ក្រសួងបរិស្ថាន និងអង្គការមួយចំនួន ដែលធ្វើការលើការងារអភិរក្សសត្វព្រៃ បានបង្ហាញលទ្ធផលសិក្សា ដោយថតជាប់សត្វព្រៃកម្រឃើញជិត ៥០ប្រភេទ នៅតំបន់ឧទ្យានជាតិវីរជ័យ-សៀមប៉ាង នៃខេត្តរតនគិរី និងស្ទឹងត្រែង។ ក្នុងចំណោមនោះ មានថនិកសត្វ ៧ប្រភេទ ជាប្រភេទសត្វព្រៃ ដែលគំរាមកំហែងជិតផុតពូជ ឯប្រភេទខ្លះ គឺពុំដែលប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានេះ។ នេះបើតាមក្រសួងបរិស្ថានផ្សាយលើហ្វេសប៊ុកផ្លូវការខ្លួន នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។
លទ្ធផលស្រាវជ្រាវតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ អនុវត្តដោយក្រុមអ្នកវិទ្យាសាស្រ្តចម្រុះមកពីក្រសួងបរិស្ថាន អង្គការអភិរក្សអន្តរជាតិកម្ពុជា (CI) និងអង្គការ Wild Earth Allies បានកត់ត្រាវត្តមានសត្វព្រៃសរុបចំនួន ៤៧ប្រភេទ រួមមាន ថនិកសត្វ ២៦ប្រភេទ បក្សី ១៨ប្រភេទ និងសត្វល្មូន ៣ប្រភេទ។
ក្រសួងបញ្ជាក់ថា សត្វព្រៃកម្រទាំង ៧ប្រភេទ មានដូចជា សត្វទន្សោង ពង្រូល ស្វាកន្ទុយសជើងក្រហម ទោចថ្ពាល់លឿងឦសាន កែះ ខ្លាឃ្មុំតូច និងខ្លាពពក។ ក្រសួងបរិស្ថានឱ្យដឹងថា លទ្ធផលទាំងនេះ ឆ្លុះបញ្ចាំងពីសារសំខាន់ជាសកល នៃឧទ្យានជាតិវីរជ័យ-សៀមប៉ាង ដែលបានផ្តល់នូវព័ត៌មានសំខាន់អំពីស្ថានភាពសត្វព្រៃ និងមូលដ្ឋានគាំទ្រដល់ការសម្រេចចិត្តផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ដែលអាចជួយតម្រង់ទិសដល់ការកំណត់យុទ្ធសាស្រ្តបានប្រសើរសម្រាប់ការអភិរក្សនាពេលអនាគត។
ក្រសួងដកស្រង់សម្ដីអ្នកវិទ្យាសាស្រ្តក្នុងការស្រាវជ្រាវនេះថា៖ «ទោះបីជាតំបន់សិក្សានេះមានសារសំខាន់ខ្ពស់ផ្នែកប្រព័ន្ធអេកូឡូស៊ីយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការស្រាវជ្រាវ និងអង្កេតជីវចម្រុះឱ្យបានទូលំទូលាយនៅឡើយទេ ដោយសារវាជាតំបន់មិនទាន់ទទួលបានការចាប់អារម្មណ៍ ពិបាកចូលទៅដល់ហើយធនធានសម្រាប់ការស្រាវជ្រាវនៅមានកម្រិត»។
យ៉ាងណា ក្រសួងថា កិច្ចសហការរវាងស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល វិស័យឯកជន ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គឺពិតជាចាំបាច់ណាស់ ក្នុងការងារអភិរក្ស និងការពារប្រភេទសត្វកំពុងរងការគំរាមកំហែងទាំងនេះ។
ក្រសួងបរិស្ថាន៖ «ក្នុងទិវាបរិស្ថានពិភពលោក ក្រោមប្រធានបទ បណ្តុះគំនិតស្រឡាញ់ធម្មជាតិ ធ្វើសកម្មភាពដើម្បីអាកាសធាតុ និងអនាគតរបស់យើង សូមចូលរួមទាំងអស់គ្នាឱ្យកាន់តែផុសផុលក្នុងការការពារសត្វព្រៃ និងថែរក្សាមរតកធម្មជាតិរបស់កម្ពុជា សម្រាប់មនុស្សគ្រប់ជំនាន់»។
ក្រសួងបរិស្ថានថា កម្ពុជាមានតំបន់ការពារធម្មជាតិ ៧៣តំបន់ និងមានផ្ទៃដីជាង ៧លានហិកតា ស្មើប្រមាណ ៤១% នៃផ្ទៃដីប្រទេសកម្ពុជា ដែលក្រសួងបញ្ជាក់ថា ក្នុងតំបន់ទាំងនោះ ព្រៃឈើ ត្រូវបានការពារ និងអភិរក្សដោយការពង្រឹងការអនុវត្តច្បាប់តឹងរ៉ឹង សម្រាប់ទីជម្រកសត្វព្រៃ និងជីវៈចម្រុះ៕







