មន្ទីរបរិស្ថានខេត្តព្រះវិហារថ្ដោលទោសការទន្រ្ទានដីព្រៃជិត៧០ហិកតា ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ និងបឹងពែរ

បរិស្ថាន

(មន្ត្រីមន្ទីរបរិស្ថានព្រះវិហារចុះអង្កេតករណីទន្ទ្រានព្រៃឈើកាលពីខែមិថុនា២០២៦ កន្លងទៅ)។

មន្ទីរបរិស្ថានខេត្តព្រះវិហារ ថ្ដោលទោសចំពោះបុគ្គលដែលគប់គិតគ្នា កាប់ទន្រ្ទានដីព្រៃដើម្បី​យកមកធ្វើជាកម្មសិទ្ធិប្រមាណជិត៧០ ហិកតារ ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃ ព្រៃឡង់ ក្នុង​ស្រុកឆែប និង ដែនជម្រកសត្វព្រៃបឹងពែរ ក្នុងស្រុករវៀង ខេត្តព្រះវិហារ។

យោងតាមសេចក្ដីប្រកាសចំនួនពីររបស់មន្ទីរបរិស្ថានខេត្តព្រះវិហារ ចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ​២០២៦ រកឃើញថា មានការលួចចូលកាប់រាន និងឈូសឆាយដីព្រៃ ដើម្បីយកមកធ្វើជាកម្ម​សិទ្ធិ និងទិញ-លក់ ដីព្រៃដោយខុសច្បាប់ ទំហំ៣៧ហិកតា នៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងឃុំរមទម ស្រុករវៀង និង ទំហំ៣០ ហិកតាទៀត នៅដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្រុកឆែប។ 

បើតាមមន្ទីរបរិស្ថាន ជនល្មើសដែលបានកាប់ទន្រ្ទានដីព្រៃនោះ ប្រឈមការជាប់ពន្ធនាគារ​ពី៥ឆ្នាំ ទៅ១០ឆ្នាំ ចំពោះអំពើកាប់រាន ទន្ទ្រាន ឈូសឆាយដីព្រៃ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។

ប្រភពដដែល បន្ថែមថា ករណីនេះ នគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថានខេត្ត កំពុងស៊ើបអង្កេត និងកំណត់អត្តសញ្ញាណជនសង្ស័យ។

សេចក្ដីថ្លែងការណ៍ និយាយថា៖ «ជាថ្មីម្តងទៀតមន្ទីរបរិស្ថានខេត្តព្រះវិហារ សូមធ្វើការថ្កោលទោស និងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងចំពោះបុគ្គលគប់គិតគ្នាប្រព្រឹត្តបទល្មើសធនធានធម្ម​ជាតិ និងធ្វើសកម្មភាពកាប់រាន ទន្ទ្រាន ឈូសឆាយដីព្រៃ និងដុតព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាតំបន់ការពារធម្មជាតិ»។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ អង្គការស៊ើបអង្កេតបរិស្ថានរបស់ចក្រភពអង់គ្លេស (EIA) ទាមទារឱ្យវៀតណាម ត្រួតពិនិត្យប្រព័ន្ធផ្ទៀងផ្ទាត់ភាពស្របច្បាប់ នៃការនាំចូលឈើពីប្រទេស​កម្ពុជា។ EIA ចោទថា ឈើនាំចេញពីកម្ពុជាទៅទីផ្សារវៀតណាមមួយចំនួន បានមកពីការកាប់បំផ្លាញដោយខុសច្បាប់ និងអំពើពុករលួយ។

អ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា ក្រសួងកំពុងរៀបចំសំណុំរឿងកាប់បំផ្លាញព្រៃឈើនៅខេត្តព្រះវិហារ ទៅកាន់តុលាការដើម្បីចាត់វិធានការតាមច្បាប់។
លោក និយាយថា៖ «យើងកំពុងរៀបចំ ទីមួយគឺយើងរកឃើញពិតប្រាកដហើយ ហើយរៀបចំសំណុំរឿងដាក់ទៅតុលាការ។ ហើយមួយទៀតគឺយើងធ្វើការសហការជាមួយអាជ្ញាធរខេត្តដើម្បីចុះចាត់ការតាមនីតិវិធីច្បាប់បន្តទៀត»។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បន្តថា អាជ្ញាធរកំពុងជំរុញឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារតំបន់ការពារធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់ទន្រ្ទានដីព្រៃបែបនេះ។

បន្ថែមពីលើនេះ លោកថា ក្រសួងក៏កំពុងជំរុញឱ្យមានការដាំស្ដារព្រៃឈើ និងលើកកម្ពស់ជីវ​ភាពសហគមន៍តាមរយៈការចិញ្ចឹមសត្វ ដាំបន្លែ និងការទាញយកប្រយោជន៍ពីទេសចរណ៍ធម្មជាតិ ជាជាងការពឹងផ្អែកលើព្រៃឈើ។

ជុំវិញករណីនេះ សកម្មជនបរិស្ថានលោក ម៉ា ចិត្រា មានប្រសាសន៍ថា ក្រសួងបរិស្ថាន ត្រូវចាត់វិធានការតាមច្បាប់ចំពោះជនល្មើស មិនមែនគ្រាន់តែចេញសេចក្ដីថ្ដោលទោសនោះទេ។

ជាងនេះទៅទៀតលោកថា ក្រៅពីការដាក់ទោសជនបង្ក អាជ្ញាធរពាក់ព័ន្ធក៏ត្រូវទទួលខុសត្រូវផងដែរ ចំពោះការបណ្ដែតបណ្ដោយឱ្យមានការកាប់បំផ្លាញដីព្រៃរាប់សិបហិកតាបែបនេះ។
លោក និយាយថា៖ «ធម្មតាការទន្រ្ទានដីព្រៃ វាមិនមែនធ្វើឡើងមួយថ្ងៃពីរថ្ងៃទេ ព្រោះដី៣០​ទៅ​៤០ហិកតា ទំហំធំណាស់ សួរថា តើអំឡុងពេលគាត់កាន់តំណែង គាត់ទៅណា បានគេទន្រ្ទាន​យកដីប៉ុណ្ណឹងបាន?។ អាហ្នឹងជាការទទួលខុសត្រូវរបស់គាត់ខ្លាំងមែនទែន មិនមែនតែលើ​ជន​លើ្មសដែលបំផ្លាញដីព្រៃនោះទេ»៕

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3137}" data-page="1" data-max-pages="1" data-start="1" data-end="1">