ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធានាផ្ដល់ឱកាសនៅទូទាំងប្រទេសដល់ពលករខ្មែរ ដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ ក្រោយឆ្លងដែនខុសច្បាប់ទៅប្រទេសថៃរកការងារធ្វើ ដែលភាគច្រើនការងារទាំងនោះនៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្ម។
កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរថៃបានបញ្ជូនពលករកម្ពុជាចំនួន១០៦ នាក់មកកម្ពុជាវិញតាមច្រកព្រំដែនខេត្តបន្ទាយមានជ័យ ក្រោយលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ដើម្បីរកការងារធ្វើ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ khaosod។ សារព័ត៌មានដដែលនេះ បញ្ជាក់ថា ពលករកម្ពុជាទាំង១០៦នាក់ មានបុរស៦៤ នាក់ ស្រ្តី២៥ នាក់ និង១៧ នាក់ជាសាច់ញាតិរបស់ពួកគេដែលទៅរស់នៅជាមួយ។
នគរបាលប៉ុស្ដិអន្តរជាតិប៉ោយប៉ែតបញ្ជាក់តាមហ្វេសប៊ុកខ្លួនថា មន្ត្រីជំនាញបានទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃចំនួន ១០៦នាក់ ក្នុងនោះស្រី ២៦នាក់ កុមារ ១៦នាក់។ ប្រភពដដែលបន្តថា ប៉ុស្តិ៍នគរបាល បានធ្វើសម្រង់សាវតា និងថតរូបតម្កល់ទុកជាឯកសារបន្ទាប់មកប្រគល់ជូនទៅមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត ។
ឆ្លើយតបទៅនឹងការបញ្ជូនពលករខ្មែររបស់អាជ្ញាធរថៃនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់ថាក្រសួងការងារបានទទួលដំណឹងពីការបញ្ជូនពលករខ្មែរទាំង១០៦ នាក់មកកម្ពុជាវិញ និងបានបញ្ជូនមន្ត្រីក្រសួងការងារទៅទទួលពីព្រំដែនដោយសុវត្ថិភាព។ លោកមេសាថា ក្រសួងការងារបានណែនាំពលករខ្មែរមិនឱ្យឆ្លងដែនខុសច្បាប់ទៅប្រទេសថៃបន្តទៀត។ លោកបន្ថែមថា ក្រសួងការងារធានារកការងារឱ្យពលករខ្មែរធ្វើ ដោយលោកអះអាងថាកម្ពុជាមានទីផ្សារការងារចំនួន៩ ម៉ឺនកន្លែង និងត្រៀមទទួលពួកគេចូលធ្វើការបើទោះបីជាពួកគេមាន ឬមិនមានជំនាញក៏ដោយ។
លោកថា៖ «យើងបានទទួលពួកគាត់នៅច្រកហើយៗ ហើយបានផ្សព្វផ្សាយឱកាសការងារនៅកម្ពុជា ដែលមានប្រមាណជា៩ម៉ឺននាក់ ដើម្បីកុំឱ្យពួកគាត់ចាកចេញពីប្រទេសធ្វើការនៅប្រទេសគេដោយគ្មានឯកសារ។ ជាការពិតយើងបានផ្ដល់លេខទំនាក់ទំនងជូនពួកគាត់ហើយ ជម្រុញឱ្យពួកគាត់ទាក់ទងមកលេខយើងហើយ»។
លោកបន្ថែមថា៖ «យើងរៀបចំក្រុមការងារចុះជួបពួកគាត់ហើយៗ អីចឹងពីចំណែកក្រសួងយើងបានត្រៀមរួចជាស្រេច កុំថាឡើយ១០០ នាក់ ទោះបីជា១០០០ នាក់ក៏យើងមានឱកាសការងារដែរ។ ឱកាសការងារដែលក្រសួងការងារប្រមូលបាននាពេលបច្ចុប្បន្ននៅក្នុងវិស័យរបស់យើងមានជាង៩ម៉ឺនកន្លែងទៀត អីចឹងវាអត់មានអីជាការព្រួយបារម្ភសម្រាប់បងប្អូនដែលមកពីប្រទេសថៃទេ»។
យោងតាមទិន្នន័យរបស់ក្រសួងការងារ ក្នុងចំណោមពលករខ្មែរចំនួន៩០ម៉ឺននាក់ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦០ម៉ឺននាក់ទទួលបានការងារធ្វើតាមរយៈការផ្គូផ្គងការងារទ្រង់ទ្រាយធំ ដែលមានវេទិកាការងារ ពិព័រណ៌ការងារចល័ត និងការពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET)។
ទោះជាយ៉ាងណា អ្នកវិភាគនយោបាយ និងសង្គម លោក មាស នី លើកឡើងថា កម្ពុជាមិនមានការងារធ្វើគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋគ្រប់គ្នានោះទេ ដែលជាហេតុធ្វើឱ្យពលករខ្មែរបន្តធ្វើការឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។ លោកបន្តថាបំណុលជាកត្តាមួយ ដែលបង្កើតជាសម្ពាធមួយដល់ពួកគេឱ្យប្រញាប់ស្វែងរកការងារផ្សេងដើម្បីរកប្រាក់ចំណូលទ្រទ្រង់ជីវភាព ។ លោកបន្ថែមថា ទីផ្សារការងារនៅកម្ពុជាមិនសមស្របសម្រាប់ជំនាញរបស់ពលករខ្មែរដែលធ្លាប់ធ្វើការនៅប្រទេសថៃ។ លោកថា ក្រសួងការងារគួរបង្កើតអាជីវកម្មខ្នាតតូច និងមធ្យម និងមានគោលនយោបាយការងារច្បាស់លាស់។
លោកថា៖ «វាមិនមែន១០០ ឬ២០០ នាក់ទេ អាចច្រើនជាងហ្នឹងបើតាមខ្ញុំដឹង ចេញតាមផ្លូវកាត់ឬយ៉ាងម៉េច អាហ្នឹងជារបៀបដែលគាត់ធ្លាប់ទៅណា។ យើងមានសម្ពាធពីរ សម្ពាធមួយគឺពិបាករកការងារធ្វើ បើមានក៏វាអត់បានថ្លៃ។ បំណុល ជារឿងមួយដែលធ្វើឱ្យពួកគាត់គ្មានជម្រើស ពេលខ្លះរកកន្លែងណាដែលបានចំណូលច្រើន តាមខ្ញុំដឹង ហើយបានសាកសួរពួកគាត់ខ្លះៗ ហើយអ្នកដែលវិលត្រឡប់ទៅវិញ ក៏មិនមានតែប៉ុណ្ណឹងដែរ»។
លោកបន្ថែមថា៖ «អាជីវកម្មខ្នាតតូច ខ្នាតមធ្យម អីហ្នឹងវាជាប្រភពបង្កើតជាប្រភពការងារឱមនុស្សធ្វើ។ គិតមើលវិស័យសំណង់ក៏មិនទាន់ងើបរួច […] ឱកាសការងារក្នុងស្រុកយើងទៀតវាអត់ស៊ីគ្នាជាមួយទីផ្សារការងារដែលពលករខ្មែរ ធ្វើការនៅប្រទេសថៃ ភាគច្រើនការងារនៅទីនោះគឺសំណង់ហើយកសិកម្មតាមស្រែតាមចម្ការអីចឹងណា។ ហើយទីផ្សារការងារដែលបើកនៅខ្មែរភាគច្រើនគឺវិស័យរោងចក្រ។ ចម្លើយថាតើរដ្ឋាភិបាលត្រូវធ្វើយ៉ាងម៉េចគឺការពង្រឹងសមត្ថភាពអាជីវកម្មខ្នាតតូច និងមធ្យម ហើយមែនទែនទៅរៀងហ្នឹង យើងត្រូវគិតតាំងពីដើមឯណោះ»។
របាយការណ៍ស្ដីពីគំនិតគោលនយោបាយ និងអនុសាសន៍សម្រាប់ពលករចំណាកស្រុកមកពីប្រទេសថៃរបស់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) លើកឡើងថាបញ្ហាពលករចំណាករចំណាកស្រុកជាប្រឈមមួយយ៉ាងធំ ដែលតម្រូវឱ្យមានវិធានការរួមគ្នាពីរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូពាក់ព័ន្ធ ដើម្បីរក្សាឱ្យបាននូវជីវភាពរស់នៅមួយដ៏សមរម្យសម្រាប់ពលករចំណាកស្រុកដែលបានវិលត្រឡប់ចូលប្រទេសវិញ។
របាយការណ៍នេះលើកឡើងពីអនុសាសន៍មួយចំនួនរួមមានពង្រីកនូវយន្តការកិច្ចគាំពារសង្គមដល់គ្រួសារដែលមានពលករចំណាកស្រុក លើកទឹកចិត្តដល់វិស័យឯកជនដែលទទួលយកពលករចំណាកស្រុកចូលធ្វើការងារ ទទួលស្គាល់ឱ្យបានឆាប់រហ័សនូវជំនាញ ផ្តល់ជំនួយដល់ការអភិវឌ្ឍជំនាញរយៈពេលខ្លី ធ្វើការផ្អាកជាបណ្តោះអាសន្ននូវការសងបំណុលរបស់គ្រួសារពលករចំណាកស្រុក និងបង្រួមដំណើរការទទួលបានឯកសារផ្លូវច្បាប់ និងការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយការចំណាកស្រុកខុសច្បាប់ម្តងទៀត៕







