កម្មកររោងចក្រ ML នៅក្រុងប៉ោយប៉ែតតវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែ

សិទ្ធិការងារ

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) កំពុងប្រមូលផ្ដុំគ្នានៅមុខរោងចក្រ​ នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។ (រូបថតផ្ដល់ឱ្យដោយកម្មកររោងចក្រ)

កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រតវ៉ាសាជាថ្មីដើម្បីទាមទារឱ្យថៅកែបើកប្រាក់ខែជូនពួកគេ ក្រោយថៅកែសន្យាបើកលុយឱ្យកម្មករនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ប៉ុន្តែមិនបានបើកឱ្យ។

តំណាងកម្មកររោងចក្រអិមអិល លោក គឹម តូនិច ប្រាប់ប្រជាកាសែតថា ក្រុមកម្មករ ប្រមាណជាង១០០នាក់ប្រមូលផ្ដុំគ្នានៅមុខរោចក្រចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង១១ថ្ងៃត្រង់កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដើម្បីទាមទារឱ្យក្រុមហ៊ុនបើកប្រាក់ខែ។
លោកឱ្យដឹងថា ខាងរោងចក្របានឱ្យកម្មករឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដល់ថ្ងៃទី២៧ខែមេសា ដោយថៅកែសន្យាថា បើកប្រាក់ជូនកម្មករនៅថ្ងៃទី២២ ខែមេសា ក៏ប៉ុន្តែដល់ថ្ងៃទី២៤ខែមេសា កម្មករពុំទទួលបានប្រាក់ ទើបប្រមូលម្ដុំគ្នាតវ៉ា។ លោកថានៅល្ងាចថ្ងៃទី២៤ មេសា ខាងរោងចក្របានបិទប្រកាសជាព័ត៌មានដល់កម្មករថា រោងចក្រនឹងបើកប្រាក់ខែជូនកម្មករ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦វិញ។

លោកថា៖ «ខ្ញុំអត់សុខចិត្តបង យប់នេះខ្ញុំដេកអត់លក់ដែរ ព្រោះអីរោងចក្រហ្នឹងលឺថាគម្រោងថាប្រុងបិទផង ហើយដល់ពេលអ៊ីចឹងខ្ញុំត្រូវនៅយាម ខ្ញុំនៅត្រូវដេកយាមរបស់របរក្នុងរោងចក្រខ្លាចគេដឹកជញ្ជូនចេញអស់ទៅ ពួកខ្ញុំអត់បានលុយទាំងលុយប្រាក់ខែនិងអាលុយសំណងសងជំងឺចិត្តខ្ញុំទាំងអស់គ្នា ព្រោះអីម្នាក់ៗសុទ្ធតែនៅយុរឆ្នាំហើយ»។

ជាមួយគ្នានេះ លោកសំណូមពរទៅកាន់ថៅកែរោចក្រឱ្យផ្ដល់ដំណឹងដល់កម្មករបើពិតជាត្រូវបិទរោងចក្រមែននោះ។

លោកបន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់ថៅកែរោងចក្របើសិនជាមានគម្រោងត្រូវបិទអីជូនដំណឹងដល់កម្មករឱ្យដឹងផង ព្រោះអីកុំបិទរបៀបស្ងាត់ៗអត់ចង់ឱ្យកម្មករដឹង ហើយប្រាក់ខែកម្មករកុំលើសថ្ងៃយូរពេក ព្រោះអីបងប្អូនកម្មករយើងអត់មានលុយតម្កល់សម្រាប់ហូបចុកប្រចាំថ្ងៃអ៊ីចឹងបង ព្រោះអីអត់មានលុយទេគាត់រំពឹងតែប្រាក់ខែរោងចក្រហ្នឹងហើយ»។

ចំណែកឯកម្មការិនីរោងចក្រអិមអិលផ្នែកពិនិត្យគុណភាពសម្លៀកបំពាក់កញ្ញា វ៉ន សុនី ប្រាប់ថា ភាគីរោងចក្រត្រូវបើកប្រាក់ជូនគាត់ចំនួន ១៤៥ដុល្លារអាមេរិក កាលពីថ្ងៃទី២២ ខែមេសា។ ក៏ប៉ុន្តែរោងចក្របន្តពន្យារពេលបើកប្រាក់ដល់ថ្ងៃទី២៨ ខែមេសា។ ការណ៍នេះ កញ្ញា សុនី មិនអាចទទួលយកបានទេ។

កញ្ញាថា៖ «អត់ព្រម អត់សុខចិត្តព្រោះអីវាលើសច្រើនថ្ងៃពេកហើយជាក់ស្ដែងយើងបន្ទាប់ពីចប់កម្មវិធីបុណ្យចូលឆ្នាំមកយើងម្នាក់ៗសុទ្ធតែអត់មានលុយទាំងអស់គ្នាបង។ ដល់ពេលដល់លើកច្រើនថ្ងៃអ៊ីចឹងមកយើងពិបាកទទួលយកដែរ»។

រីឯកម្មការិនីម្នាក់ទៀតដែលជាប្រធានផ្នែកដេរនៅរោងចក្រអិមអិលគឺ អ្នកស្រី ឡន សុភាព ប្រាប់ថាអ្វី ដែលអ្នកស្រីបារម្ភជាងគេគឺខ្លាចភាគីរោងចក្រប្រមូលសំភារៈបិទរោងចក្រចោល អំឡុងពេលកម្មកររង់ចាំបើកប្រាក់ខែ។

អ្នកស្រីថា៖ «បារម្ភខ្លាចតែ ដោយសារវាសល់ពេល៤ថ្ងៃ ខ្លាចគេដឹកឥវ៉ាន់ចេញពីរោងចក្រហ្នឹងអស់ កម្មករអត់សល់សំណង ភ័យរឿងហ្នឹងរឿងបិទរោងចក្រ អារឿងលុយលើកហ្នឹងធម្មតារបស់ អិមអិល ហើយ លើករហូត»។

ករណីនេះ អ្នកស្រី សុភាព អំពាវនាវដល់អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយសំណងជូនកម្មករបើសិនជារោងចក្រអិមអិលនេះត្រូវបិទទ្វារមែន។

សេចក្ដីជូនដំណឹងចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ របស់រោងចក្រអិមអិល អិនធីមេត អឹភែរឹល ខេមបូឌា ML INTIMATE APPAREL (CAMBODIA) LTD បញ្ជាក់ថារោងចក្រនឹងបើកប្រាក់ឈ្នួលវគ្គទី១ ខែមេសា ឆ្នាំ២០២៦ ជូនកម្មករនិយោជិតទាំងអស់យ៉ាងយូរត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦។

សេចក្ដីជូនដំណឹងបន្តថា៖ «បន្ទាប់ពីមានការប្រជុំពិភាក្សាគ្នាជាមួយលោកថៅកែ និងថ្នាក់គ្រប់គ្រងរោងចក្រ ស្តីពីប្រាក់ឈ្នួល វគ្គទី១ នៃមេសា ឆ្នាំ២០២៦ ក្រុមហ៊ុននឹងធ្វើការបើកប្រាក់ឈ្នួលដល់បងប្អូនកម្មករនិយោជិតទាំងអស់គា្ននៅអាទិត្យក្រោយ យ៉ាងយូរនៅថ្ងៃអង្គារទី២៨ ខែមេសា ឆ្នាំ២០២៦។ ដោយឡែក ព័ត៌មានផ្សេងៗអំពីស្ថានភាពរបស់រោងចក្រ និងសូមធ្វើការប្រកាសព័ត៌មានជាផ្លូវការដោយលាយលក្ខណ៍ អក្សរនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦តទៅ»។

តាមរយៈសារអេឡិចត្រូនិច (Email) ដែលកម្មកររោងចក្រអិមអិល ទទួលបានពីក្រុមតេឡេក្រាមរបស់រោងចក្រ បានបញ្ជាក់ថា ក្នុងរយៈពេលកន្លងទៅនេះ ភាគីរោងចក្របានជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារស្ថានភាពភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចនៅក្នុងវិស័យពួកគេ។ ដោយពួកគេបានព្យាយាមដោះស្រាយដែរ ក៏ប៉ុន្តែដោះស្រាយមិនបានក៏បានសម្រេចចិត្តទាំងបង្ខំក្នុងការបិទរោងចក្រអិមអិល អិនធីមេត អឹភែរឹលតែម្ដង។

ជុំវីញបញ្ហានេះ បុគ្គលិករដ្ឋបាលរោងចក្រអិមអិល អិនធីមេត អឹភែរឹលលោក ងួន ស៊ីវត្ថា បកស្រាយថា ជាទូទៅភាគីរោងចក្របើកប្រាក់ខែវគ្គទី១ជូនកម្មករទាំង៦៩៦នាក់នៅរៀងរាល់ថ្ងៃទី២២ នៃខែនីមួយៗ។ ក៏ប៉ុន្តែសម្រាប់ខែមេសា ឆ្នាំ២០២៦ មានការយឺតយ៉ាវទើបកម្មករចេញតវ៉ា គួបផ្សំនឹងព័ត៌មានថាបិទរងចក្រផងនោះ។

លោកថា៖ «ដោយសារថៅកែហ្នឹងគាត់មានបញ្ហាជាមួយខាងហិរញ្ញវត្ថុខាងនៅ ហុង កុង អ៊ីចឹងបានធ្វើឱ្យមានការយឺតយ៉ាវក្នុងការបើក[…]ចេញសេចក្ដីប្រកាសថ្មីៗម៉ោង៤ជាងហ្នឹងគឺចេញសេចក្ដីប្រកាសរួចរាល់អស់ហើយ យើងបើកនៅថ្ងៃទី២៨ ថ្ងៃអង្គារយ៉ាងយូរបំផុត»។
ជាមួយគ្នានេះ ចំពោះពាក្យចចាមអារ៉ាមដែលកម្មករទទួលបានថានឹងបិទរោងចក្រអិមអិល អិនធីមេត អឹភែរឹលនោះ លោកបញ្ជាក់ថាវាជាការពិត។ តែយ៉ាងណាលោក ស៊ីវត្ថា ជឿជាក់ថាភាគីរោងចក្រនឹងផ្ដល់សំណងតាមច្បាប់។

លោកបន្ថែមថា៖ «យើងមានជាលិខិតជាផ្លូវការ យើងប្រកាសនៅថ្ងៃទី២៧តែម្ដង អ៊ីចឹងព័ត៌មានទាំងអស់ខាងក្រសួងមន្ទីរក៏បានដឹងបញ្ហានេះដែរ។ ប៉ុន្តែជាផ្លូវការហ្មងយើងមានលិខិតជាលាយលក្ខណ៍អក្សរប្រកាសហ្មងកុំឱ្យដើម្បីប្រជុំឱ្យដឹងទាំងអស់ជាផ្លូវការហ្មង»។

ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យលោក នួន ស៊ីណា ប្រាប់ប្រជាកាសែត នៅថ្ងៃទី២៤ ខែមេសាថា ក្រុមការងាររបស់មន្ទីរការងារចុះទៅដោះស្រាយបញ្ហានៅរោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល រួចហើយ ក្រោយកម្មករចេញតវ៉ា។

លោកថា៖ «លទ្ធផលខាងរោងចក្រគេប្រជុំដល់ម៉ោង៤ ដល់ហើយបងប្អូនកម្មករ ពេលមន្ត្រីមន្ទីរចុះទៅដោះស្រាយហើយជម្រាបពួកគាត់ក៏ត្រឡប់ទៅវិញ រង់ចាំមើលលទ្ធផលនៃការប្រជុំរវាងរោងចក្រជាមួយខាងថៅកែហើយខាងខ្ញុំនៅធ្វើការបន្តទៀតទាក់ទងការងារហ្នឹង»។

លោក ស៊ីណា បញ្ជាក់ថា មូលហេតុដែលនាំឱ្យកម្មករប្រមូលផ្ដុំគ្នាតវ៉ាគឺដោយសារភាគីរោងចក្របើកប្រាក់ខែជូនកម្មករយឺតយ៉ាវ ហើយលោកថាបញ្ហានេះបានកើតមានច្រើនលើកហើយនៅរោងចក្រ អិមអិល។

លោកបន្ថែមថា៖ «គាត់ទាមទារប្រាក់ខែរបស់ពួកគាត់ ដោយសាររោងចក្របើកប្រាក់ខែយឺតចឹងហា រោងចក្រហ្នឹងយើងធ្លាប់អធិការកិច្ច យើងធ្លាប់ផាកពិន័យច្រើនដងមកហើយ»។ 

នាយកប្រតិបត្តិអង្គការសង់ត្រាល់ លោក មឿន តុលា យល់ថា ការដែលកម្មករនិយោជិតរោងចក្រអិមអិល អិនធីមេត អឹភែរឹល ព្រួយបារម្ភនឹងរឿងបើកប្រាក់ខែយឺត និងព័ត៌មានដែលថាអាចនឹងបិទរោងចក្រនោះ វាជារឿងសមស្របដែលកម្មករបារម្ភ។

លោកថា៖ «បើសិនជាការបើក[ប្រាក់ខែ]ហ្នឹងវាយឺត កម្មករត្រូវតែបារម្ភអ៊ីចឹងហើយព្រោះធ្វើការហើយវាអត់ទាន់មានប្រាក់ខែ ហើយពាក់ព័ន្ធនឹងរឿងរោងចក្រអាចនឹងបិទអីហ្នឹង ខ្ញុំគិតថាការព្រួយបារម្ភរបស់កម្មករវាជារឿងមួយសំខាន់ដែរ ហើយដើម្បីកុំឱ្យកម្មករជ្រួលច្របល់ ខាងនិយោជករបស់រោងចក្រហ្នឹង អាចផ្ដល់ការពន្យល់ណាមួយឱ្យជាក់លាក់ទៅដល់កម្មករ»។

ជាមួយគ្នានេះ លោក តុលា ថាក្នុងករណីបើរោងចក្រអិមអិល អិនធីមេត អឹភែរឹល នេះនឹងត្រូវបិទទ្វារពិតប្រាកដមែននោះ ភាគីរោងចក្រត្រូវផ្ដល់សំណងដល់កម្មករតាមច្បាប់ ហើយអាជ្ញាធរពាក់ព័ន្ធត្រូវរ៉ាប់រងការជូនដំណឹងនានាដល់កម្មករ។

លោកបន្ថែម៖ «អាជ្ញាធរគួរតែសម្របសម្រួលដល់កម្មករកុំឱ្យមានការបាត់សិទ្ធិរបស់គាត់ក្នុងការចង់ដឹងចង់លឺព័ត៌មាន ព្រោះរឿងនេះរឿងតម្លាភាពទេ[…]បើសិនជារោងចក្រពិតជាមិនអាច Operate[ដំណើរការ]ទៅមុខបាន វាត្រូវតែមានការទូទាត់ណាមួយស្របតាមច្បាប់ដែលកំណត់អ៊ីចឹង[…]ក្នុងអំឡុងពេលនេះ អាជ្ញាធរពាក់ព័ន្ធមានទាំងក្រសួងការងារក្ដី ក្រសួងពាណិជ្ជកម្មក្ដី បើសិនជារោងចក្រនេះពិតជាបិទមែន អាហ្នឹងគឺក្រសួងពាក់ព័ន្ធត្រូវចេញមកពន្យល់ផ្ដល់ព័ត៌មានដល់កម្មករ»។

រោងចក្រអិមអិល អិនធីមេត អឹភែរឹល ខេមបូឌា ML INTIMATE APPAREL (CAMBODIA) LTD ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត «អូរនាង» ក្នុងភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

នេះមិនមែនជាលើកទីមួយទេដែលកម្មករនិយោជិតនៅរោងចក្រអិមអិល អិនធីមេត អឹភែរឹលចេញតវ៉ា។ តាំងពីឆ្នាំ២០២៣ កម្មករនៅរោងចក្រនេះក៏ធ្លាប់ចេញធ្វើកូដកម្មជាច្រើនដងមកហើយចំពោះករណីភាគីរោងចក្របើកប្រាក់ខែយឺត៕

សិទ្ធិការងារ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2341}" data-page="1" data-max-pages="1" data-start="1" data-end="1">