លោក ហ៊ុន ម៉ាណែត ជួបនាយករដ្ឋមន្ត្រីថៃ អនុទីន ក្នុងជំនួបក្រៅផ្លូវការនៅហាណូយ

ទំនាក់ទំនងអន្តរជាតិ

(លោក ហ៊ុន ម៉ាណែត ចាប់ដៃនាយករដ្ឋមន្ត្រីថៃ នៅជំនួបទីក្រុងហាណូយ។ រូបភាពផ្សាយតាមផេកហ្វេសប៊ុកនាយករដ្ឋមន្ត្រីកម្ពុជា)។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត បានផ្សាយជាសាធារណៈឱ្យដឹងថា លោកបានជួបពិភាក្សាក្រៅផ្លូវការជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul។

លោក ហ៊ុន ម៉ាណែត បានផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹក និងសរសេរថា៖ «ឆ្លៀតជួបពិភាក្សាក្រៅផ្លូវការ ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ មុនចូលរួមពិធីបើកវេទិកាអនាគតអាស៊ាន លើកទី៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រឹកថ្ងៃអង្គារ ទី៩ មិថុនា ២០២៦»។

ទោះជាយ៉ាងណាក្ដី ខ្លឹមសារលម្អិតនៃជំនួបមិនទាន់ត្រូវបង្ហាញជាសាធារណៈឱ្យដឹងនៅឡើយទេ។ កម្ពុជា និងថៃ បានទម្លាក់កម្រិតទំនាក់ទំនងការទូតនៅត្រឹមកម្រិតលេខាទូតទី២ កាលពីឆ្នាំមុន ពោលគឺមិនចាប់ផ្ដើមប្រយុទ្ធគ្នាតាមព្រំដែន។ សព្វថ្ងៃ ទាហានថៃបានរំលោភកាន់កាប់ដីខ្មែរជាច្រើនទីតាំង រាប់តាំងពីតំបន់ប្រជុំជនមួយចំនួន តំបន់ប្រាសាទបុរាណ និងបន្ទាត់ព្រំដែនតំបន់ភ្នំ។

អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ មានប្រសាសន៍ថា ការផ្សាយព័ត៌មានពីជំនួបរវាងមេដឹកនាំកម្ពុជា-ថៃ ដោយនាយករដ្ឋមន្ត្រីកម្ពុជា គឺបង្ហាញថា ប្រទេសកម្ពុជាតែងបើកទូលាយផ្នែកសន្ទនាការទូតជាមួយថៃ បើទោះជាថៃកំពុងកាន់កាប់ទឹកដីកម្ពុជានៅទីតាំងមួយចំនួនក្ដី។

លោកបន្ថែមថា៖ «កម្ពុជាចង់បង្ហាញថា ខ្លួនជារដ្ឋស៊ីវិល័យ ប្រកាន់យកច្បាប់អន្តរជាតិ និងទំនាក់ទំនងការទូតជាប្រក្រតី។ បើទោះជាថៃប្រកាន់ឥរិយាបថក្រអឺតក្រទមយ៉ាងណាក៏​ដោយ ក៏ប្រទេសកម្ពុជានៅតែប្រកាន់ជំហរច្បាស់លាស់លើផ្នែកការទូត និងច្បាប់អន្តរជាតិ»។

លោក យង់ ពៅ បញ្ជាក់ថា ទំនាស់រវាងកម្ពុជា-ថៃ នឹងអាចដោះស្រាយបាន បើសិនជាមានការសន្ទនាគ្នា និងដោះស្រាយតាមយន្តការច្បាប់អន្តរជាតិដែលមានជាធរមាន។ ទោះជាយ៉ាងណា លោកព្យាករណ៍ថា អ្នកជាតិនិយមជ្រុលរបស់ថៃនឹងបន្ទោសលោក អនុទីន នៅពេលដែលពួកគេឃើញរូបភាពចាប់ដៃរវាងលោក ហ៊ុន ម៉ាណែត និងលោក អនុទីន។

កាលពីថ្ងៃទី០៨ខែមិថុនា កាសែតចិន ឆាយណា ដេលី (China Daily) បានផ្សាយថា នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ សុទ្ធតែបានប្រកាសជំរុញឱ្យព្រំដែនមានសន្តិភាព។ 

កាសែតចិន ឆាយណា ដេលី បានស្រង់ប្រសាសន៍លោក អនុទីន ដែលបាននិយាយថា ទំនាក់ទំនងនៃប្រទេសទាំងពីរ កំពុងស្ថិតនៅផ្លូវបំបែក និងត្រូវធ្វើការរួមគ្នាដើម្បីជំនះបញ្ហាប្រឈមនានាដែលកើតមានឡើង។

លោក អនុទីន ៖ «សូមអំពាវនាវឲ្យមានរបត់ថ្មីនៅក្នុងទំនាក់ទំនងជាមួយកម្ពុជា តាមរយៈការទុកចិត្តគ្នា ភាពជឿជាក់ និងកិច្ចសន្ទនាដោយភាពស្មោះត្រង់។ ឆន្ទៈនិងការប្តេជ្ញាចិត្តខាងនយោបាយ គឺជារឿងចាំបាច់បំផុតដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងយូរអង្វែង ព្រមទាំងបានសម្តែងនូវភាពជឿជាក់ថា គោលដៅនេះអាចសម្រេចទៅបាន ទោះបីជាមានការលំបាកនានាក៏ដោយ»។

កាសែតចិន ឆាយណា ដេលី ក៏បានស្រង់ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត ដែលបានបញ្ជាក់ក្នុងវេទិកាអន្តរជាតិនោះថា បទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ នៅតែបន្តរក្សាបាន ប៉ុន្តែនៅមានភាពផុយស្រួយនៅឡើយ។ លោកបានអំពាវនាវឲ្យថៃអនុវត្តសេចក្តីថ្លែងការណ៍រួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឲ្យបានជាបន្ទាន់ ពេញលេញ និងមានប្រសិទ្ធភាព។

ទោះជាយ៉ាងណាក្ដី អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោកសាស្ត្រាចារ្យ សេង វណ្ណលី មានប្រសាសន៍ថា ជំនួបរវាងលោក ហ៊ុន ម៉ាណែត និងលោក អនុទីន ឆានវីរៈកុល នៅលើទឹកដី​វៀតណាម ក្នុងអំឡុងពេលនៃវេទិកាអនាគតអាស៊ាននេះ គឺជារូបភាពនយោបាយមួយដែលអាចមើលឃើញពីរជ្រុងផ្ទុយគ្នា ទាំងចំណុចវិជ្ជមាននៃការរក្សាទំនាក់ទំនង និងភាពទាល់ច្រកនៃដំណោះស្រាយពិតប្រាកដ។ លោកថា បើពិនិត្យលើទិដ្ឋភាពវិជ្ជមាន និងលទ្ធភាពនៃការសម្រាលភាពតានតឹង ជំនួបនេះពិតជាអាចប្រសើរក្នុងកម្រិតនៃការរក្សាបណ្តាញទំនាក់ទំនង​ទ្វេភាគីកុំឱ្យដាច់។

លោក សេង វណ្ណលី៖ «ការជួបគ្នារវាងមេដឹកនាំអាចជួយរក្សានូវលំនឹងបណ្តោះអាសន្ន មិនឱ្យជម្លោះព្រំដែនរុញច្រានប្រទេសទាំងពីរទៅរកការប្រឈមមុខដាក់គ្នាផ្នែកយោធាឡើងវិញម្តងទៀតឡើយ។ ប៉ុន្តែខ្លឹមសារស្នូលនៃការរកច្រកចេញសម្រាប់ជម្លោះព្រំដែន និងតំបន់ទាមទារត្រួតគ្នា (OCA) ខ្ញុំយល់ថាជំនួបនេះមិនអាចនាំមកនូវដំណោះស្រាយជាដុំកំភួន ឬជោគជ័យធំដុំនោះឡើយ»។

លោកបន្ថែមថា លោក អនុទីន នឹងជួបព្យុះភ្លៀងលើបញ្ហាបី ដែលរួមមាន៖ទី១. សម្ពាធនយោ​បាយផ្ទៃក្នុងថៃ៖ រដ្ឋាភិបាលថៃកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរពីក្រុមអភិរក្សនិយម ក្រុមជាតិនិយមជ្រុល និងកងទ័ពថៃ។ទី២. អនុទីន ខ្វះអំណាចសម្រេចដាច់ខាត៖ ជំនួបនេះគ្រាន់តែជាការស្ទាបស្ទង់ទឹកចិត្ត និងការបន្ធូរបន្ថយបរិយាកាសនយោបាយការបរទេសតែប៉ុណ្ណោះ។
ទី៣. ភាពផ្ទុយគ្នានៃយុទ្ធសាស្ត្រស្នូល៖ នៅពេលដែលកម្ពុជាចង់ចរចាជាកញ្ចប់ក្រោមក្របខ័ណ្ឌ UNCLOS (ទាញយកថាមពលប្រេងកាតផង និងកំណត់ព្រំដែនសមុទ្រផងស្របពេលគ្នា) ភាគីថៃ ជាពិសេសក្រុមបច្ចេកទេស និងកងទ័ព តែងតែចង់ឱ្យដោះស្រាយរឿងព្រំដែនសមុទ្រ​ឱ្យច្បាស់លាស់ជាមុនសិន ទើបជជែករឿងបែងចែកផលប្រយោជន៍ថាមពលតាមក្រោយ។

លោកបញ្ជាក់ថា ភាពខុសគ្នានៃគោលការណ៍គ្រឹះនេះ មិនអាចដោះស្រាយបានតាមរយៈជំនួបក្រៅផ្លូវការនៅក្រៅប្រទេសបែបនេះឡើយ។

លោក សេង វណ្ណលី៖ «សរុបមក ខ្ញុំយល់ថា ជំនួបនេះគ្រាន់តែជា «ថ្នាំបំបាត់ការឈឺចាប់បណ្តោះអាសន្ន» ដើម្បីកុំឱ្យទំនាក់ទំនងទ្វេភាគីធ្លាក់ចុះដុនដាប ប៉ុន្តែវាមិនមែនជា «ថ្នាំព្យាបាលជំងឺដ៏រ៉ាំរ៉ៃ» នៃជម្លោះព្រំដែននោះទេ។ ច្រកចេញពិតប្រាកដនៅតែទាមទារការចរចាជាផ្លូវការ យូរអង្វែង ផ្អែកលើច្បាប់អន្តរជាតិ និងការបើកចំហតម្លាភាព ដោយមិនអាចពឹងផ្អែកលើការសម្របសម្រួលបែបការទូតរវាងបុគ្គល និងបុគ្គល នោះទេ»៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2851}" data-page="1" data-max-pages="1" data-start="1" data-end="1">