សហគមន៍ជនជាតិដើមភាគតិចចារ៉ាយ នៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ប្រកាន់ជំហរដោយទទូចដល់អាជ្ញាធរ ធ្វើយ៉ាងណាមិនឱ្យក្រុមហ៊ុនឯកជនបន្តធ្វើសកម្មភាពរុករករ៉ែនៅក្នុងដីសហគមន៍ពួកគាត់បបន្តទៀតឡើយ ទោះបីជាមានការសន្យាផ្តល់សំណងជាប្រាក់កាសពីភាគីក្រុមហ៊ុន ដែលសម្របសម្រួលដោយអាជ្ញាធរនៅក្នុងតំបន់ក៏ដោយ។
ការបញ្ជាក់ជំហររបស់ពលរដ្ឋបែបនេះ ស្របពេលពួកគេឱ្យដឹងថា មេភូមិបានកោះហៅតំណាងប្រជាពលរដ្ឋឱ្យទៅចូលរួមប្រជុំពិភាក្សាផ្ទាល់ជាមួយភាគីក្រុមហ៊ុន នៅឯផ្ទះមេភូមិនៅល្ងាចថ្ងៃទី២៧ ខែឧសភានេះ។
លោក រម៉ាម ស្រិន ម្ចាស់ដីដែលរងផលប៉ះពាល់ពីសកម្មភាពរុករករ៉ែរបស់ក្រុមហ៊ុនចិនកាលពីពេលថ្មីៗនេះ បានប្រាប់ប្រជាកាសែតនៅថ្ងៃនេះថា ពេលនេះក្រុមហ៊ុនបានបញ្ឈប់សកម្មភាព និងដកគ្រឿងចក្រចេញ បន្ទាប់ពីអ្នកភូមិមកហាមឃាត់ និងអាជ្ញាធរជួយអន្ករាគមន៍ យ៉ាងណាលោកនៅតែមានក្ដីបារម្ភពីអនាគតសហគមន៍ទាំងមូល ធនធានធម្មជាតិ ដែលសហគមន៍អាស្រ័យផល និងដីចម្ការរបស់លោក។
លោក ស្រិន ឱ្យដឹងទៀតថា មេភូមិ បានមកប្រាប់ពលរដ្ឋឱ្យទៅប្រជុំជាមួយភាគីក្រុមហ៊ុន ដោយមានអាជ្ញាធរពាក់ព័ន្ធចូលរួមជាមួយ ប៉ុន្ដែលោកបញ្ជាក់ថា ពលរដ្ឋនៅប្រកាន់ជំហរមិនឱ្យក្រុមហ៊ុនមកទៀត ហើយក៏មិនទទួលសំណងពីក្រុមហ៊ុននោះទេ។
លោក រម៉ាម ស្រិន៖ «ក្រុមហ៊ុនគេមក ឱ្យយើងទៅជួបនៅផ្ទះមេភូមិ ល្ងាចម៉ោង៥ មេភូមិមកប្រាប់ពេលព្រឹកមិញហ្នឹង»។ លោកបន្ត៖ «ខ្ញុំនៅតែបដិសេធ នៅតែមិនឱ្យចូលមកកន្លែងហ្នឹងទៀតទេ អត់ឱ្យចូលដាច់ខាត។ ខ្ញុំប្រាប់មេឃុំដែរ ខ្ញុំនិយាយជាមួយគាត់ថ្ងៃមុន ខ្ញុំសំណូមពរជាមួយគាត់ថា ធ្វើម៉េចកុំឱ្យក្រុមហ៊ុនហ្នឹង មកកន្លែងហ្នឹងទៀត ខ្ញុំអត់ចង់បាន ក្រុមហ៊ុនរុករករ៉ែ មកកន្លែងនេះទៀតទេ ព្រោះអី ពួកខ្ញុំអត់មានអីទេ ក្រៅពីធ្វើចម្ការ បើរ៉ែគេមករកកន្លែងហ្នឹងទៀត វាលំបាកដល់អ្នកភូមិ អ្នកម្ចាស់ចម្ការទៀត។ ធ្វើម៉េចលោកមេភូមិមេឃុំ កុំឱ្យគាត់ [ក្រុមហ៊ុន] ចូលមកទៀត ហើយលុបអាជ្ញាប័ណ្ណហ្នឹង បើគាត់មកចូលកន្លែងនេះទៀត។ គាត់ថាអត់អីទេ ចាំខ្ញុំសម្រួលឱ្យ»។
ក្រុមហ៊ុនរុករករ៉ែឯកជនមួយឈ្មោះ ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក. បានលួចបញ្ជូនគ្រឿងចក្រចូលទៅកាយដីចម្ការរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចចារ៉ាយ ដោយគ្មានការជូនដំណឹងដល់ម្ចាស់ចម្ការ ឬអាជ្ញាធរភូមិឡើយ បណ្តាលឱ្យខូចខាតដំណាំដំឡូងមីរបស់ពលរដ្ឋ។
ម្ចាស់ចម្ការម្នាក់ទៀតនៅភូមិគងធំ លោក ក្លាន ឡិ អាយុ ៤២ឆ្នាំ ប្រាប់ប្រជាកាសែតថា គ្រឿងចក្រក្រុមហ៊ុនបានកាយដីជារណ្តៅធំៗ ចំនួន ៥កន្លែង ដោយក្នុងនោះ ៣កន្លែងបានបំផ្លាញដំណាំដំឡូងមី ដែលលោកខំប្រឹងដាំទាំងលំបាក។ ម្ចាស់ដីរូបនេះ មានដីចម្ការប្រហែល ៧ហិកតា ដាំដំឡូងមីប្រចាំឆ្នាំ ដែលក្នុងមួយឆ្នាំៗ លោករកចំណូលបានចន្លោះពី ៣ពាន់ ទៅ៤ពាន់ដុល្លារសម្រាប់តម្លៃទីផ្សារធម្មតា ប៉ុន្តែបើដំឡូងមី មានទីផ្សារល្អ លោកអាចរកបានពីចន្លោះ ៧ពាន់ ទៅ៨ពាន់ដុល្លារ។
លោក ឡិ បញ្ជាក់ទៀតថា លោកជាកសិករ ដែលពឹងផ្អែកលើប្រាក់ចំណូលតែពីការធ្វើស្រែចម្ការ។ លោកថា លោកស្នើសុំឱ្យរក្សាទុកតំបន់ទាំងមូលឱ្យពលរដ្ឋអាស្រ័យផលតាមធម្មតា ដោយមិនបាច់មានក្រុមហ៊ុនមករុករករ៉ែអីនោះទេ។
លោក ក្លាន ឡិ អះអាងយ៉ាងដូច្នេះ៖ «ខ្ញុំអត់ចង់បានលុយសំណងអីទេ បើយើងយកលុយគេ ខ្លាចគេចូលមកទៀត បារម្ភដូចថាអត់ឱ្យ [ក្រុមហ៊ុន] ចូលហ្មង បារម្ភខ្លាចបាត់បង់ដី។ សុំទុកអីឱ្យដូចសព្វថ្ងៃទៅបានហើយ»។
រដ្ឋបាលស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភានេះថា អាជ្ញាធរ បានសហការជាមួយមន្ទីររ៉ែ និងថាមពល ខេត្តរតនគិរី បានចុះណែនាំក្រុមហ៊ុនឱ្យបញ្ឈប់សកម្មភាព និងដកគ្រឿងចក្រចេញពីដីចម្ការខាងលើនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយដឹងថា ក្រុមហ៊ុន ហ្គោលដេន ជេនើរេសិន អ៊ិនវេសម៉ិន (ខេមបូឌា)ឯ.ក. ធ្វើសកម្មភាពស្វែងរុករក (រ៉ែលោហៈ) បានប៉ះពាល់ដីចម្ការដំឡូងមីទើបដាំរួចរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
រដ្ឋបាលស្រុកអូរយ៉ាដាវ បន្ថែមថា អាជ្ញាធររកឃើញថា សកម្មភាពស្វែងរុករករ៉ែរបស់ក្រុមហ៊ុនបានធ្វើឱ្យប៉ះពាល់ និងខូចខាតដល់ដើមដំឡូងមីមួយចំនួនរបស់ប្រជាពលរដ្ឋម្ចាស់ចម្ការ ៤គ្រួសារ។ ភ្លាមៗ រដ្ឋបាលស្រុកអូរយ៉ាដាវ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី និងក្រុមហ៊ុន ដើម្បីដោះស្រាយលើបញ្ហានេះ។
ក្នុងកិច្ចប្រជុំនោះ រដ្ឋបាលស្រុក បានស្នើមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី និងក្រុមហ៊ុន ត្រូវទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ ជូនដំណឹងដល់អ្នកពាក់ព័ន្ធឱ្យបានទូលំទូលាយជាមុនសិន ទោះបីក្រុមហ៊ុនមានអាជ្ញាប័ណ្ណក៏ដោយ។ សម្រាប់ទីតាំង ដែលមានបញ្ហាជាមួយប្រជាពលរដ្ឋទាំង៤គ្រួសារ ក្រុមហ៊ុនមិនត្រូវធ្វើសកម្មភាពបន្តទៀតឡើយ និងក្នុងករណីប៉ះចំដីចម្ការប្រជាពលរដ្ឋ ក្រុមហ៊ុនត្រូវធ្វើការជជែកគ្នា ជាមួយម្ចាស់ចម្ការឱ្យបានច្បាស់លាស់ និងត្រូវមានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងក្រុមហ៊ុន និងម្ចាស់ចម្ការជាមុនសិន មុននឹងក្រុមហ៊ុនចូលធ្វើសកម្មភាព។
មេភូមិគងធំ លោក ហេង វី បានអះអាងប្រាប់ប្រជាកាសែតថា ថ្ងៃនេះមានជំនួបរវាងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ជាមួយក្រុមហ៊ុន ដោយមានការចូលរួមពីសំណាក់អភិបាលស្រុក អភិបាលរងស្រុក តំណាងមន្ទីររ៉ែ អធិការស្រុក មេប៉ូលិស មេបញ្ជាការកងរាជអាវុធហត្ថ ព្រមទាំងតំណាងភាគីក្រុមហ៊ុន ដើម្បីចុះដោះស្រាយ និងសម្របសម្រួលករណីផលប៉ះពាល់ដីធ្លីរបស់ប្រជាពលរដ្ឋ។
លោកមេភូមិឱ្យដឹងថា ជំនួបនេះ ភាគីក្រុមហ៊ុនចង់ទទួលស្គាល់កំហុស និងចង់ផ្តល់សំណងខូចខាតជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ ទោះជាយ៉ាងណាក៏ដោយ លោកមេភូមិបានបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានបង្ហាញជំហរដាច់ខាត ដោយពួកគាត់មិនចង់បានសំណងនោះទេ ប៉ុន្ដែអ្វីដែលទាមទារ គឺសុំឱ្យក្រុមហ៊ុនបញ្ឈប់សកម្មភាពរុករករ៉ែនៅក្នុងតំបន់នោះជាដាច់ខាត។
លោក ហេង វី៖ «ក្រុមហ៊ុនក៏ គាត់ថា គាត់សង។ យប់មិញតេមកខ្ញុំ ថាសងថ្ងៃនេះ ខ្ញុំថាបើសងថ្ងៃនេះ ខ្ញុំអត់យកទៅឱ្យអ្នកភូមិទេ ដោយសារខ្ញុំខ្លាច បើថាមានអភិបាលស្រុករង ឬក៏មានអធិការ ឬក៏ប៉ូលិស សងហ្នឹង ខ្ញុំចូលរួម ខ្ញុំថាអ៊ីចឹង ដោយសារតែប្រជាពលរដ្ឋថាខ្ញុំស៊ីសំណូកសូកប៉ាន់ ដឹងតែប្រជាពលរដ្ឋអត់យកហើយ ព្រោះប្រជាពលរដ្ឋគាត់សំណូមពរឱ្យក្រុមហ៊ុនចាកចេញពីដីរបស់គាត់ ថាអ៊ីចឹង លុយកាក់គាត់អត់យកទេ សុំតែក្រុមហ៊ុនចេញកុំរុករក»។
ជុំវិញសំណូមពររបស់ប្រជាពលរដ្ឋ លោកមេភូមិរូបនេះ បញ្ជាក់ថា លោកមិនដឹងអំពីការដោះស្រាយជាក់លាក់យ៉ាងណានៅឡើយទេ ប៉ុន្តែលោកឱ្យដឹងថា លោកអភិបាលស្រុកបានបញ្ជាឱ្យក្រុមហ៊ុនផ្អាក និងឈប់ចូលទៅកន្លែងណាដែលធ្វើឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
លោកមានប្រសាសន៍៖ «ខ្ញុំដូចជាអត់ដឹងដែរ ប៉ុន្តែលោកអភិបាលស្រុក គាត់ថា កន្លែងណាប្រជាពលរដ្ឋតវ៉ា គាត់ថា ឈប់ កុំចូលកន្លែងមានបញ្ហា។ កន្លែងណាមានបញ្ហា គាត់ឈប់ឱ្យក្រុមហ៊ុនចូល កុំចូលទៀត គាត់និយាយអ៊ីចឹងដែរ»។
ភូមិគងធំ មានប្រជាពលរដ្ឋសរុបប្រមាណជាង ១ពាន់២រយនាក់។ ប្រជាពលរដ្ឋ ដូចជាលោក ក្លាន ឡិ និងលោក រម៉ាម ស្រិន បានអំពាវនាវដល់ប្រជាសហគមន៍ទាំងមូល ឱ្យរួម គ្នាជាធ្លុងមួយ ដើម្បីរក្សាដីធ្លីដូនតា ធនាធានធម្មជាតិ និងដីអាស្រ័យផលរបស់សហគមន៍ឱ្យបានគង់វង្ស៕







