ជលផលប្រកាសបិទរដូវនេសាទនៅរដូវត្រីពងចាប់ពីថ្ងៃទី១ មិថុនា

អភិបាលកិច្ច

(ក្រុមមន្ត្រីជលផលចុះបង្ក្រាបបទល្មើសនេសាទនាពេលកន្លងទៅ។រូបភាពអគ្គនាយកដ្ឋានជលផល)។

អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសបិទរដូវនេសាទក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប រយៈពេលពី ៤ ទៅ ៥ខែ នៅរដូវត្រីពងក្នុងឆ្នាំ២០២៦។ នោះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានជលផល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦។

សេចក្ដីជូនដំណឹងនេះ ណែនាំឱ្យសាធារណជន និងអ្នកនេសាទទាំងអស់ ចូលរួមសហការ អនុវត្ត ដើម្បីថែរក្សាការពារធនធានជលផលឱ្យបានគង់វង្ស។ ក្នុងនោះ ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ហាមធ្វើនេសាទទ្រង់ទ្រាយធំ ក្នុងតំបន់គ្រប់គ្រងជលផលទឹកសាប តាមបណ្ដាខេត្តដូចជា កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។

ដោយឡែក ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ហាមសកម្មភាពនេសាទទ្រង់ទ្រាយធំ នៅតាមបណ្ដាខេត្តដូចជា ព្រៃវែង ស្វាយរៀង តាកែវ កំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ។

អគ្គនាយកដ្ឋានជលផល បញ្ជាក់៖ «នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើតែឧបករណ៍នេសាទខ្នាតតូច ស្របតាម បទប្បញ្ញត្តិច្បាប់ស្តីពីជលផល»។

របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ការប្រមូលផលត្រីទឹកឡសាបឆ្នាំ២០២៥ កើនឡើងប្រមាណ ១០ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដោយឆ្នាំ២០២៥ ប្រមូលបានចំនួនជាង ៥០ម៉ឺនតោន កើនឡើងជិត ៤ម៉ឺនតោនធៀបនឹងឆ្នាំ២០២៤។

ឯរបាយការណ៍អគ្គនាយកដ្ឋានជលផល ឱ្យដឹងដែរថា ប្រជាជនកម្ពុជាម្នាក់ៗហូបត្រីស្រស់ជាមធ្យមប្រមាណ ៣៧,៥ គីឡូក្រាមក្នុងរយៈពេលមួយឆ្នាំ៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2636}" data-page="1" data-max-pages="1" data-start="1" data-end="1">