អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នឹងបញ្ជូនអគ្គនាយករងអន្តោរប្រវេសន៍ម្នាក់ និងស្នងការរងរាជធានីភ្នំពេញម្នាក់ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ ពាក់ព័ន្ធនឹងករណីស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានហ្វ្រេសញ៉ូវ (Fresh News)នៅថ្ងៃទី២២ខែមេសា២០២៦ដែលបានស្រង់ប្រសាសន៍ប្រធានអង្គភាពប្រឆាំងពើពុករលួយលោក ឱម យិនទៀង។
អង្គភាពព័ត៌មានព័ត៌មាន Fresh Newsថា៖ «លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងបញ្ជូន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និង ឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀតទៅតុលាការ នៅវេលាម៉ោង៤៖៣០រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីពួក Online Scams និងសម្អាតប្រាក់»។
អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ចាន់វិចិត្រមិនបំភ្លឺពីករណីនេះប្រាប់ប្រាជាសែតនោះទេនៅល្ងាចថ្ងៃទី២១ខែមេសា២០២៦តាមរយៈតេឡេក្រាម។លោក សយ ចាន់វិចិត្រ៖«អធ្យាស្រ័យ ខ្ញុំមិនទាន់មានព័ត៌មានដែលអាចជម្រាបជូនបាន។ អរគុណ»។
នាយកគ្រប់គ្រងអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា រយៈពេលចុងក្រោយនេះលោកសង្កេតឃើញថា រាជរដ្ឋាភិបាលចាត់វិធានការទ្រង់ទ្រាយធំដើម្បីបង្ក្រាបបញ្ហាឧក្រិដ្ឋកម្មអនឡាញ រហូតដល់មានព័ត៌មានថាអាជ្ញាធរជំនាញចាប់ខ្លួនមន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើស។លោកថា វិធានការនេះទំនងជាបានជួយលើកមុខមាត់កម្ពុជាឡើងវិញបានខ្លះ បន្ទាប់ពីកេរ្តិ៍ឈ្មោះកម្ពុជាត្រូវប៉ះពាល់ធ្ងន់ធ្ងរដោយសាររបរទុច្ចរិតនេះ។
លោក អំ សំអាត៖«ចុងក្រោយនេះអាជ្ញាធរបានបង្ក្រាបស្កែមទ្រង់ទ្រាយធំ។យើងសាទរនៅស្នើអនុវត្តច្បាប់ ក្នុងនាមជាសង្គមស៊ីវិលយើងស្នើឱ្យមានការបង្ក្រាបស្កែមនេះឱ្យមានប្រសិទ្ធភាព ដើម្បីស្ដារមុខមាត់កម្ពុជាឡើង។យើងគាំទ្រឱ្យរាជរដ្ឋាភិបាលត្រូវហ៊ាន វះកាត់សាច់ស្អុយចេញដើម្បីសេដ្ឋកិច្ចជាតិយើង »។
បើតាមសារព័ត៌មាននានាដែលស្និទ្ធនឹងរាជរដ្ឋាភិបាលបានឱ្យដឹងថា ដំណើរការចាប់ខ្លួននាយនគរបាលទាំងពីររូបនេះត្រូវបានធ្វើឡើងតាំងពីថ្ងៃទី២០ខែមេសា។ទោះជាយ៉ាងណាACUមិនបានបង្ហើបឱ្យដឹងពីអង្គហេតុពិតប្រាកដដែលឈានទៅចាប់ខ្លួនអ្នកទាំងអស់នោះនៅឡើយ។
កាលពីសប្ដាហ៍មុន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលម្នាក់ក៏ត្រូវចាប់ខ្លួនក្នុងសំណុំរឿងស្កែមអនឡាញនេះដែរ៕







