លោក ហ៊ុន ម៉ាណែត សម្រេចចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់ត្រាំ ក្នុងនាមជាសមាជិកមិនចំណាយប្រាក់

ទំនាក់ទំនងអន្តរជាតិ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត ចាប់​ដៃ​គ្នា​ក្នុង​ពេល​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​កម្ពុជា-ថៃ នៅ​មជ្ឈមណ្ឌល​សន្និបាត​ទីក្រុង​គូឡាឡាំពួ នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ (រូពថតពី៖ CNBC)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសថា កម្ពុជាសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិកដើម្បីបង្ហាញពីឆន្ទៈគាំទ្រ និងរួមចំណែកលើកកម្ពស់ការរក្សាសន្តិភាពសកល។ ក្រុមអ្នកតាមដានសង្គមសាទរចំពោះការសម្រេចនេះ។

ការចូលជាសមាជិកនេះ គឺតបតាមការអញ្ជើញដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

តាមរយៈសំណេរលើទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាបានសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) សម្រាប់អាណត្តិ៣ឆ្នាំ។

លោកថា៖ «ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាងនិងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកង កម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្រ្គាម»។

លោកនាយករដ្ឋមន្ត្រីថា ការចូលជាសមាជិកសម្រាប់អាណត្តិ៣ឆ្នាំនេះ មិនតម្រូវឱ្យបង់ថវិកាទេ ពោលគឺករណីចូលជាសមាជិករយៈពេលវែង ឬជាអចិន្ត្រៃយ៍ប៉ុណ្ណោះ ដែលតម្រូវឱ្យបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិក។

លោកបន្ថែមថា៖ «ដោយឃើញបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះការបង់ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់ប្រជាកាសែតថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ ស្រឡាញ់សន្តិភាព គាំទ្រ និងរួមចំណែកសន្តិភាព ទើបកម្ពុជាចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក។

លោកថា៖ «កម្ពុជាយើងជាការពិតដើម្បីបង្ហាញសុច្ឆន្ទៈថាយើងពិតជាប្រទេសមួយដែលស្រឡាញ់សន្តិភាព ចង់បានសន្តិភាព ហើយចូលរួមគ្រប់សកម្មភាពសន្តិភាពទាំងអស់។ អាចនិយាយបានថា ទីណាមានសកម្មភាពដើម្បីសន្តិភាព ទីនោះមានការចូលរួមចំណែករបស់កម្ពុជា»។

អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ គាំទ្រចំពោះការសម្រេចរបស់កម្ពុជាក្នុងការចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក ខណៈដែលប្រជាពលរដ្ឋ និងអ្នកតាមដានសង្គមបានទន្ទឹងរង់ចាំការសម្រេចនេះ។

លោកបន្ថែមថា ការសម្រេចរបស់កម្ពុជាគឺស្របនឹងគោលការណ៍សន្តិភាព ដែលកម្ពុជាតែងតែប្រកាន់យក។ បន្ថែមពីនេះ សហរដ្ឋអាមេរិកដែលផ្ដួចផ្ដើមបង្កើត ក្រុមប្រឹក្សាសន្តិភាព នេះឡើងក៏ជាប្រទេសមហាអំណាចទី១លើពិភពលោក ដែលស្វះស្វែងរក្សាសន្តិភាពសកលលោក រួមទាំងការធ្វើឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃផង។ លើសពីនេះ លោកបណ្ឌិតថា ការដែលកម្ពុជាចូលរួមក្រុមប្រឹក្សាសន្តិភាព ក៏ស្របទៅនឹងច្បាប់របស់ខ្លួនដែរដែលចែងពីកិច្ចការអន្តរជាតិ ដែលធានានូវកិច្ចសហការរវាងបណ្ដាប្រទេសទាំងអស់ដែលតម្កល់ផលប្រយោជន៍កម្ពុជា។

លោកថា៖ «ក្រោយពីយើងបានសន្តិភាព យើងក៏មានតួនាទីស្វែងរកសន្តិភាព ថែរក្សាសន្តិភាពសកលផងដែរ អ៊ីចឹងនេះជាចំណែកសំខាន់ដែលបានបញ្ជាក់ថា កម្ពុជាតែងឈរនៅក្នុងជំហរសន្តិភាព នៅឈរនៅខាងជំហរសន្តិភាពជានិច្ច»។

ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ក៏គាំទ្រចំពោះការសម្រេចរបស់រដ្ឋាភិបាលកម្ពុជាដែរក្នុងការចូលរួមក្រុមប្រឹក្សាសន្តិភាពរបស់សហរដ្ឋអាមេរិក។

លោកថា៖ «ក្នុងនាមគណបក្សកម្លាំងជាតិ យើងអបអរសាទរការសម្រេចចិត្តនេះ យើងគិតថាជាការសម្រេចចិត្តមួយត្រឹមត្រូវដើម្បីចូលរួមសមាជិកក្រុមប្រឹក្សាសន្តិភាព ពីព្រោះយើងគិតថា ដើម្បីរក្សានូវដែនអធិបតេយ្យបូរណភាពទឹកដីនៃកម្ពុជាយើង ជាការសម្រេចចិត្តចូលវាជារឿងមួយត្រឹមត្រូវ»។

លោកបន្ថែមថា បើសិនជាកម្ពុជាមានលទ្ធភាពបង់ថវិកា១ពាន់លានដុល្លារសហរដ្ឋអាមេរិកដើម្បីចូលជាសមាជិកអចិន្ត្រៃយ៍ នោះក៏ជាការល្អប្រសើរដែរក្នុងការការពាអធិបតេយ្យភាពកម្ពុជា។

តែយ៉ាងណា ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះមានប្រសាសន៍ថា កម្ពុជាមិនត្រូវពឹងផ្អែកលើក្រុមប្រឹក្សាសន្តិភាពអាមេរិកទាំងស្រុងដែរ ដោយកម្ពុជាត្រូវពង្រឹងខ្លួនឯងបន្ថែម ទាំងសេដ្ឋកិច្ច យោធា ធនធានមនុស្ស ជាពិសេសការគោរពសិទ្ធិមនុស្សតាមលទ្ធិប្រជាធិបតេយ្យដែលអន្តរជាតិចង់បាន។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានផ្ដួចផ្ដើមនូវគម្រោងមួយឡើងបញ្ចប់សង្គ្រាមនៅហ្គាសា។ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានឯកភាពនូវគម្រោងនេះ ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិកលោកបានចុះហត្ថលេខាបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ឡើងជាផ្លូវការ។

ក្រុមប្រឹក្សាសន្តិភាព គឺជាអង្គការអន្តរជាតិមួយដែលលើកកម្ពស់ស្ថិរភាព ស្តារអភិបាលកិច្ច និងធានាបាននូវសន្តិភាពយូរអង្វែងនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ឬគំរាមកំហែងដោយជម្លោះ។

លោក ត្រាំ បានអញ្ជើញប្រទេសជាច្រើនឱ្យចូលរួមក្រុមប្រឹក្សាសន្តិភាពនេះរួមមានប្រទេស រ៉ុស្សី អេមីរ៉ាតអារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អេហ្ស៉ីប កាតា ឥណ្ឌូណេស៊ី វៀតណាម និងប្រទេសកម្ពុជាជាដើម៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1264}" data-page="1" data-max-pages="1" data-start="1" data-end="1">