ប្រធានកបបខេត្តបាត់ដំបងត្រូវបណ្ដេញចេញពីក្របខណ្ឌ បន្ទាប់ពីលោក ហ៊ុន សែនរិះគន់ចំណាត់ការករណីលក់ទុរេនថៃ

អភិបាលកិច្ច

(អតីតប្រធានកបបខេត្តបាត់ដំបង(ពាក់មួកចង្អុល) ទៅជួបអាជីវករលក់ទុរេននៅផ្សារភូពុយខេត្តបាត់ដំបងកាលពីដើមខែឧសភា (រូបភាពផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

ប្រធានសាខាកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងនៃខេត្តបាត់ដំបង គឺ លោក គឹម ប្រុសត្រូវ ក្រសួងពាណិជ្ជកម្មសម្រេចបញ្ចប់មុខតំណែងនិងលុបឈ្មោះចេញពីក្របខណ្ឌ បន្ទាប់ពី លោក ហ៊ុន សែនរិះគន់ចំណាត់ការរបស់មន្ត្រីរូបនេះករណីលក់ទុរេនថៃ។ 

សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អ្នកស្រី ចម និម្មល​ បានសម្រេចបណ្ដេញលោក គឹម ប្រុស ចេញពីការងារ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦។ ចំណាត់ការរបស់អ្នកស្រី ចម និម្មល ធ្វើឡើងមួយថ្ងៃបន្ទាប់ពី ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានរិះគន់មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង ថាផ្តល់ព័ត៌មានមិនពិតថាជាទុរេនក្នុងស្រុក និង បានស្នើឱ្យចាត់វិធានការដកមន្ត្រីពាក់ព័ន្ធដើម្បីព្រមានមន្ត្រីដទៃកុំឱ្យកុហកថ្នាក់លើ និងកុហកប្រជាពលរដ្ឋ។ លោកមានប្រសាសន៍បែបនេះក្នុងជំនួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមូលដ្ឋាននៅខេត្តស្វាយរៀងកាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៦។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ មិនអាចសុំការបញ្ជាក់បន្ថែមករណីនេះនៅឡើយទេ ដោយលោកបានប្រាប់ឱ្យផ្ញើសំណួរតាម Telegram ព្រោះកំពុងជាប់ប្រជុំ។

មុនការសម្រេចដកចេញពីក្របខណ្ឌ លោក គឹម ប្រុស ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប. ផ្ទេរភារកិច្ចឱ្យមកជួយការងារនៅនាយកដ្ឋានកិច្ចការប្រកួតប្រជែង ហើយ អនុប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបងលោក ចេង ជីវ័ន្ត ត្រូវបានតែងតាំងជាប្រធានវិញ។ នេះបើយោងតាមលិខិតចុះ របស់អគ្គនាយក ក.ប.ប. លោក គឹម មាសសុខសីហា នៅថ្ងៃទី៦ ខែឧសភា និងត្រូវផ្សាយជាសាធារណៈនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៦។

ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានគាំទ្រចំពោះការអនុវត្តវិន័យលើក្នុងការដាក់ដំណែងលើមន្ត្រីរាជការព្រោះប្រទេសមានច្បាប់ត្រូវតែគោរពច្បាប់ជាធរមាន។
លោកលើកឡើងថា ៖«ខ្ញុំមើលឃើញថាត្រូវពង្រឹងច្បាប់មិនត្រូវអត់ឱនទោះអ្នកឯងជាស្អីក៏ដោយគឺថាត្រូវតែគោរពច្បាប់។ លោកបន្តថា៖ «ទំនិញគេចពន្ធគឺខាតថវិកាជាតិ ទំនិញគេចពន្ធនឹងប៉ះពាល់ដល់ផ្នែកសុខភាព សុខុមាលភាពប្រជាពលរដ្ឋ »។

ស្រដៀងគ្នានេះ នាយិកាប្រតិបត្តិ នៃអង្គការតម្លាភាពកម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារីបានសម្តែងការគាំទ្រចំពោះការអនុវត្តច្បាប់ ដើម្បីធានាតម្លាភាព និងយុត្តិធម៌ក្នុងសង្គម។ អ្នកស្រីមានប្រសាសន៍ ក្រៅពីអនុវត្តច្បាប់ និងទោសទណ្ឌ ការពង្រឹងសមត្ថភាព មន្ត្រីក្នុងការអនុវត្តដោយត្រឹមត្រូវ រួមទាំងការផ្សព្វផ្សាយពីច្បាប់ និងបទបញ្ញាតិនានា ដើម្បីអោយពលរដ្ឋបានយល់ដឹងក៏មានសារៈសំខាន់ផងដែរ។

អ្នកស្រីបន្ថែមថា៖«ក្រោយការស៊ើបអង្កេតនានា ត្រូវផ្សព្វផ្សាយលទ្ធផលនៃការស៊ើបអង្កេត ជូនសាធារណជន បន្ថែមទៀតផង»។

កាលពីដើមខែឧសភា ឆ្នាំ២០២៦ មានការចែករំលែកសារសំឡេងរបស់ស្ត្រីម្នាក់នៅខេត្តបាត់ដំបង ដែលអះអាងពីការនាំចូលទុរេនពីថៃចូលមកកម្ពុជា។ បញ្ហានេះបានបង្កការព្រួយបារម្ភពីសុវត្ថិភាពចំណីអាហារ និងការគេចពន្ធ។ឆ្លើយតបករណីនេះ សេចក្តីបំភ្លឺរបស់សាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង បានទៅដល់ទីតាំងលក់ទុរេននិងចេញសេចក្ដីបំភ្លឺដោយអះអាងថា ទុរេនដែលដាក់លក់នៅផ្សារភូពុយ មានប្រភពពីតំបន់ក្នុងស្រុក និងការបញ្ជាទិញតាមអនឡាញ ដោយមិនមានភស្តុតាងថានាំចូលពីថៃឡើយ។

លុះប៉ុន្មានថ្ងៃក្រោយមកនគរបាលនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសុទ្ធតែបានរកឃើញថាទុរេននេះមានប្រភពមកពីថៃដោយស្ត្រីម្នាក់អឿន សាក់ឡែន និងឈ្មោះ ព្រុំ សុខណយនាំចូលមកលក់នៅផ្សារភូពុយខេត្តបាត់ដំបង។ តំណាងអយ្យការបានចោទប្រកាន់អ្នកលក់ទុរេនពាក់ព័ន្ធបទល្មើសលួចនាំចូលទំនិញគេចពន្ធ (ផ្លែទុរេន) តាមច្រកទ្វារតំបន់អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីខែមេសា ឆ្នាំ២០២៦។តំណាងអយ្យការបានបញ្ជាក់​ថា ទំនិញដែលនាំចូលទាំងនោះ មិនមានការអនុញ្ញាត និងមិនបានបង់ពន្ធគយត្រឹមត្រូវឡើយ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2548}" data-page="1" data-max-pages="1" data-start="1" data-end="1">