ភាគីគាំទ្រលទ្ធិប្រជាធិបតេយ្យសម្ដែងការខកចិត្ត បន្ទាប់ពីសាលាឧទ្ធរណ៍ផ្តន្ទាទោស លោក កឹម សុខា

នយោបាយ

សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ គឺជាការដើរថយក្រោយយ៉ាងធ្ងន់ធ្ងរនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តប្រើប្រាស់អំណាចតុលាការ ដើម្បីបំបាក់ស្មារតីអ្នកនយោបាយបក្សប្រឆាំង និងរឹតត្បិតសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ នេះជាសំណេររបស់សាស្ត្រាចារ្យជំនាញភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី នៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២៦ គឺប្រហែលកន្លះម៉ោងក្រោយពេលលោកទទួលបានដំណឹងពីសាលាដីការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។

លោក សេង វណ្ណលី បន្ថែមថា ការតម្កល់សាលក្រមផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ និងការហាមឃាត់មិនឱ្យចាកចេញពីប្រទេសរយៈពេល ៥ឆ្នាំទៀតនោះ គឺជាទង្វើអយុត្តិធម៌បំផុតសម្រាប់លោក កឹម សុខា ដែលបានលះបង់ដើម្បីលទ្ធិប្រជាធិបតេយ្យ។

លោក សេង វណ្ណលី៖ «តុលាការហាក់បីដូចជាមិនបានពិចារណាលើភស្តុតាងដោះបន្ទុក ឬគោលការណ៍ច្បាប់អន្តរជាតិឡើយ ប៉ុន្តែបែរជាជ្រើសរើសយកការសម្រេចតាមខ្សែញាក់នយោបាយ ដើម្បីកម្ចាត់ដៃគូប្រកួតប្រជែងឱ្យចេញពីសង្វៀននយោបាយទាំងស្រុង។ការ ចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស គ្រាន់តែជាលេសដ៏ទន់ជ្រាយមួយដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយវាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ»។ 

នៅព្រឹកថ្ងៃទី៣០ខែមេសាដដែលតំណាងដៃគូអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជាក៏ថ្លែងការណ៍បារម្ភពីស្ថានភាពនយោបាយកម្ពុជានៅពេលដែលឃើញសាលដីការតុលាការ ចំពោះរូបលោកកឹម សុខាដែរ។ 

ទន្ទឹមនឹងនេះស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនដោយសម្ដែងការខកចិត្តយ៉ាងខ្លាំង ចំពោះដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។

ស្ថានទូតអូស្ត្រាលី៖«អូស្ត្រាលីតែងតែលើកឡើងពីការព្រួយបារម្ភអំពីការប្រើប្រាស់យន្តការផ្លូវច្បាប់ដើម្បីកម្រិគណបក្សប្រឆាំង ។ លទ្ធផលនៅថ្ងៃនេះ រឹតតែធ្វើតែយើងកាន់តែព្រួយបារម្ភ»។
អូស្ត្រាលីបន្ថែមថា ពួកគេជម្រុញឱ្យកម្ពុជាចាត់វិធានការពិតប្រាកដ ដើម្បីពង្រីកលំហរសង្គមស៊ីវិលនិងសេរីភាពនយោបាយ ព្រមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបោះឆ្នោតពិតប្រាកដនៅកម្ពុជា។

ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្តារដ្ឋសមាជិកប្រចាំនៅកម្ពុជា ក៏សម្ដែងការខកចិត្តដែលចំពោះស្ថានភាពនៅកម្ពុជា។ស្ថានប្រតិភូសហភាពអឺរ៉ុប ដែលមានវត្តមាននៅក្នុងព្រះរាជា ណាចក្រកម្ពុជា កត់សម្គាល់ដោយក្ដីកង្វល់ចំពោះលទ្ធផលនៃសវនាការបណ្ដឹងឧទ្ធរណ៍របស់លោក កឹម សុខា។

ស្ថានប្រតិភូសហភាពអឺរ៉ុប ៖«នយោបាយពហុបក្ស គឺជាកត្តាដ៏ចាំបាច់សម្រួលដល់ការបើកលំហនយោបាយ និងលំហសេរីភាពស៊ីវិលនៅក្នុងប្រទេសកម្ពុជា ដោយគោរពតាមការប្តេជ្ញាចិត្តលើប្រជាធិបតេយ្យរបស់ខ្លួន។ស្ថានប្រតិភូសហភាពអឺរ៉ុប និងបណ្តារដ្ឋសមាជិកប្រចាំកម្ពុជា តែងតែគាំទ្រជាប្រចាំដល់នីតិរដ្ឋនៅកម្ពុជា ហើយសង្ឃឹមថានឹងមានដំណើរឆ្ពោះទៅមុខប្រកបដោយភាពស្ថាបនា រួមទាំងវិធានការវិជ្ជមានផ្សេងៗ ចំពោះអ្នកដែលកំពុងជាប់ឃុំនាពេលបច្ចុប្បន្ន»។

សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ខែមេសា បានប្រកាសសាលដីកា ដោយសាររក្សាសាលក្រមរបស់សាលាដំបូងផ្តន្ទាទោស លោក កឹម សុខាឱ្យជាប់ឃុំ២៧ឆ្នាំ និងមិនឱ្យលោក ចាកចេញពីប្រទេសរយៈពេល៥ឆ្នាំ។ លោកកឹម សុខា ជាមេបក្សប្រឆាំងនៅកម្ពុជាដែលមានឥទ្ធិពលធំទី២បន្ទាប់ពីលោកសមរង្ស៊ី។ លោកកឹម សុខាបានដឹកនាំគណបក្សសង្គ្រោះជាតិដណ្ដើមបាន
អសនៈក្រុមប្រឹក្សាឃុំសង្កាត់ប្រមាណជាង៥ពាន់កៅអី ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ កាលពីឆ្នាំ២០១៧។ លោកត្រូវបានចាប់ខ្លួនក្រោមបទចោទក្បត់ជាតិ ហើយលោកជាមនុស្សតែម្នាក់គត់នៅកម្ពុជាដែលត្រូវជាប់ឃុំក្នុងផ្ទះ។

លោក សេង វណ្ណលី យល់ថា សាលដីការសាលាឧទ្ធរណ៍ មិនត្រឹមតែបិទផ្លូវសេរីភាពរបស់បុគ្គលម្នាក់នោះទេ ប៉ុន្តែវាគឺជាការបិទផ្លូវសេរីភាពនៃគំនិតចម្រុះ និងការផ្សះផ្សាជាតិ ដែលពលរដ្ឋខ្មែរគ្រប់រូបចង់បាន។ លោកវណ្ណលី៖« យុត្តិធម៌ដែលត្រូវបានបង្ខាំងក្នុងផ្ទះ និងការដកហូតសិទ្ធិនយោបាយជាស្ថាពរបែបនេះ គឺជាសញ្ញាព្រមានដ៏ខ្មៅងងឹតសម្រាប់លទ្ធិប្រជាធិបតេយ្យដែលកំពុងដង្ហក់ស្លាប់នៅកម្ពុជា»៕ 

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2350}" data-page="1" data-max-pages="1" data-start="1" data-end="1">