កម្មករសំណង់ ដែលភាគច្រើនជាពលករចំណាកស្រុកមកពីប្រទេសថៃកំឡុងជម្លោះព្រំដែន ប្រមាណជិត៤០នាក់ នៅថ្ងៃទី១១ ខែឧសភា បានចេញតវ៉ានៅមុខការដ្ឋានសាងសង់របស់ខ្លួន ស្ថិតនៅខាងក្រោយបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោយមេការមិនព្រមបើកប្រាក់ដែលជំពាក់តាំងពីដើមខែមីនា ឆ្នាំ២០២៦មក។ ពួកគេលើកឡើងថា មេការសំណង់បានរត់គេចខ្លួនមិនព្រមចូលមកដោះស្រាយជាមួយកម្មករនោះឡើយ។ ការណ៍នេះធ្វើឱ្យពួកគេជួបប្រទះការលំបាកផ្នែកជីវភាព ដោយកម្មករមួយចំនួនត្រូវខ្ចីលុយគេដើម្បីចំណាយប្រចាំថ្ងៃ និងជំពាក់ធនាគារទៀតផង។
កម្មករសំណង់មកពីខេត្តឧត្តរមានជ័យ អ្នកស្រី ស៊ីត ហឿត អាយុ ៥០ឆ្នាំ លើកឡើងថា អ្នកស្រីជាពលករធ្វើការនៅប្រទេសថៃអស់រយៈពេល ១ឆ្នាំ តែអ្នកស្រីត្រឡប់មកកម្ពុជាវិញកំឡុងជម្លោះព្រំដែនកម្ពុជា និងថៃ កាលពីខែកក្កដា ឆ្នាំ២០២៥។ អ្នកស្រីថា អ្នកស្រីមកធ្វើការជាកម្មករសំណង់នៅរាជធានីភ្នំពេញតាមរយៈអ្នកស្គាល់គ្នា អស់រយៈពេលពីរខែមកហើយ គិតត្រឹមដើមខែមីនា រហូតការដ្ឋានរបស់អ្នកស្រីបិទនៅកំឡុងពេលចូលឆ្នាំខ្មែរ ក្រោមហេតុផលថាគ្មានការងារឱ្យអ្នកស្រីធ្វើ។ អ្នកស្រីហឿត ថ្លែងបន្ថែមថា អ្នកស្រី និងស្វាមីត្រូវបានមេការជំពាក់ប្រាក់ឈ្នួលជាង១លានរៀល ។
អ្នកស្រីថា៖ «ជីវភាពខ្វះខាតកំពុងតែស្វះស្វែងរកអីធ្វើ។ ដល់ការងារថ្មីនេះ ខ្ញុំទើបតែចុះធ្វើមិនទាន់បានបើកលុយម្ដងទេ។ មេការខ្ញុំខ្វះការងារក៏ចេះតែយកមកដាក់កន្លែងនេះ កន្លែនោះ។ ដល់យកមកដាក់កន្លែងនេះធ្វើការអត់ទាន់បានលុយទេ។ គេបើកឱ្យបានម្ដងគត់បានត្រឹម២០ ភាគរយអីហ្នឹង តាមលុយតិចលុយច្រើន។ ខ្ញុំបើកបាន៣០ម៉ឺន។ ប្ដីខ្ញុំបើកបាន៧០ម៉ឺនអីចឹងនៅជាង១លានកន្លះទៀត»។
អ្នកស្រីបន្ថែមថា៖ «ដល់ខ្ញុំសូមបើកឱ្យអស់ គេថាអ្នកម៉ៅការបើកអស់ហើយគាត់មិនដឹង។ ខ្ញុំថាចុះពូអែង (អ្នកមើលការខុសត្រូវការសាងសង់) ប្រើខ្ញុំនោះ គាត់ក្រលាស់ (សម្ដី)ដែរថាគាត់មិនដឹង។ ធ្វើការចាប់ម៉ោង៧ព្រឹក ដល់ម៉ោង១១ សម្រាក ហើយថ្ងៃចូលម៉ោង១ ហើយថែមម៉ោងដល់ម៉ោង៨ល្ងាច ៩ល្ងាចអីក៏មាន។ លុយថែមម៉ោងនុងក៏មិនបាន។ […] ខ្ញុំសូមឱ្យរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាដែលជនភៀសសឹកមករកលុយបង់អង្គការ (ធនាគារ) ក៏អត់បាន។ ឱ្យគាត់ជួយស្វះស្វែង មេភូមិ មេឃុំអីជួយផង»។
អ្នកស្រី ហឿត ថ្លែងត្រឡប់ទៅកាលអ្នកស្រីទើបវិលមកកម្ពុជាវិញថា អ្នកស្រីត្រូវរស់នៅជាមួយសាច់ញ្ញាតិនៅក្នុងវត្តមួយកន្លែង ព្រោះមិនអាចត្រឡប់ទៅកាន់លំនៅដ្ឋានវិញពេលមានជម្លោះព្រំដែន។ អ្នកស្រី បានព្យាយាមស្វះស្វែងរកការងារធ្វើនៅតាមរោងចក្រជាច្រើនកន្លែងនៅខេត្តបន្ទាយមានជ័យ តែមិនទទួលបានការងារឡើយព្រោះអ្នកស្រីលើសអាយុចូលធ្វើការ។ ហេតុនេះហើយទើបអ្នកស្រី ហឿត ត្រូវធ្វើដំណើរមករាជធានីភ្នំពេញតាមអ្នកស្គាល់គ្នា ដើម្បីរកចំណូលចិញ្ចឹមគ្រួសារ និងសងធនាគារ ដែលគ្រួសារអ្នកស្រីជំពាក់ចំនួន១ម៉ឺនដុល្លារ។
កម្មករម្នាក់ទៀត លោក ឈឿន រ៉ាយ អាយុ៣៣ ឆ្នាំ លើកឡើងស្រដៀងគ្នាថា ការមិនទទួលបានប្រាក់ពីការងារនេះ ធ្វើឱ្យលោកប្រឈមនឹងការលំបាកផ្នែកជីវភាព ដោយត្រូវរ៉ាប់រងការចំណាយក្នុងគ្រួសារ និងសងធនាគារផងនោះ។ លោករ៉ាយ ធ្វើជាកម្មកររៀបឥដ្ឋនៅការដ្ឋានសាងសង់ផ្ទះនេះ ដោយបានចំណូលប្រហែល៥ម៉ឺនរៀលក្នុងមួយថ្ងៃ។ តែយ៉ាងណា ក្នុងរយៈពេលធ្វើការពេញមួយខែលោកមិនទាន់ទទួលប្រាក់គ្រប់គ្រាន់នៅឡើយ។
លោកថា៖ «ចង់ស្នើឱ្យសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួយដូចថាដោះស្រាយឱ្យជនភៀសសឹកមកពីឧត្តរមានជ័យដែលមេការបោកអត់ឱ្យលុយ និងសូមសមត្ថកិច្ចអន្តរាគមន៍ដោះស្រាយជួយពួកខ្ញុំផង ព្រោះពួកខ្ញុំជាជនរងគ្រោះ»។
មេការសំណង់ដែលនាំកម្មករមកធ្វើការ លោក ភិន សុផល អាយុ៣៩ ឆ្នាំ មកពីខេត្តពោធិ៍សាត់ លើកឡើងថាការដ្ឋានសាងសង់បានបិទសម្រាកកំឡុងពេលចូលឆ្នាំ ហើយក្រោយសម្រាកចូលឆ្នាំកម្មករចូលធ្វើការវិញ និងសុំបើកប្រាក់នៅសល់សម្រាប់កម្មករសរុបចំនួន៣៨ នាក់។ តែយ៉ាងណា លោកថា មេការសំណង់ដែលគ្រប់គ្រងលើការបើកលុយឱ្យកម្មករគេចវេសមិនព្រមបើកឱ្យ និងចូលខ្លួនដោះស្រាយផ្ទាល់ជាមួយកម្មករឡើយ។ ទាក់ទងនឹងការរកដំណោះស្រាយ លោក សុផល បញ្ជាក់ថា លោកបានដាក់ពាក្យបណ្ដឹងទៅសាលាសង្កាត់ភ្នំពេញថ្មី ប៉ុន្តែមិនទាន់បានដំណោះស្រាយនៅឡើយ ដោយខាងសង្កាត់តម្រូវឱ្យកោះហៅមេការមកចូលខ្លួនសិន។
លោកថា៖ «អត់ទាន់បានបើកទេបង លុយ៥ ពាន់ទៅ៦ ពាន់ដុល្លារ ទើបបើកបាន២ពាន់ដុល្លារ។ ធ្វើការប្រើ គ្នាចង់ងាប់ចង់រស់អត់បើកលុយឱ្យគ្នា។ ម្ដងថាថ្ងៃនេះ ម្ដងថាថ្ងៃនោះ។ […] សុំអាជ្ញាធរជួយអន្តរាគមន៍ផង។ យើងបានដាក់ពាក្យទៅចៅសង្កាត់ដែរតែគេថាទាល់តែយើងលួងលោមមេការហ្នឹង ឱ្យចូលខ្លួនដោះស្រាយ»។
លោកបន្ថែមថា៖ «ពួកគាត់មកធ្វើការនេះ តាមខ្សែរយៈ ក៏មកធ្វើដល់ធ្វើហើយលុយកាក់អត់មានលុយបើកឱ្យពួកគាត់។ យើងធ្វើការមួយយប់ទល់ភ្លឺ»។
ពាក្យបណ្ដឹងដែលដាក់ទៅសាលាសង្កាត់ភ្នំពេញថ្មី ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ សរសេរថា មេជាងម៉ៅការសំណង់ ឈ្មោះមករា បានប្រព្រឹត្តបទរំលោភកិច្ចសន្យាការងារ ដោយបានគេចវេសមិនព្រមបើកលុយឱ្យកម្មករចំនួនជិត៤០ នាក់ ក្នុងទឹកប្រាក់ប្រមាណជា៤ ៣០០ ដុល្លារ។ នៅក្នុងពាក្យបណ្ដឹង កម្មករស្នើសុំអាជ្ញាធរជួយអន្តរាគមន៍ និងរកយុត្តធម៌។
មេការសំណង់ឈ្មោះ មករា ដែលកម្មករចោទថាគេចវេសមិនបើកប្រាក់ឈ្នួលឱ្យពួកគាត់នោះ ប្រជាកាសែត មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ចំណែកចៅសង្កាត់ភ្នំពេញថ្មី លោក គុយ វុទ្ធី ក៏ប្រជាកាសែតមិនសុំការឆ្លើយតបបាននៅឡើយនៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកលើក។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា លើកឡើងថាក្រសួងតែងតែរកដំណោះស្រាយចំពោះវិវាទការងាររបស់កម្មករ។ លោកថា ក្រសួងការងារនឹងអនុវត្តច្បាប់ការងារលើបុគ្គលណាដែលកេងប្រវ័ញកម្លាំងពលកម្មឱ្យមកទទួលខុសត្រូវ។
លោកមានប្រសាសន៍ថា៖ «ចំពោះបញ្ហានេះក្រសួងការងារតែងតែយកចិត្តទុកដាក់ ហើយក្រសួងនឹងដោះស្រាយតាមនីតិវិធីរបស់យើង ដើម្បីធានាការទទួលបានប្រាក់ឈ្នួលរបស់កម្មករដោយស្របច្បាប់។ ហើយក្រសួងក៏ដូចជារាជរដ្ឋាភិបាលតែងតែមិនលើកលែងចំពោះការដែលកេងប្រវ័ញទៅលើបងប្អូនកម្មករកម្មការិនីនោះទេ»។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន មានប្រសាសន៍ថា កម្មករសំណង់កំពុងប្រឈមនឹងបញ្ហាសន្ដិសុខការងារ ជាពិសេសករណីមេការសំណង់មិនបើកប្រាក់ឱ្យកំពុងតែកើតមានជាហូរហែ រហូតមានការដាក់បណ្ដឹងទៅតុលាការទៀតផង។ លោកថា ការណ៍នេះទាមទារឱ្យក្រសួងការងារពិនិត្យមើលលទ្ធភាពលំហសិទ្ធិការងារ និងមានយន្តការដោះស្រាយបញ្ហាវិវាទការងារឱ្យមានភាពល្អប្រសើរ។
លោកថា៖ «ភាគច្រើនមេការនៅក្នុងរយៈពេល៦ ខែចុងក្រោយនេះ សហជីពដោះស្រាយបញ្ហានេះជាច្រើនករណី រហូតដល់តុលាការចេញដីកាបង្គាប់ឱ្យសង ហើយនៅតែមេការហ្នឹង គេចវេសទៀត។ ប៉ុន្តែអ្វីដែលយើងអាចជួយគ្នាបាន មានន័យថា សហព័ន្ធដើម្បីការពារសិទ្ធិរបស់កម្មករ ឬមួយក៏អត្ថប្រយោជន៍របស់ពួកគាត់ បើគាត់មានភស្តុតាងអីត្រឹមត្រូវគាត់អាចធ្វើការនៅហ្នឹងពិត ពួកយើងជួយគាត់ឱ្យអស់ពីលទ្ធភាពនូវអ្វីដែលយើងមាន»។
លោកបន្ថែមថា៖ «ក្នុងនាមយើងជាអ្នកសហជីព ខ្ញុំទី១ ស្នើទៅរាជរដ្ឋាភិបាល ជាពិសេសក្រសួងការងារសូមបន្ថែមនូវការយកចិត្តទុកដាក់។ នៅពេលដែលមានគម្រោងសាងសង់ ឬមួយក៏អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅកន្លែងណា ស្នើសុំក្រសួងសាមី ជាពិសេសក្រសួងការងារទៅពិនិត្យមើលលក្ខខណ្ឌនៅហ្នឹងឱ្យមែនទែន ថាតើគាត់អនុវត្តសកម្មភាពការងារតើវាមានលក្ខណៈរបៀបម៉េច»៕







