ODC ដាក់ឱ្យប្រើប្រព័ន្ធទិន្នន័យលើតេឡេក្រាម ដើម្បីជួយសហគមន៍ទប់ស្កាត់បទល្មើសព្រៃឈើទាន់ពេល

បរិស្ថាន

ភ្នំពេញ៖ អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិន្នន័យថ្មីមួយ ដែលអាចផ្ដល់ដំណឹងរាល់ពេលមានការរំខាន ឬការប្រែប្រួលគម្របព្រៃឈើនៅកម្ពុជា។ វេទិកានេះ ដំណើរការផ្ដល់ព័ត៌មានតាមរយៈក្រុមតេឡេក្រាម (Telegram) សម្រួលដល់សហគមន៍មូលដ្ឋាន និងអ្នកប្រើប្រាស់ទូទៅ ដែលមិនមែនជាអ្នកបច្ចេកទេស អាចឱ្យទទួលបានទិន្នន័យបានលឿន។ គំនិតផ្ដួចផ្ដើមនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនតម្លាភាពទិន្នន័យបើកទូលាយ និងជួយដល់ភាគីពាក់ព័ន្ធក្នុងការចាត់វិធានការការពារព្រៃឈើបានទាន់ពេលវេលា។

ក្នុងពិធីសម្ពោធប្រព័ន្ធជូនដំណឹងពីការរំខានព្រៃឈើ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នាយកប្រតិបត្តិអង្គការអូឌីស៊ី លោក ធី ទ្រី ថ្លែងថា ប្រព័ន្ធថ្មីនេះបានបំប្លែងទិន្នន័យស្មុគស្មាញ ឱ្យទៅជាព័ត៌មានងាយស្រួលយល់។ លោកបន្ថែមថា ពលរដ្ឋមូលដ្ឋាន នឹងទទួលបានសារជូនដំណឹងភ្លាមៗលើតេឡេក្រាម រាល់ពេលមានការប្រែប្រួលគម្របព្រៃឈើ ដើម្បីឱ្យពួកគាត់អាចចុះទៅផ្ទៀងផ្ទាត់ និងទប់ស្កាត់បទល្មើសបានទាន់ពេល។

លោក ធី ទ្រី៖ «កន្លែងនេះ ខ្ញុំគិតថាវាមានភាពល្អប្រសើរជាងមុន ហើយអាចជួយជំនួយឱ្យទិន្នន័យ ដែលនៅក្នុងប្រព័ន្ធរបស់យើង ជូនទៅដល់ដៃរបស់អ្នកទាំងអស់គ្នានៅមូលដ្ឋាន»។

លោកបន្ត៖ «ភាពជោគជ័យគម្រោងយើង មិនមែនមានន័យថាយើងដាក់ទៅលើវេបសាយតែម្យ៉ាងនោះទេ ប៉ុន្ដែគឺការប្រើប្រាស់ពីអ្នកទាំងអស់គ្នា ហើយទោះបីជាអ្នកទាំងអស់គ្នាប្រើប្រាស់ទៅ មានចំណុចល្អ ឬក៏ចំណុចមិនល្អ យើងទាំងអស់គ្នា ស្វាគមន៍ក្នុងការទទួលយកមតិទាំងនោះដើម្បីធ្វើយ៉ាងណាឱ្យការបង្កើតឧបករណ៍(Tool) ឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកទាំងអស់គ្នា ព្រោះខ្ញុំគិតថាអ្នកទាំងអស់គ្នាមានការអនុវត្តគម្រោង ក៏ដូចជាទីតាំងអភិរក្សមានលក្ខណៈពិសេសៗរៀងៗខ្លួន»។
ជាមួយគ្នានេះដែរ នាយកប្រចាំប្រទេសកម្ពុជានៃអង្គការជំនួយប្រជាជនន័រវេស្សន៍ (NPA) លោក Hans Risser បានគូសបញ្ជាក់ថា ដ្បិតព្រៃឈើនៅកម្ពុជា មានសារៈសំខាន់ សម្រាប់ជីវៈចម្រុះក្នុងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងលើកស្ទួយជីវភាពសហគមន៍ក្ដី ប៉ុន្តែការកាប់បំផ្លាញនៅតែជាបញ្ហាប្រឈមដ៏ធំមួយ។ 

លោកបន្ថែមថា បញ្ហាពិតប្រាកដមិនមែនមកពីការខ្វះទិន្នន័យផ្កាយរណបនោះទេ ប៉ុន្តែស្ថិតលើដំណោះស្រាយយ៉ាងណា ឱ្យសហគមន៍មូលដ្ឋាន អាចឈានទៅប្រើប្រាស់ទិន្នន័យដោយផ្ទាល់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការការពារព្រៃឈើ។

លោក Hans Risser: «ក្នុងបរិយាបន្ន នៃការប្រើប្រាស់ហ្នឹង គឺធ្វើម៉េច យើងរួមបញ្ចូលប្រជាពលរដ្ឋ ដែលនៅតាមតំបន់ដាច់ស្រយាល ឬក៏ជនជាតិដើមភាគតិច ដើម្បីឱ្យគាត់ អាចប្រើប្រាស់ព័ត៌មានទិន្នន័យហ្នឹងបាន។ យើងសង្ឃឹមថា ការដាក់បញ្ចូលព័ត៌មានទិន្នន័យហ្នឹង ចូល ទៅក្នុងប្រព័ន្ធរបស់ថ្នាក់ជាតិ នឹងជួយធ្វើឱ្យការការពារព្រៃឈើនៅកម្ពុជា កាន់តែមាននិរន្តរភាព»។

ព័ត៌មានទិន្នន័យស្តីពីការជូនដំណឹងអំពីការរំខានព្រៃឈើ បានប្រមូល និងដំណើរការទិន្នន័យជូនដំណឹងពីស្ថាប័នចំនួនបីដូចជា Global Forest Watch (ស្ថាប័នតាមដានព្រៃឈើជុំវិញសកលលោក) JJ-FAST (ប្រព័ន្ធផ្កាយរណបដែលបង្កើតឡើងដោយភាគីជប៉ុន JAXA) និង SERVIR-Southeast Asia។ 

ប្រព័ន្ធនេះ ប្រើប្រាស់ទិន្នន័យគម្របដីឆ្នាំ២០២១ ដែលកំណត់យកព្រំដែនលើប្រភេទផ្ទៃដីព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃល្បោះ ព្រៃលិចទឹក និងព្រៃកោងកាង។ ប្រព័ន្ធនេះក៏ភ្ជាប់ការជូនដំណឹងទៅនឹងព្រំប្រទល់រដ្ឋបាល តំបន់ការពារធម្មជាតិ និងតំបន់គោលដៅដែលអ្នកប្រើប្រាស់បានកំណត់ផងដែរ។

ស្ថាបត្យករដំណោះស្រាយព័ត៌មានវិទ្យាភូមិសាស្ត្រ និងជាអ្នកប្រឹក្សាលើគម្រោងព័ត៌មានទិន្នន័យពីការរំខានព្រៃឈើនេះ គឺលោក ចាន់ថងន៍ បូរ៉ាមី ឱ្យដឹងថាទិន្នន័យផ្កាយរណបមានស្រាប់ ប៉ុន្តែការប្រើប្រាស់មិនទូលំទូលាយ ប្រើបានត្រឹមតែក្រុមអ្នកបច្ចេកទេស។ ហេតុនេះ លោកថាគម្រោងបានជំរុញ និងបំប្លែងទិន្នន័យទាំងនោះ ឱ្យកាន់តែងាយស្រួលប្រើប្រាស់សម្រាប់គ្រប់គ្នា និងទៅដល់ដៃសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគាត់អាចយកទៅប្រើប្រាស់ក្នុងការការពារព្រៃឈើបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុន។

លោក បូរ៉ាមី៖ «បច្ចេកវិទ្យាផ្កាយរណប គឺអត់មានដែនកំណត់ទេ អត់មានអ្នកណាអាចលាក់បាំងនូវរាល់សកម្មភាពនៅលើផែនដីបានទេ ចំពោះបច្ចេកវិទ្យាសព្វថ្ងៃហ្នឹង។ អ៊ីចឹងហើយ បានជាការត្រួតពិនិត្យ និងការការពារព្រៃឈើ គេប្រើប្រព័ន្ធផ្កាយរណប»។

បើតាមអ្នកជំនាញរូបនេះ ប្រព័ន្ធព័ត៌មានទិន្នន័យពីការរំខានព្រៃឈើនេះ លោតសារប្រាប់ដំណឹងទៅលើឆាណែលតេឡេក្រាម ដែលមានស្រាប់ លុះណាតែ ការរំខានព្រៃឈើមានទំហំផ្ទៃដី ១០ម៉ែត្របួនជ្រុង ហើយបញ្ជាក់ដោយផ្កាយរណបពីរផ្សេងៗ ហោះកាត់លើទីតាំងតែមួយ រកឃើញការរំខានព្រៃឈើនៅតំបន់ដូចគ្នានោះ។ យ៉ាងណា លោកថា ប្រព័ន្ធនេះនៅតែត្រូវការការបញ្ជាក់ពីមនុស្សដដែល ដើម្បីរកឱ្យឃើញថា តំបន់រាយការណ៍នោះ ពិតជាមានករណីកាប់បំផ្លាញព្រៃឈើមែន ឬគ្រាន់តែបង្កដោយបញ្ហាគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះជាដើម។

ស្រដៀងគ្នានេះដែរ អ្នកសម្របសម្រួលកម្មវិធីការគ្រប់គ្រងធនធានធម្មជាតិ នៃអង្គការអូឌីស៊ី អ្នកស្រី គឹម ឈួនវួច ឱ្យដឹងថា កន្លងមក សហគមន៍មួយចំនួន និងប្រហែលជាមានអង្គការដៃគូមួយចំនួនដែរ ពួកគាត់មាន App គេហៅថា Smart ដែលជូនដំណឹងទាក់ទងនឹងការរំខានព្រៃឈើរួចហើយ ប៉ុន្ដែក៏នៅមានសហគមន៍មួយចំនួនទៀត ឬអង្គការសង្គមស៊ីវិលជាច្រើនទៀត ដែលគាត់អត់បានដឹងរឿងហ្នឹង ហើយគាត់ចង់បានទិន្នន័យហ្នឹងដូចគ្នា។

អ្នកស្រីបន្ថែមថា ដូច្នេះទើបអូឌីស៊ី បង្កើតព័ត៌មានទិន្នន័យហ្នឹង ដែលសាធារណជនអាចចូលប្រើប្រាស់បានដោយសេរី ដោយមិនចាំបាច់ទាល់តែមានអង្គការដៃគូជួយគាត់ទេ។ 

អ្នកស្រី ឈួនវួច៖ «នៅពេលមានព័ត៌មានទិន្នន័យពីការជូនដំណឹងព្រៃឈើ នៅពេលដែលមានលោតសារផ្ញើទៅ ទោះយ៉ាងម៉េចក៏ដោយក៏គាត់មានតម្រុយខ្លះៗដែរថាគួរតែទៅមើលកន្លែងហ្នឹង កុំឱ្យថា យើងទៅព្រាវសុទ្ធ»។ អ្នកស្រីបន្ថែម៖ «ការព្យាយាមបញ្ជូនទិន្នន័យហ្នឹង ដើម្បីឱ្យសហគមន៍ ឬក៏អង្គការសង្គមស៊ីវិល ឬក៏អាជ្ញាធរមូលដ្ឋាន គាត់អាចមើលបានថាកន្លែងណាមានការទន្ទ្រាន ឬក៏កន្លែងណាមានការរំខានព្រៃឈើ ហើយគាត់អាចចាត់វិធានការទប់ស្កាត់ទាន់ពេលវេលាដើម្បីការពារព្រៃឈើទាំងអស់ហ្នឹងបាន»។

ប្រធានគណៈកម្មការសហគមន៍ព្រៃឈើភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរីលោក តើយ ច្រែល ឱ្យដឹងថា លោកចុះល្បាតផ្ទាល់ក្នុងព្រៃ ដោយមានការសហការផ្ទាល់ជាមួយគណៈកម្មការ សមាជិកសហគមន៍ អាជ្ញាធរភូមិឃុំ និងមន្ត្រីជំនាញ ដើម្បីត្រួតពិនិត្យចំណុចកើតហេតុជាក់ស្តែង និងទប់ស្កាត់ការកាប់រុករានទន្ទ្រានដីព្រៃពីសំណាក់ឈ្មួញទុច្ចរិត។ ព្រៃសហគមន៍ភូមិពូត្រែងមានផ្ទៃដីប្រមាណ ២ពាន់ហិកតា លោកថាបែងចែកជាពីរគឺ សហគមន៍ព្រៃឈើ និងដីសមូហភាព សម្រាប់ប្រជាពលរដ្ឋ ដែលភាគច្រើនជាជនជាតិដើមភាគតិចពូនងធ្វើចំការវិលជុំ។

ក្នុងវ័យ ៥៦ឆ្នាំ លោក តើយ ច្រែល យល់ថាប្រព័ន្ធនេះមានប្រយោជន៍ខ្លាំង ជួយសម្រួលដល់ការកំណត់ទីតាំងបទល្មើសព្រៃឈើពេលចុះល្បាត។

យ៉ាងណា លោក តើយ ច្រែល លើកឡើងបែបនេះ៖ «តេឡេក្រាមពួកខ្ញុំមាន តែចង់បន្ថែមថា ដូចជាខាងអង្គការដៃគូជួយ បើកវគ្គណែនាំដូចថា បង្រៀនដល់សហគមន៍ ដល់គណៈកម្មការ ដើម្បីងាយស្រួលនិងប្រើប្រាស់ឧបករណ៍ទាំងឡាយ ដូចជា App ដែលពួកខ្ញុំអត់ទាន់យល់ អត់ដែលប្រើកន្លងមក»។

គួរជម្រាបថា នៅពេលមានការរំខានព្រៃឈើ ប្រព័ន្ធនេះនឹងផ្ញើសារជូនដំណឹងដោយស្វ័យប្រវត្តិ ទៅកាន់ក្រុមរបស់សហគមន៍ភ្លាមៗ ដែលមកដល់ពេលនេះ អូឌីស៊ីមានក្រុមតេឡេក្រាមចំនួន៥ ដូចជាក្រុមតេឡេក្រាមដែលរាយការណ៍ពីករណីរំខានក្ដោបក្នុងប្រទេសកម្ពុជាទាំងមូល តំបន់ឧទ្យានជាតិវីរជ័យ ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃសៀមប៉ាង។

សហគមន៍អាចស្នើសុំបង្កើតឆាណែលតេឡេក្រាមផ្ទាល់ខ្លួនសម្រាប់តាមដានតំបន់ជាក់លាក់ណាមួយ ដែលទទួលបានព័ត៌មានរួមមាន ទីតាំង និងថ្ងៃខែ ដែលមានការរំខានព្រៃឈើ។ បន្ទាប់ពីទទួលបានដំណឹងតាមតេឡេក្រាម សហគមន៍ត្រូវចុះទៅផ្ទៀងផ្ទាត់ផ្ទាល់ដល់ទីតាំងកើតហេតុ ដើម្បីបញ្ជាក់ថាការរំខាននោះបង្កឡើងដោយមនុស្ស ឬដោយធម្មជាតិ៕ 

បរិស្ថាន","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3078}" data-page="1" data-max-pages="1" data-start="1" data-end="1">