រដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យភាគីពាក់ព័ន្ធបង្កើនការយកចិត្តទុកដាក់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ឫសគល់នៃបញ្ហាគ្រឿងញៀន។ នេះបើតាមសារលិខិតរបស់រាជរដ្ឋាភិបាលស្ដីពី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនៅថ្ងៃទី២៦ ខែមិថុនា។
រដ្ឋាភិបាលជម្រុញឱ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនពង្រឹងវិធានការប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឆ្លើយតបឱ្យសមស្របទៅនឹងស្ថានភាពពិភពលោកដែលវិវឌ្ឍដ៏សែនលឿនរហ័សខុសពីការរំពឹងទុក ជាពិសេសឈរលើ គោលការណ៍រួបរួមគ្នាពីកម្លាំងចលករគ្រប់វិស័យ ក្រោមស្មារតីក្នុងការចាត់ទុកបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទំនួលខុសត្រូវរួមរបស់សង្គមជាតិទាំងមូល។
សារលិខិតសរសេរថា៖ «ទីផ្សារគ្រឿងញៀននៅកម្ពុជាត្រូវបានកាត់បន្ថយ ដោយប្រជាពលរដ្ឋ ជាពិសេស យុវជន យុវនារី សិស្សានុសិស្ស ចាប់ផ្តើមមានការយល់ដឹងជ្រាលជ្រៅអំពីវិនាសកម្មនៃគ្រឿងញៀន ដោយខ្លួនមិនមានការភ្លើតភ្លើន ចង់សាក ចាញ់បោក ឬរងការចាប់បង្ខំណាមួយ ឱ្យខ្លួនធ្លាក់ក្នុងអន្លង់នៃ គ្រឿងញៀនឡើយ»។
សារលិខិតបង្ហាញថាក្នុងចំណោមតួលេខគ្រឿងញៀនឆ្លងកាត់ប្រទេសកម្ពុជា គឺមានតែប្រមាណ ១៥ទៅ២០% ប៉ុណ្ណោះ ត្រូវបានប៉ុនប៉ង ជួញដូរនិងចរាចរក្នុងប្រទេស ចំណែកឯ ៨០ទៅ៨៥%ទៀត ត្រូវបានចរាចរក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលបានបញ្ជាឱ្យកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ យកចិត្តទុកដាក់ពង្រឹងការបង្ក្រាប និងបោសសម្អាតបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋាន ដោយប្រើប្រាស់ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ សំដៅលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅក្នុងសហគមន៍។
សារលិខិតរំឭឹកថា៖ «រាល់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាចំណុះក្រសួង ស្ថាប័ន ទាំងអស់ ត្រូវបន្តភាពស្អាតស្អំ និងភាពជាគំរូនៃការអនុវត្តច្បាប់របស់ខ្លួន ដោយត្រូវជៀសដាច់ខាតពីការប្រើប្រាស់ និងការពាក់ព័ន្ធទៅនឹងគ្រឿងញៀននិងសារធាតុញៀនខុសច្បាប់នានា»។
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក នេត សាវឿន ថ្លែងក្នុងពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៥ ខែមិថុនា ថា ការបង្ក្រាបបទល្មើសគ្រឿងញៀននៅឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលវិជ្ជមាន ដោយបរិមាណគ្រឿងញៀនប៉ុនប៉ងនាំចូលមកកម្ពុជាមានការថយចុះ ខណៈទីតាំងផលិត និងកែច្នៃគ្រឿងញៀនខុសច្បាប់ ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង។
លោកបានថ្លែងថា៖ «ដោយបានឃើញការបន្តចូលរួមយ៉ាងសកម្ម និងច្រើនកុះករពីសំណាក់គ្រប់មជ្ឃដ្ឋានគ្រប់វិស័យនៃសង្គមជាតិយើង ដែលនេះពិតជាបង្ហាញយ៉ាងច្បាស់ពីស្មារតីជាតិ ការរួបរួមដ៏រឹងមាំមួយក៏ដូចជាការប្ដេជ្ញាចិត្តយ៉ាងមុះមុតរបស់សង្គមកម្ពុជា ក្នុងការចាត់ទុកគ្រឿងញៀនជាកាតព្វកិច្ច និងទំនួលខុសត្រូវរួម»។
ពាក់ព័ន្ធនឹងករណីគ្រឿងញៀននេះ ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណរ៉ា ថ្លែងថា ដើម្បីអាចលុបបំបាត់បញ្ហាគ្រឿងញៀនបាន រដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈស្វែងរកឫសគល់ដែលនាំឱ្យមានការនាំចូល និងពង្រឹងការបង្ក្រាបទាំងអ្នកប្រើប្រាសប្រាស់ និងអ្នកនាំចូលឱ្យបាន ដោយមិនមានស្តង់ដារពីរ។ លោកអំពាវនាវថា អាជ្ញាធរក៏ត្រូវស្វែងរកឫសគល់នៃមន្ត្រី ឬជនមានអំណាចដែលលួចនាំចូល និងបើកដៃ ឬចូលរួមចែកចាយគ្រឿងញៀននៅក្នុងសង្គម ទើបជាវិធានការមួយដ៏មានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖ «យើងត្រូវមើលអំពីដើមហេតុថាតើការជួញដូរគ្រឿងញៀន ការចែកចាយគ្រឿងញៀនហើយអ្នកនៅពីក្រោយដែលមានលទ្ធភាពហ្នឹងជាអ្នកមានអំណាច ជនទុច្ចរិតដែលយកបុណ្យស័ក្តរបស់ខ្លួនមកបិទបាំងការជួញដូរគ្រឿងញៀន ចែកចាយគ្រឿងញៀន»។
លោកបន្ថែមថា៖ «ទី១ការអនុវត្តច្បាប់ឱ្យបានប្រាកដប្រជា ទី២ច្បាប់ត្រូវតែយកទៅអនុវត្តចាត់វិធានការហ្នឹងដោយមិនប្រើនូវការយោគយល់ អត់ឱនឬក៏ការកាត់ក្ដីការចាប់ចងទារុណកម្មបែបណាៗគ្មានស្តង់ដារពីរទេ គ្មានកូនអ្នកធំអ្នកតូច អ្នកមានអ្នកក្រ»។
លោក សុវណ្ណរ៉ា មានប្រសាសន៍ថាអាជ្ញាធរត្រូវធ្វើការស៊ើបអង្កេតអ្នកនៅពីក្រោយខ្នងលើអ្នកនាំចូលចែកចាយ ដោយមានការចូលរួមពីមន្ត្រីនគរបាល និងអ្នកពាក់ព័ន្ធ ជាពិសេសអំពើពុករលួយក្នុងវិស័យនេះត្រូវតែលុបបំបាត់។
ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា គ្រឿងញៀនជាបញ្ហាចាក់ស្រេះនៅក្នុងសង្គមខ្មែរជាពិសេសក្រោមស្រទាប់យុវជន ដែលបញ្ហាជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ។ ដើម្បីលុបបំបាត់បញ្ហានេះ លោកអំពាវនាវឱ្យភាគីពាក់ព័ន្ធលុបបំបាត់អំពើពុករលួយក្នុងការគប់គិតគ្នានាំចូល និងចែកចាយ ជាពិសេសមន្ត្រីអនុវត្តច្បាប់ខ្លួនឯងហ្នឹងត្រូវចៀសឱ្យឆ្ងាយពីបញ្ហានេះ ហើយធ្វើការយ៉ាងសកម្មផងដែរ។
លោកប្រសាសន៍ថា៖ «ត្រូវតែចាត់វិធានការដាច់ខាតទោះបីជាមន្រ្តីក៏ដោយ សមត្ថកិច្ចពាក់ព័ន្ធក៏ដោយ អ្នកពាក់ព័ន្ធមានឋានន្តរសក្ដិប៉ុណ្ណាក៏ដោយឱ្យតែពាក់ព័ន្ធនឹងបញ្ហាជួញដូរ និងបញ្ហាគ្រឿងញៀនត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឱ្យខានតែបាន»។
លោកបន្ថែមថា៖ «បញ្ហាគ្រឿងញៀននេះវារីករាលដាលរហូតទៅដល់ជនបទទៅទៀត។ វានៅតែជាក្តីបារម្ភលើបញ្ហានេះ។ ហើយបញ្ហាគ្រឿងញៀននេះយើងឃើញហើយថាមានបណ្តាញ។ វាមិនត្រឹមតែកើតនៅតំបន់អាស៊ី ប៉ុន្តែពិភពលោក អីចឹងវាជាបណ្ដាញមួយចាក់ស្រេះ»។
គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចកម្ពុជាបានបង្ក្រាបបទល្មើសសរុប ១០ ៧៤៣ករណី និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជិត ២៨ ០០០នាក់ កាលពីឆ្នាំ២០២៥កន្លងទៅ។ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនដដែលនេះ សមត្ថកិច្ចបានដកហូតគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនសរុបប្រមាណជាង ៤៨ ០០០គីឡូក្រាម និងបិទទីតាំងអាជីវកម្មចំនួន ១២កន្លែង។
នៅឆ្នាំ២០២៥ លទ្ធផលបង្រ្កាបបទល្មើសជារួមមានការកើនឡើង១,០៦% ប៉ុន្ដែបរិមាណគ្រឿងញៀនចាប់យក ថយចុះ ៦០,៤៥% បើប្រៀបធៀបឆ្នាំ២០២៤ ក្នុងនោះ គ្រឿងញៀនចរាចរឆ្លងកាត់តាមព្រំដែនគោក មានប្រមាណ៥៤% (ភាគឦសាន នៅខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ប្រមាណ៤៨% និងភាគពាយ័ព្យ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ប្រមាណ៦%)។ នេះបើតាមទិន្នន័យរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ.)៕







