ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំជាថ្មី ដាក់បម្រាមដាច់ខាតលើការផ្សព្វផ្សាយពាណិជ្ជកម្ម និងចាប់ដៃគូជាមួយឧស្សាហកម្មផលិតសារធាតុគីមីសម្រាប់ជក់ និងបារីអេឡិចត្រូនិក ដើម្បីការពារសុខភាពសាធារណៈ និងធនធានមនុស្ស។ នេះបើតាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី០៦ ឧសភា ឆ្នាំ២០២៦។
សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យអង្គភាពរដ្ឋ រដ្ឋបាលខណ្ឌ សង្កាត់ និងវិស័យឯកជនអនុវត្តបម្រាម និងផ្សព្វផ្សាយបន្ថែមឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព លើចំណុចសំខាន់ៗ ដូចជា ហាមឃាត់ការផ្សាយពាណិជ្ជកម្ម នូវរាល់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងឧបករណ៍ជក់គ្រប់ប្រភេទ។ ហាមការសហការ ដោយមិនឱ្យមានការចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ ក្នុងកម្មវិធីសប្បុរសធម៌ កីឡា ឬសិល្បៈជាដើម។ ហាមការឧបត្ថម្ភ ដោយមិនឱ្យទទួលយកការគាំទ្រ ឬចុះអនុស្សរណៈ (MOU) ជាមួយអ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីន និងហាមផ្តល់ទីតាំង ដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ទីធ្លាសាធារណៈសម្រាប់ពិព័រណ៍ ឬកម្មវិធីផ្សព្វផ្សាយផលិតផលបារី និងថ្នាំជក់គ្រប់ប្រភេទ។
រដ្ឋបាលរាជធាភ្នំពេញបញ្ជាក់ថា៖ «បម្រាមទាំងនេះ ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិ និងយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសរយៈពេលវែង ក៏ដូចជាទប់ស្កាត់ បង្ការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងរក្សាការពារសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសមន្ត្រីរាជការ សិស្ស បុគ្គលិកសិក្សា»។
ទាក់ទងនឹងការប្រើប្រាស់បារីអេឡិចត្រូនិកនេះ អនុប្រធាននាយកដ្ឋានមួយចំណុះឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃក្រសួងមហាផ្ទៃ គឺលោក ខៀវ សុងច័ន្ទសុធា បានបង្កការភ្ញាក់ផ្អើលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌច្បារអំពៅ ដោយលោកបានប្រើសម្តីមិនសមរម្យ និងបានជក់បារីអេឡិចត្រូនិក កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
ករណីនេះ បង្កការរិះគន់យ៉ាងខ្លាំង ពីសំណាក់សាធារណជន ដែលថាទង្វើបង្ហុយផ្សែងបារីអេឡិចត្រូនិក ដែលឃើញតាមកាមេរ៉ាអ្នកសារព័ត៌មាន គឺផ្ទុយនឹងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ យ៉ាងណា នៅថ្ងៃទី៣០ មេសា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានទម្លាក់ឋានន្តរស័ក្តិ លោក ខៀវ សុង ច័ន្ទសុធា ពីស័ក្តិ៥ មកនៅស័ក្តិ៤កន្លះវិញ បន្ទាប់ពីមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន ខណៈរកមិនឃើញមានសារធាតុញៀនលើរូបលោកនោះទេ។
ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) លោកវេជ្ជបណ្ឌិត មុំ គង់ បានឱ្យដឹងថា សេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនឱ្យចាប់ដៃគូជាមួយក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនដែលផលិតផលិតផលមានជាតិនីកូទីន ដូចជាបារីអេឡិចត្រូនិច HTP ជាដើមនោះ ជារឿងល្អ សម្រាប់ផលប្រយោជន៍សង្គម ការពារធនធានមនុស្ស ការពារយុវជន និងការពារកុមារ។
ដ្បិតរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ដាច់ខាតរួចហើយ លើឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ក៏ពិតមែន ប៉ុន្តែលោក មុំ គង់ ជំរុញឱ្យស្ថាប័នពាក់ព័ន្ធ អនុវត្តច្បាប់ និងចាត់វិធានការឱ្យបានតឹងរ៉ឹង និងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុគីមីសម្រាប់ជក់ និងបារីអេឡិចត្រូនិកឱ្យបានច្រើន។
ក្នុងនោះដែរ លោកវេជ្ជបណ្ឌិតរូបនេះ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការតាមច្បាប់ ប្រសិនឃើញនៅតែមានកន្លែងផ្តល់ទីកន្លែងឱ្យក្រុមហ៊ុនថ្នាំជក់ ឬក្រុមហ៊ុនផលិតផលនីកូទីន ធ្វើការផ្សព្វផ្សាយ តាំងពិព័រណ៍ ឬធ្វើសន្និសីទផ្សេងៗ។
លោកវេជ្ជបណ្ឌិត មុំ គង់៖ «គោលបំណងនៃសេចក្តីណែនាំនេះ គឺដើម្បីការពារធនធានមនុស្សកម្ពុជា កុំឱ្យធ្លាក់ក្នុងការប្រើប្រាស់ផលិតផលទាំងអស់នោះ។ ដូច្នេះ ប្រសិនបើអ្នកប្រព្រឹត្តល្មើស គឺត្រូវទទួលទោស»។
លោកបន្ត៖ «ឧទាហរណ៍ថា បើគាត់ជាអ្នកប្រើប្រាស់ ជាមន្ត្រីរាជការ ឬកងទ័ពរាជអាវុធហត្ថ ជាកងកម្លាំងជាដើម ប្រសិនបើនៅតែជក់ ឬប្រើប្រាស់ ខាងស្ថាប័នត្រូវមានលិខិតលាយលក្ខណ៍អក្សរ ដកហូតឧបករណ៍សម្រាប់ជក់ ហើយនឹងដាក់ទណ្ឌកម្មតាមលក្ខខណ្ឌមន្ត្រីរាជការ ឬលក្ខខណ្ឌយោធិន។ ហើយសម្រាប់អ្នកដែលផ្សព្វផ្សាយ លក់ និងនាំចូល ក៏ត្រូវទទួលរងនូវការពិន័យដូចជាដកហូតអាជ្ញាប័ណ្ណអាជីវកម្មជាដើម»។
អង្គការចលនាដើម្បីសុខភាពកម្ពុជា (CMH) ឱ្យដឹងថា នៅកម្ពុជាមានប្រជាពលរដ្ឋប្រមាណ ១ម៉ឺន៥ពាន់នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ បណ្ដាលមកពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ដូចជា ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់ជាដើម។ ក្នុងនោះអង្គការថាមាន ៣៣% នៃចំនួនអ្នកស្លាប់ ជាប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ ជាងនេះទៅទៀត ការប្រើប្រាស់ថ្នាំជក់បណ្ដាលឱ្យខាតបង់ប្រាក់ប្រមាណ ៦៤៩លានដុល្លារសហរដ្ឋអាមេរិកក្នុង១ឆ្នាំ ឬស្មើនឹង ៣% នៃទំហំផលិតក្នុងស្រុកសរុបរបស់កម្ពុជា។
កាលពីខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចេញបទបញ្ជា ហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក។ ក្នុងនោះ ចំណុចទី៩ នៃបទបញ្ជា បានសង្កត់ធ្ងន់ថា៖ «គ្រប់ស្ថាប័នត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រីរាជការ មន្ត្រីនគរបាល និងយោធិនណា ដែលជក់ ឬពាក់ព័ន្ធនឹងបារីអេឡិចត្រូនិក»៕







