ប្រមុខរដ្ឋាភិបាលកម្ពុជា-វៀតណាម ប្ដេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ចំនួន ២០ពាន់លានដុល្លារ នាពេលខាងមុខ ស្របពេលដែលការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការធ្លាក់ចុះតិចតួចនៅឆ្នាំមុន។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា អំពីលទ្ធផលនៃទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ណែនាំឱ្យស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្មទ្វេភាគីទំហំ២០ពាន់លានដុល្លារ នាពេលខាងមុខ។
ក្រសួងការបរទេស បន្ថែមថា កម្ពុជា និងវៀតណាម ក៏ឯកភាពគ្នាពន្លឿនការដាក់បញ្ចូលច្រកទ្វារអន្តរជាតិ ម៉ឺនជ័យ ខេត្តព្រៃវែង និងតឺនណាម ខេត្តតៃនិញ ទៅក្នុងកិច្ចព្រមព្រៀងស្ដីពីទំនិញឆ្លងកាត់ និងកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវគោក ដើម្បីសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។
ទន្ទឹមនេះដែរ ប្រទេសទាំងពីរ ក៏ឯកភាពប្រឹងប្រែងបង្កើនការតភ្ជាប់តាមរយៈការអភិវឌ្ឍ និងភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងទីក្រុងហូជីមិញ-ម៉ុកបៃ និងជំរុញការវិនិយោគបន្ថែម និងការសម្រួលដល់ពាណិជ្ជកម្មឆ្លងដែន។
ប្រជាកាសែតមិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ បានទេ នៅថ្ងៃទី១១ ខែមិថុនា។
បើតាមអគ្គនាយកដ្ឋានគយកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម គិតត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦ មានទំហំជាង ៤ ១០៥ លានដុល្លារអាមេរិក ដែលបានកើនឡើងពីជាង ៣ ៨៤៤ លានដុល្លារអាមេរិក ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។
ប្រភពដដែល បន្តថា ចំពោះទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីក្នុងឆ្នាំ២០២៥ មានទំហំ៧ ៧៩២ លានដុល្លារ ដោយបានធ្លាក់ចុះ១ភាគរយ បើធៀបនៅឆ្នាំ២០២៤។
ជុំវិញការប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត មានប្រសាសន៍ថា ដំណើរការនាំចេញស្វាយចន្ទីទៅកាន់ប្រទេសវៀតណាមមានភាពល្អប្រសើរច្រើន ប៉ុន្តែលោកចង់ឱ្យមានការិយាល័យច្រកចេញចូលតែមួយនៅព្រំដែនដើម្បីកាត់បន្ថយពេលវេលា និងនីតិវិធី។
លោក និយាយថា៖ «ព្រោះរាល់ថ្ងៃយើងទៅសុំ [វិញ្ញាបនបត្រ] ភូតគាមអនាម័យពីក្រសួងកសិកម្មផង សុំវិញ្ញាបនបត្រដើមកំណើតទំនិញពីក្រសួងពាណិជ្ជកម្មផង វាផ្សេងគ្នា ហើយនីតិវិធីហ្នឹងវាធ្វើឱ្យយូរ ហើយបើមានច្រកចេញចូល វាមានមួយដុំ»។
លោក ស៊ីឡុត ឱ្យដឹងដែរថា គិតត្រឹមរយៈពេល៥ខែ នៅឆ្នាំ២០២៦ កម្ពុជា បាននាំចេញស្វាយចន្ទីទៅកាន់វៀតណាមចំនួន ៨៣ម៉ឺនតោន ដែលស្មើនឹងទឹកប្រាក់ជាង១៤០០លានដុល្លារ។
លោកបន្ថែមថា ស្វាយចន្ទីឆៅនេះ ត្រូវបានវៀតណាមកែច្នៃទៅជាផលិតផលសម្រេចដើម្បីនាំចេញទៅកាន់ប្រទេសទីបី។
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) និងជាអ្នកជំនាញសេដ្ឋកិច្ចលោក ឆេង គឹមឡុង យល់ថា ផែនការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ គឺអាចសម្រេចបាន ដោយសារកម្ពុជាកំពុងពង្រីកខ្សែចង្វាក់ផលិតកម្ម ខណៈវៀតណាមក៏មានកំណើនសេដ្ឋកិច្ចខ្ពស់ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអាមេរិក ចិន ជប៉ុន ជាដើម ដែលទាមទារឱ្យមានការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសក្បែរខាងដូចកម្ពុជា។
ទន្ទឹមគ្នានេះ លោកថា ស្ថាប័នពាក់ព័ន្ធនៅកម្ពុជាត្រូវជំរុញទំនិញយុទ្ធសាស្រ្តរបស់កម្ពុជា និងវិស័យឯកជននៃប្រទេសទាំងពីរត្រូវមានការទាក់ទងគ្នាឱ្យបានច្រើនដើម្បីបើកច្រកទៅកាន់ការបំពេញបង្រ្គប់នៃខ្សែចង្វាក់ផលិតកម្មរៀងៗខ្លួន។
លោកនិយាយថា៖ «អាចទៅរួច ព្រោះកម្ពុជាកំពុងជំរុញខ្សែចង្វាក់ផលិកម្ម ហើយទី២ សេដ្ឋកិច្ចវៀតណាមកំពុងកើនឡើង»៕







