មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានសន្និដ្ឋានថា សត្វផ្សោតមួយក្បាល ដែលគេប្រទះឃើញងាប់នៅកំពង់ចម្លងស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល គឺបណ្តាលមកពីជាប់សន្ទូចរនង រួចទើបទៅជាប់មងនេសាទបន្ថែម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦។
តាមអ្នកជំនាញឱ្យដឹងទៀតថា សត្វផ្សោតឈ្មោលមួយក្បាលនេះ មានអាយុប្រមាណពី ១២ ទៅ ១៤ឆ្នាំ ប្រវែង ២ម៉ែត្រ និងទម្ងន់ ៦៤គីឡូក្រាម ធ្លាប់រស់នៅក្នុងតំបន់អន្លង់កាំពី ខេត្តក្រចេះ។ កាលសប្ដាហ៍កន្លងទៅ ផ្សោតដដែលនេះ បានជាប់មងនេសាទ ដោយប្រជានេសាទជួយសង្គ្រោះ រួចដោះលែងវិញ ប៉ុន្ដែមានស្ថានភាពសុខភាពទន់ខ្សោយខ្លាំង។
អ្នកជំនាញក្រសួង និងអង្គការ បញ្ជាក់៖ «ផ្អែកលើលទ្ធផលកោសល្យវិច័យលើស្នាមរបួស មន្ត្រីជំនាញសន្និដ្ឋានថា សត្វផ្សោតនេះអាចបាត់បង់ជីវិតដោយសារ ទាក់ជាប់សន្ទូចរនងជាមុនសិន រួចទើបមកជាប់នឹងមងនេសាទបន្ថែមទៀត ហើយក្រោយមកក៏ត្រូវបានរកឃើញអណ្តែត ស្លាប់នៅទីតាំងខាងលើ»។
ក្រសួងកសិកម្មបានបង្ហាញក្តីសោកស្តាយជាពន់ពេក និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រកបរបរនេសាទ ឱ្យបញ្ឈប់ជាដាច់ខាតនូវការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមការពារសត្វផ្សោតដែលនៅសេសសល់។
កាលពីឆ្នាំ២០២៣ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធ ជាពិសេសអភិបាលខេត្តក្រចេះ និងស្ទឹងត្រែង ឱ្យចាត់វិធានការតឹងរឹង ដោយហាមឃាត់ការនេសាទ ការដាក់មង និងការប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីធានាថាសត្វផ្សោតទន្លេមេគង្គនេះមិនជាប់មង ជាពិសេសមិនត្រូវឱ្យមានឧបករណ៍ ឬកត្តាមួយចំនួនមករំខាន សត្វផ្សោតជាដាច់ខាត ធ្វើយ៉ាងណាធានាថាសត្វផ្សោតរស់នៅមានសុវត្ថិភាព ១០០ភាគរយ។
សត្វផ្សោតទឹកសាប ភាគច្រើនរស់នៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ការដាក់មង ដាក់សន្ទួច និងប្រើប្រាស់ឧបករណ៍ឆក់ ដើម្បីចាប់ត្រីក្នុងទន្លេមេគង្គ គឺជាសត្រូវសម្រាប់សត្វផ្សោត និងជាហេតុចម្បងនាំឱ្យប៉ះពាល់ដល់ការរស់នៅ ការបង្កកំណើត និងបង្កឱ្យផ្សោតងាប់។
យ៉ាងណា បើតាមអាជ្ញាធរមូលដ្ឋាន និងក្រសួងកសិកម្ម បានអះអាងថា សត្វផ្សោតទន្លេមេគង្គ បានកើតឡើងជាបន្តបន្ទាប់ ខណៈអត្រាងាប់របស់សត្វផ្សោតបានថយចុះ។ របាយការណ៍ក្រសួងកសិកម្ម ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ បង្ហាញថាសត្វផ្សោតទន្លេមេគង្គកើតថ្មីមានសរុបចំនួន ៣២ក្បាល ស្របពេលចំនួនសត្វផ្សោតងាប់មានសរុបចំនួន ២៩ក្បាល។
តាមក្រសួងដដែល គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២៦នេះ កម្ពុជាមានសត្វផ្សោតទន្លេមេគង្គចំនួនសរុប ១១៧ក្បាល។
ក្រសួងក៏បានអំពាវនាវប្រជាពលរដ្ឋ ដែលប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ជួបគ្រោះថ្នាក់ ឬសង្កេតឃើញមានសកម្មភាពនេសាទល្មើសច្បាប់ ឱ្យផ្ដល់ព័ត៌មានជាបន្ទាន់មកកាន់សមត្ថកិច្ចជលផល តាមរយៈខ្សែទូរស័ព្ទលេខ៖ ០១២ ៨៩៧ ៩៤៣ ០១១ ៣៥៥ ៨៨៣ ០៩៩ ៧៩១ ៩១៩ ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕







