការផ្នែកផលិត បានបង្ហាញចំណាប់អារម្មណ៍ថា មុនពេលចូលរៀន កញ្ញាមិនស្គាល់អ្វីជាការថតភាពយន្តឯកសារ ឬថតកុននោះទេ ប៉ុន្ដែក្នុងគម្រោងមួយនេះ បានបង្រៀនជំនាញជាច្រើនដល់កញ្ញា និងសិស្សដទៃទៀត ដូចជាការដឹកនាំរឿង ផ្នែកបច្ចេកទេសកាមេរ៉ា សំឡេង ការកាត់តវីដេអូ និងជំនាញផ្សេងៗទៀតទាក់ទងនឹងដំណើរការផលិតភាពយន្តឯកសារ។

មានដើមកំណើតពីខេត្តកំពង់ចាម ក្នុងវ័យ ២៩ឆ្នាំ កញ្ញា ស្រីណិត បានផលិតភាពយន្តឯកសារចំនួន ៥រឿង។ ក្នុងនោះរឿងសំខាន់មានដូចជា «នៅតែគិត» និយាយអំពីអ្នករើសសំរាមដើម្បីចិញ្ចឹមជីវិតនៅទីក្រុងភ្នំពេញ និងរឿង «យីកេកួយ» ដែលបង្ហាញអំពីក្រុមយីកេកួយស្ថិតក្នុងខេត្តកំពង់ធំ បានបាត់បង់យូរឆ្នាំហើយ ប៉ុន្ដែដោយចិត្តស្រឡាញ់ មិនចង់ ឱ្យបាត់បង់ កញ្ញាបានសហការនឹងក្រុមអតីតសិក្ខាកាមរួមជំនាន់ ព្យាយាមស្រាវជ្រាវ ប្រមូលពត៌មានពីក្រុមយីកេ រួចផ្គុំឱ្យចេញជាសាច់រឿង។

កញ្ញា កន ស្រីណិត៖ «នាងខ្ញុំសូមអរគុណដល់គ្រូបណ្ដុះបណ្ដាលដែលបានបង្ហាត់បង្រៀន និងមជ្ឈមណ្ឌលបុប្ផាណា សង្ឃឹមថាមជ្ឈមណ្ឌលបុប្ផាណានៅតែបន្តជ្រើសរើសសិក្ខាកាមមកបណ្ដុះបណ្ដាល ផ្តល់ឱកាសដល់យុវជនក្រោយ ដើម្បីបង្កើតសមត្ថភាពបន្តៗទៀត»។

ស្រដៀងគ្នានេះដែរ អតីតសិក្ខាកាមជំនាន់ទី២ ម្នាក់ទៀតគឺ លោក សេវ ភីម ជាជនជាតិដើមភាគតិចចារ៉ាយ វ័យ២៤ឆ្នាំ មកពីខេត្តរតនគិរី។ លោករម្លឹកឱ្យដឹងថា ពេលមករៀនជាលើកដំបូងនៅភ្នំពេញ លោកជួបប្រទះផលលំបាកទាំងផ្នែកភាសា និងការប្រាស្រ័យទាក់ទង។

យ៉ាងណា លោកថាការផ្ដល់ឱកាស ការជ្រោមជ្រែងពីមិត្តភក្តិរួមជំនាន់ លោកគ្រូអ្នកគ្រូ និងការប្ដេជ្ញាចិត្តមិនបោះបង់ បាននាំឱ្យលោកបញ្ចប់វគ្គសិក្សានេះ ដោយជោគជ័យ ដោយផលិតភាពយន្តឯកសារបានពីររឿង និងបច្ចុប្បន្ន លោក ភីម កំពុងបម្រើការងារក្នុងវិស័យភាពយន្តឱ្យផលិតកម្មមួយ ផ្នែកបច្ចេកទេសសំឡេង ខណៈមានគម្រោងផលិតរឿងខ្លួនឯងបន្តទៀត។

លោក សេវ ភីម៖ បើការងារខ្ញុំវិញ រយៈពេល ២ឆ្នាំហ្នឹង ខ្ញុំបានកាក់កបដែរ។ មួយរស់ៗ យ៉ាងណាចប់ទៅ បានការងារ យើងអាចចិញ្ចឹមខ្លួនឯងបាន ហើយបើមានឱកាសចង់ធ្វើរឿងខ្លួនឯងទៀត»។

សូមជម្រាបជូនថា មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា គឺជាទីកន្លែងប្រមូលផ្តុំ និងរក្សាទុកបណ្ណសារវីដេអូ ក៏ដូចជាភាពយន្តឯកសារនានាចាប់តាំងពីសម័យមុនរហូតដល់បច្ចុប្បន្ននៅកម្ពុជា។ លើសពីនេះ បុប្ផាណាក៏មានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផលិតភាពយន្ត និងរៀបចំកម្មវិធីវប្បធម៌ផ្សេងៗ ដូចជា ការតាំងពិព័រណ៍ បាឋកថា និងការបញ្ចាំងកុនជាដើម៕

អានអត្ថបទផ្សេងទៀតអំពី អប់រំ

អប់រំ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3110}" data-page="1" data-max-pages="1" data-start="1" data-end="1">