កម្ពុជាដំណើរការប្រព័ន្ធប្រកាសឱ្យដឹងមុននៅខេត្តងាយរងគ្រោះចំនួន៤ ដើម្បីបង្ការគ្រោះមហន្តរាយ

បរិស្ថាន

(មន្ត្រីជំនាញកំពុងពិនិត្យមើលប្រព័ន្ធជូនដំណឹងពីគ្រោះមហន្តរាយ)រូបភាពបណ្ដាញសង្គម)។

កម្ពុជាប្រកាសដាក់ដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុន សម្រាប់អ្នកទាំងអស់គ្នា» ដើម្បីការពារសហគមន៍ពីគ្រោះមហន្តរាយ ដែលបណ្តាលពីការប្រែប្រួលអាកាសធាតុ។ 

គម្រោងនេះ នឹងត្រូវអនុវត្តនៅក្នុងខេត្ត ដែលមានហានិភ័យខ្ពស់ចំនួន ៤ គឺរតនគិរី ក្រចេះ ស្ទឹងត្រែង និងបន្ទាយមានជ័យ ដោយមានការអនុវត្តយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងដៃគូបច្ចេកទេស ដើម្បីពង្រឹងការត្រៀមខ្លួន និងកសាងភាពធន់។ 
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការយូអិនឌីភីកម្ពុជា (UNDP Cambodia) នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងទៀតថា គម្រោងប្រព័ន្ធប្រកាសឱ្យដឹងមុននេះ គាំទ្រថវិកាដោយមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងភាពជាដៃគូជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី)។ គម្រោងនេះ ចាប់ផ្ដើមអនុវត្ត ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ផ្ដោតសំខាន់ទៅលើព្រឹត្តិការណ៍ហានិភ័យដូចជា ខ្យល់ព្យុះ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងរន្ទះបាញ់ជាដើម ក្នុងគោលបំណងកាត់បន្ថយការបាត់បង់ជីវិត ការប្រកបរបរ និងការបាត់បង់ទ្រព្យសម្បត្តិ ជាពិសេសក្នុងសហគមន៍ងាយរងគ្រោះខ្លាំងបំផុត ពីគ្រោះមហន្តរាយពាក់ព័ន្ធនឹងអាកាសធាតុ។

ប្រធានតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃមូលនិធិអាកាសធាតុបៃតង លោក Hemant Mandal បានថ្លែងនៅក្នុងសិក្ខាសាលាប្រកាសដាក់ឲ្យដំណើរការគម្រោង «ការពង្រឹងប្រព័ន្ធប្រកាសឲ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា» កាលពីថ្ងៃទី២-៣ ខែមិថុនា នៅខេត្តសៀមរាប ដោយឱ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា សហគមន៍កំពុងប្រឈមមុខនឹងការកើនឡើងនៃហានិភ័យពីទឹកជំនន់ គ្រោះរាំងស្ងួត និងការប្រែប្រួលនៃលំនាំទឹកភ្លៀង ដែលជះឥទ្ធិពលទៅលើជីវភាពរស់នៅ និងសន្តិសុខស្បៀង។ ដូច្នេះប្រព័ន្ធប្រកាសឱ្យដឹងមុនមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការការពារជីវិត ការប្រកបរបររកស៊ី និងសមិទ្ធផលដែលកើតចេញពីការអភិវឌ្ឍរបស់ជាតិ និងជាផ្នែកមួយ នៃការជំរុញជាសកលរបស់អង្គការសហប្រជាជាតិ ដើម្បីធានាថាមនុស្សគ្រប់រូប ត្រូវបានការពារដោយប្រព័ន្ធប្រកាសឱ្យដឹងមុន ដែលមានប្រសិទ្ធភាពត្រឹមឆ្នាំ២០២៧។

លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា មូលនិធិអាកាសធាតុបៃតង នឹងជួយពង្រឹងស្ថាប័ន និងប្រព័ន្ធព័ត៌មាន ដើម្បីឱ្យប្រជាពលរដ្ឋអាចព្យាករណ៍ ហានិភ័យអាកាសធាតុ និងឆ្លើយតបមុនពេលគ្រោះមហន្តរាយកើតមាន។ នេះជាជំហានសំខាន់មួយឆ្ពោះទៅរកការកសាងភាពធន់ដែលអាចអនុវត្តបាន និងដឹកនាំដោយប្រទេសនីមួយៗ ខណៈសម្ពាធអាកាសធាតុកំពុងកើនឡើង»។

រដ្ឋាភិបាលកម្ពុជា បានអនុម័តក្របខណ្ឌគោលនយោបាយ រួមមានផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCC SP 2024 – 2033) ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ដែលបានដាក់ស្នើក្នុងឆ្នាំ២០២៥ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន ឆ្នាំ២០៥០។ 

តំណាងយូអិនឌីភីប្រចាំកម្ពុជា លោក អេនរីកូ ហ្គាវេលីយ៉ា បញ្ជាក់នៅក្នុងសិក្ខាសាលានៅខេត្តសៀមរាបនោះថា យូអិនឌីភី ដើរតួនាទីក្នុងការរួមបញ្ចូលដៃគូជាច្រើនក្នុងការសហការគ្នា បើទោះបីជាមានសញ្ញា បង្ហាញថា ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) កំពុងមានការកាត់បន្ថយក៏ដោយ។ លោកថាគំនិតផ្តួចផ្តើម ការប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា (EW4ALL) គឺជាគំរូជាក់ស្តែង សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីផ្តល់ប្រព័ន្ធប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាព ដោយមានគោលដៅយ៉ាងច្បាស់លាស់ ក្នុងការរួមបញ្ចូលនូវកិច្ចខិតខំរបស់រាជរដ្ឋាភិបាល សហគមន៍ និងសង្គមស៊ីវិល។ 

លោក អេនរីកូ ហ្គាវេលីយ៉ា៖ «ក្នុងពិភពលោកដែលកំពុងប្រឈមនឹងវិបត្តិស្មុគស្មាញជាច្រើន ការការពារជីវភាពរស់នៅ និងការកសាងភាពធន់សម្រាប់ក្រុមដែលងាយរងហានិភ័យ និងក្រុមជនងាយរងគ្រោះខ្ពស់ នៅតែជាគន្លឹះសំខាន់ នៃការប្តេជ្ញារួមរបស់អង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ ប្រព័ន្ធដែលរួមបញ្ចូល គិតគូរពីបរិយាប័ន្ន ប្រព័ន្ធមួយដែលគិតគូរ និងយកមនុស្សជាស្នូល។ ព្រមទាំងពង្រីកដំណោះស្រាយរួមដែលមានភាពច្នៃប្រឌិត និងនវានុវត្តន៍ខ្ពស់ ដើម្បីជួយឱ្យ ប្រទេសកម្ពុជាអាចព្យាករ និងឆ្លើយតបបានកាន់តែល្អប្រសើរជាងមុនចំពោះហានិភ័យ អាកាសធាតុ និងគ្រោះមហន្តរាយ»។ 

តំណាងក្រសួងធនធានទឹក និងឧតុនិយម លោក អឿង ចន្ថា លើកឡើងថា ការពង្រឹងសេវាឧតុនិយម និងជលសាស្ត្រ (hydromet) គឺជាគន្លឹះស្នូលក្នុងការកសាងប្រព័ន្ធ ប្រកាសឱ្យដឹងមុនដែលមានប្រសិទ្ធភាពនៅកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម បានប្តេជ្ញាពង្រឹងការប្រមូល វិភាគ និងផ្សព្វផ្សាយព័ត៌មានអាកាសធាតុដើម្បីគាំទ្រការព្យាករ ឱ្យទាន់ពេលវេលា និងមានភាពត្រឹមត្រូវ។ 

លោកមានប្រសាសន៍៖ «តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធប្រកាសឱ្យដឹងមុនសម្រាប់អ្នកទាំងអស់គ្នា នឹងជួយឱ្យមានការត្រៀមខ្លួន បានល្អប្រសើរជាងមុន កាត់បន្ថយហានិភ័យ និងគាំទ្រនូវការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដែលមានភាពធន់នឹងអាកាសធាតុ»។

របាយការណ៍សន្ទស្សន៍ហានិភ័យ អាកាសធាតុសកល (Global Climate Risk Index) ឆ្នាំ២០២០ ឱ្យដឹងថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមប្រទេសងាយរងហានិភ័យអាកាសធាតុនៅក្នុងពិភពលោក។ ការប្រែប្រួលអាកាសធាតុនេះ កំពុងបង្កើនហានិភ័យដល់ជីវិត និងការប្រកបរបររស់នៅប្រចាំថ្ងៃ របស់ពលរដ្ឋកម្ពុជាប្រហែល ១៧លាននាក់។

របាយការណ៍ប៉ាន់ប្រមាណថា ការប្រែប្រួលអាកាសធាតុ នឹងបង្កផលប៉ះពាល់ និងនាំឱ្យមានការធ្លាក់ចុះ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជារហូតដល់ ១០ភាគរយ ក្នុងឆ្នាំ២០៥០ខាងមុខ ប្រសិនបើ គ្មានវិធានការពង្រឹងភាពធន់ និងការសម្របខ្លួនឱ្យបានប្រសើរនោះទេ។

ជាមួយគ្នានេះ ហានិភ័យអាកាសធាតុទាំងនេះ នឹងបន្ថែមភាពធ្ងន់ធ្ងរទៀត ដល់ផ្នែកសង្គម និងសេដ្ឋកិច្ច ប្រសិនបើកង្វះខាតប្រព័ន្ធប្រកាសឱ្យដឹងមុន និងការត្រៀមខ្លួនទុកជាមុន។ សម្ពាធទាំងនេះ នឹងដាក់បន្ទុកធ្ងន់ទៅដល់សហគមន៍ជនបទ រួមមានស្ត្រី កុមារ ជនជាតិដើមភាគតិច ជនដែលមានពិការភាព និងក្រុមជនដែលងាយរងហានិភ័យផ្សេងទៀត៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2860}" data-page="1" data-max-pages="1" data-start="1" data-end="1">