ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេសមកកម្ពុជាដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ទំនាក់ទំនងអន្តរជាតិ

(សមាជិកសភា Matt Western និងជាប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងធ្វើទស្សនកិច្ចនៅកម្ពុជា)រូបភាពពីស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា)។

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western នឹងមកកាន់ប្រទេសកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើតាមការបញ្ជាក់ខ្លីនៅក្នុងសេចក្ដីជូនដំណឹងផ្លូវការរបស់​ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៦។

ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជាកត់សម្គាល់ថា៖ «ដំណើរទស្សនកិច្ចរបស់លោក Matt Western បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយគាំទ្រដល់កំណើនបៃតង និងបរិយាបន្ន ព្រមទាំងពង្រឹងតួនាទីរបស់ចក្រភពអង់គ្លេសជាដៃគូគាំទ្រដ៏គួរឱ្យទុកចិត្ត និងយូរអង្វែង»។

សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេសលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក Matt Western មកកម្ពុជា គឺដើម្បីបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីដែលធ្លាប់មាន ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ចក្រភពអង់គ្លេសចំពោះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

ប្រេសិតពាណិជ្ជកម្មអង់គ្លេស លោក Matt Western លើកឡើងក្នុងសេចក្ដីថ្លែងការណ៍ថា លោករីករាយចំពោះដំណើរត្រឡប់មកកម្ពុជាជាលើកទី ២ នេះ។

លោក Matt Western មានប្រសាសន៍ថា៖ «ចក្រភពអង់គ្លេសមានមោទនភាពក្នុងការធ្វើការងារជាមួយកម្ពុជា លើវិស័យនានាដែលភាពខ្លាំង និងមហិច្ឆតារបស់យើងមានភាពស៊ីសង្វាក់គ្នា រួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង សេវាកម្មហិរញ្ញវត្ថុ និងទីផ្សារមូលបត្រ ព្រមទាំង​វិស័យអប់រំ។ វិស័យទាំងនេះមានសក្ដានុពលក្នុងការគាំទ្រដល់កំណើនប្រកបដោយចីរភាព បង្កើតឱកាសការងារ ទាក់ទាញការវិនិយោគ និងបើកផ្លូវទៅកាន់វិបុលភាពរយៈពេលវែង»។

លោកបន្ថែមទៀតថា អាជីវកម្មរបស់អង់គ្លេសបានរួមចំណែកសំខាន់មួយផ្នែករួចហើយនៅក្នុងសេដ្ឋកិច្ចកម្ពុជា។ លោកថា គោលនយោបាយបើកចំហរបស់កម្ពុជាបានបង្កើតឱ្យមានឱកាសដ៏សំខាន់ៗ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។

លោក Matt Western បញ្ជាក់ដូច្នេះ៖ «ខ្ញុំទន្ទឹងរង់ចាំជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ត្រីគ្រប់គ្រង អាជីវកម្ម និងអ្នកអប់រំរបស់កម្ពុជា ដើម្បីស្វែងរកវិធីសាស្ត្រដែលយើងអាចធ្វើឱ្យភាពជាដៃគូរបស់យើងកាន់តែស៊ីជម្រៅ បើកផ្លូវសម្រាប់ឱកាសថ្មីៗខាងពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងគាំទ្រដល់ទំព័រថ្មីនៃរឿងរ៉ាវកំណើនរបស់កម្ពុជា»។

បើតាមគម្រោង មន្ត្រីជាន់ខ្ពស់របស់អង់គ្លេសរូបនេះ នឹងជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់កម្ពុជា គឺឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ដែលទទួលខុសត្រូវភាគច្រើនផ្នែកគោលនយោបាយ និងធុរកិច្ច។ ភាគីអង់គ្លេសក៏នឹងជួបដៃគូសហការមកពីក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាលើប្រធានបទវេទិកាពាណិជ្ជកម្ម និងការវិនិយោគរួម ការកែទម្រង់បទប្បញ្ញត្តិ ព្រមទាំងការបង្កើនការទាញយកផលប្រយោជន៍ពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (DCTS) របស់ចក្រភពអង់គ្លេស។

តំណាងអង់គ្លេសក៏នឹងជួបពិភាក្សាជាមួយតំណាងមកពីអគ្គិសនីកម្ពុជា (EDC) ដើម្បីពិភាក្សា​អំពី មហិច្ឆតាលើវិស័យថាមពលរបស់កម្ពុជា ភាពជាដៃគូខាងហិរញ្ញប្បទាន និងសក្តា​នុពលទៅថ្ងៃអនាគតរបស់ចក្រភពអង់គ្លេស ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងការផ្លាស់ប្តូរថាមពលរបស់កម្ពុជា។

លោក Matt Western ដែលជាសមាជិកសភាផងនោះ គឺជាបេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេសប្រចាំប្រទេសកម្ពុជា និងប្រទេសឡាវ។ តួនាទីរបស់លោក គឺជំរុញផលប្រយោជន៍ពាណិជ្ជកម្ម និងការវិនិយោគរបស់ចក្រភពអង់គ្លេស ព្រមទាំងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ ប្រទេសកម្ពុជា គឺជាប្រទេសទទួលផលដ៏សំខាន់មួយនៃប្រព័ន្ធអនុគ្រោះនេះ ដែលផ្តល់នូវការនាំចូលដោយមិនជាប់ពន្ធគយ (Duty-free) រហូតដល់ទៅជាង ៩៩% នៃទំនិញដែលនាំចេញទៅកាន់ចក្រភពអង់គ្លេស។ កម្មវិធីនេះបានជួយដល់អាជីវកម្មកម្ពុជាក្នុងការរីកលូតលាស់ បង្កើនភាពសម្បូរបែបនៃការនាំចេញ និងបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារសកលលោក៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2887}" data-page="1" data-max-pages="1" data-start="1" data-end="1">