គយកម្ពុជាហាមដាច់ខាតការលួចនាំចូលទុរេនខុសច្បាប់ពីប្រទេសថៃ

អភិបាលកិច្ច

មេគយលោក គុណ ញឹម ថ្លែងក្នុងកម្មវិធីមួយរបស់អគ្គនាយកដ្ឋានគយនិងទុរេនទុំ នៅស្រុកទឹកឈូ ខេត្តកំពតត្រូវបានប្រមូលផលត្រៀមដឹកទៅលក់នៅផ្សារទំនើប ជីប ម៉ុង នៅក្នុងខែឧសភា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានគយចាត់វិធានការទប់ស្កាត់ការលួចនាំចូលទុរេនថៃខុសច្បាប់មកកម្ពុជាតាមគ្រប់ច្រកព្រំដែន រាប់បញ្ចូលទាំងច្រករបៀង កំពង់ផែ និងការដឹកជញ្ជូនឆ្លងកាត់តាមប្រទេសឡាវ ឬប្រទេសវៀតណាម។

សេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឱ្យដឹងថា ផ្លែទុរេនមកពីប្រទេសថៃជាទំនិញហាមឃាត់ដាច់ខាតលើការនាំចូល។ រីឯការនាំចូលទុរេន ពីប្រទេសដទៃ ត្រូវអនុវត្តតាមខ្លឹមសារលិខិតលេខ ២១០៧/២៥ អគរ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាពិសេស ការតម្រូវឱ្យមានភ្ជាប់មកជាមួយនូវវិញ្ញាបនបត្រភូតគាមអនាម័យពីប្រទេសនាំចេញ។

អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា អ្នកស្រី ព្រុំ ទេវី គាំទ្រទៅនឹងចំណាត់ការខាងលើ ដោយសារការនាំចូលទុរេនថៃខុសច្បាប់មកកម្ពុជា គឺពុំបានឆ្លកកាត់ការបង់ពន្ធត្រឹមត្រូវ និងជាទំនិញដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព។

អ្នកជំនាញរូបនេះសង្កត់ធ្ងន់ថា៖ «យើងគួរបន្តពហិការទំនិញមកពីថៃបន្តទៀត ដរាបណាគេមិនឱ្យតម្លៃយើង ហើយយើងក៏កុំជួយលើកទឹកចិត្តគេតាមរយៈការប្រើប្រាស់ទំនិញគេអី ពីព្រោះទំនិញដែលថៃមាន បើយើងមិនមានផ្ទាល់ទេ ក៏យើងមានទំនិញពីប្រទេសផ្សេងជាជម្រើសសម្រាប់ទិញបានដែរ»។

កាលពីពេលថ្មីៗនេះ មានការបែកធ្លាយព័ត៌មានពីការទិញ លក់ផ្លែទុរេននាំចូលពីប្រទេសថៃ ហើយដែលបន្ទាប់មក ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ អា ឡែន បានចូលខ្លួនមកបំភ្លឺនៅចំពោះមុខសមត្ថកិច្ចជុំវិញការផ្សព្វផ្សាយក្នុងបណ្តាញសង្គម ដែលរូបគេបានលួចនាំចូលទុរេនគេចពន្ធពីថៃមកកម្ពុជាតាមច្រកព្រំដែន ថាជារឿងពិតប្រាកដមែន។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបុគ្គលរូបនេះ អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានសម្រេចចោទប្រកាន់បន្ថែមលើជនសង្ស័យម្នាក់ទៀតឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា អាយុ ២៦ឆ្នាំ ពីបទផ្ដើមគំនិតក្នុងការលួចនាំចូលទំនិញគេចពន្ធនេះផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ អ្នកស្រី ព្រុំ ទេវី ពន្យល់ថា ផលប៉ះពាល់នៃការនាំចូលទំនិញពីក្រៅប្រទេសមានច្រើនប្រភេទ មិនមែនមានតែការនាំចូលទុរេននោះទេ នៅមានប្រភេទភេសជ្ជៈផ្អែម ដែលធ្វើឱ្យខូចសុខភាព។ មួយវិញទៀត នៅមានការនាំចូលទំនិញដែលជិតផុតកំណត់ចូលមកកែច្នៃ កែការវេចខ្ចប់ ហើយកែសម្រួលថ្ងៃខែផុតកំណត់ថ្មីយកមកលក់ក្នុងស្រុក និងលក់ក្នុងតម្លៃទាបធ្វើឱ្យប្រជាជនទិញច្រើន ដែលនេះជាបញ្ហាប្រឈមធ្ងន់ដល់សុខភាព។

ប្រភពដដែលនិយាយថា៖ «ការទប់ស្កាត់នាំចូលទុរេនខុសច្បាប់ គ្រាន់តែជាចំណុចតូចមួយ ប៉ុន្តែនៅមានច្រើនទៀតដែលត្រូវទប់ស្កាត់ ព្រោះថាមនុស្សម្នាក់បើចាប់ផ្ដើមឈឺហើយមិនដឹងឈឺប៉ុន្មានមុខទេ ហើយមិនមែនមានន័យថា មនុស្សកើតមកមិនឈឺទេ មនុស្សតែងតែឈឺហើយតែកាលណាយើងហូបចុកមិនប្រក្រតីគឺឈឺច្រើនមុខពិបាកព្យាបាលណាស់»។

ជាមួយគ្នានេះដែរ ម្ចាស់ចម្ការទុរេនម្នាក់នៅស្រុកទឹកឈូ ខេត្តកំពត អ្នកស្រី សៀង ផល្លី បានរៀបរាប់ថា គាត់ដាំដុះទុរេនចំនួន ៤០០ ដើម ប៉ុន្តែនៅពេលប្រមូលផល គឺបានតែ១០០ដើមប៉ុណ្ណោះ ខណៈ ៣០០ ដើមផ្សេងទៀត ខ្លះងាប់ ខ្លះមិនបានផ្តល់ផលនោះឡើយ។ បច្ចុប្បន្ន គ្រួសារអ្នកស្រីបានប្រមូលផលទុរេននៅចម្ការរួចហើយ និងបានលក់ចេញទៅកាន់ផ្សារទំនើប ជីប ម៉ុង នៅរាជធានីភ្នំពេញ ព្រមទាំងបានលក់នៅតាមអនឡាញខ្លះ និងនៅចម្ការផ្ទាល់ខ្លះទៀត។

អ្នកស្រីថាសប្បាយចិត្ត នៅពេលឮថា រដ្ឋាភិបាលទប់ស្កាត់ការនាំចូលទុរេនខុសច្បាប់មកកម្ពុជា ព្រោះបានជួយដល់កសិករខ្មែរ និងធ្វើឱ្យមានការកើនឡើងចំណូលក្នុងស្រុក ដែលជួយសេដ្ឋកិច្ចប្រទេសទៀតផង។ ក្នុងនាមជាអ្នកដាំដុះទុរេនធម្មជាតិរបស់ខ្មែរ អ្នកស្រីចង់ឱ្យមនុស្សគ្រប់គ្នាបានស្គាល់ច្បាស់ពីអត្តសញ្ញាណ និងរសជាតិទុរេនខេត្តកំពតពិតប្រាកដ ដោយកុំឱ្យជឿតាមការបោកបញ្ឆោតរបស់ជនឆ្លៀតឱកាសមួយចំនួន។

ម្ចាស់ចម្ការខាងលើអះអាងថា ទុរេនរបស់គាត់គឺធម្មជាតិសុទ្ធសាធព្រោះមិនបានបាញ់ថ្នាំអ្វីធ្វើឱ្យប៉ះពាល់ដល់សុខភាពទេ ដោយបានត្រឹមតែបាញ់ថ្នាំសម្លាប់សត្វល្អិតការពារស្លឹកខ្លះប៉ុណ្ណោះ។ ទុរេននៅចម្ការអ្នកស្រីត្រូវបានចុះបញ្ជី និងឆ្លងកាត់ការត្រួតពិនិត្យជាមួយក្រសួងកសិកម្មត្រឹមត្រូវ មិនមែនគិតតែដាំលក់រកប្រាក់ចំណេញមួយមុខនោះទេ។

អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតពីសុខភាពភ្ញៀវ សុខភាពខ្ញុំ និងអ្នកដែលមកទិញ ធ្វើម៉េចឱ្យញ៉ាំទៅល្អទាំងអស់គ្នា បើសិនខ្ញុំដាំទៅលក់ឱ្យគេហូបប៉ះពាល់សុខភាព ខ្ញុំបានលុយមកក៏មិនសប្បាយចិត្តចឹងខ្ញុំមិនធ្វើទេ»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា ការភូតភរ ការបោកប្រាស់ និងការក្បត់សីលធម៌ ហាក់បានក្លាយជាវប្បធម៌ទូទៅក្នុងសង្គមទៅហើយ ដោយជនទុច្ចរិតមួយចំនួនឱ្យតែបានផលប្រយោជន៍ផ្ទាល់ខ្លួន គឺហ៊ានធ្វើគ្រប់បែបយ៉ាងដោយគ្មានសេចក្ដីអៀនខ្មាសបន្តិចណាឡើយ។

លោកសង្កត់ធ្ងន់ថា៖ «គ្រាន់តែរឿងទុរេនប៉ុណ្ណឹង យើងមិនអាចស្វែងរកសច្ចភាពដើម្បីកសាងទំនុកចិត្តគ្នាបានផង តើយើងអាចរំពឹងឱ្យសង្គមនេះវេញត្របាញ់ចូលគ្នាជាធ្លុងមួយ ដើម្បីទប់ទល់នឹងសត្រូវឈ្លានពានដោយរបៀបណាទៅ?»។

ម្ចាស់ចម្ការនៅខេត្តកំពតខាងលើ ក៏ចង់ឱ្យមានសមាគមដាំដុះទុរេននៅក្នុងខេត្ត ដើម្បីធ្វើការត្រួតពិនិត្យកុំឱ្យមានជនខិលខ្លះដែលយកទុរេននាំចូលពីក្រៅ ប៉ុន្តែបែរជាផ្សព្វផ្សាយថាជាទុរេនខេត្តកំពតទៅវិញ។

ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានថ្លែងចាប់អារម្មណ៍ពីការជជែករឿងទុរេន ដោយឱ្យដឹងថា លោកគឺជាអ្នកកំពង់ចាម ហើយទុរេនកំពង់ចាម មិនទាន់មានលទ្ធភាពផ្គត់ផ្គង់ទៅបាត់ដំបងនោះទេ។ ការបញ្ជាក់នេះ គឺធ្វើឡើងនៅពេលលោក ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានៅក្នុងខេត្តតាកែវ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃ១៣ ខែឧសភា ឆ្នាំ២០២៥ ក៏បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចាត់វិធានការតាមដានទប់ស្កាត់ការប៉ុនប៉ងនាំចូលខុសច្បាប់នូវផ្លែទុរេន តាមច្រករបៀងក្នុងភូមិសាស្ត្ររបស់ខ្លួនផងដែរ។

ការណែនាំនេះធ្វើឡើង ក្រោយពលរដ្ឋមួយចំនួន រួមទាំងអ្នកដាំផ្លែទុរេនក្នុងស្រុកបានរាយការណ៍ថា ផ្លែទុរេននាំចូលពីប្រទេសជិតខាង ពិសេសពីប្រទេសវៀតណាមបានធ្វើឱ្យប៉ះពាល់ដល់សុខភាព និងប៉ះពាល់ដល់ទីផ្សារទុរេនក្នុងស្រុក។

របាយការណ៍របស់ក្រសួងកសិកម្ម ឱ្យដឹងថា ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥.២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ៣.៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦.៦៥៦ តោនក្នុង១ឆ្នាំ ក្នុងនោះខេត្តចំនួន ៥ របស់កម្ពុជាដែលល្បីថាមានទុរេនឆ្ងាញ់ជាងគេគឺខេត្តកំពត បាត់ដំបង ត្បូងឃ្មុំ កំពង់ចាម និងកោះកុង៕

អភិបាលកិច្ច","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2488}" data-page="1" data-max-pages="1" data-start="1" data-end="1">