ទូតខ្មែរនៅជប៉ុនផ្ញើលិខិតទៅ Nikkei Asia ដើម្បីជំទាស់ការហៅទីតាំងជម្លោះថា «ណងចាន់» នៃប្រទេសថៃ

ទំនាក់ទំនងអន្តរជាតិ

(ឯកអគ្គរាជទូតខ្មែរប្រចាំនៅជប៉ុន លោក ជុំ សុន្ទរី) (រូបផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក)។

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ផ្ញើលិខិតបំភ្លឺទៅកាន់និពន្ធនាយកសារព័ត៌មាន នីគីអាស៊ី (Nikkei Asia) ពាក់ព័ន្ធនឹងខឹ្លមសារក្នុងអត្ថបទអំពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ដោយហៅថា «ណងចាន់» នៃប្រទេសថៃ។

កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានជប៉ុន នីគី អាស៊ី បានចុះផ្សាយព័ត៌មានមួយ ក្រោមចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន»។ 

យ៉ាងណាក្រោយការចុះផ្សាយអត្ថបទនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមិថុនា បានផ្ញើលិខិតទៅកាន់និពន្ធនាយកព័ត៌មានស្ថាប័នខាងលើ ដោយពិពណ៌នាខ្លឹមសារក្នុងអត្ថបទនោះថា បានហៅទីតាំងមានជម្លោះថា «ណងចាន់» ក្នុងខេត្តស្រះកែវ នៃប្រទេស​ថៃ និងរាយការណ៍ពីការវិវត្តនៅទីនោះ ដោយផ្ដោតជាចម្បងតាមរយៈទស្សនៈរបស់អាជ្ញាធរ និងបុគ្គលិកយោធាថៃ។ 

ទូតកម្ពុជា ចាត់ទុកសេចក្ដីរាយការណ៍នេះថា ជាការរៀបរាប់មិនពេញលេញ និងអាចបង្ហាញដោយអចេតនាពីភាពស្របច្បាប់ចំពោះការទាមទារទឹកដីរបស់ភាគីម្ខាង ដោយមិនទទួលស្គាល់ជំហររបស់កម្ពុជាថា វាជាផ្នែកមួយនៃទឹកកម្ពុជាដែលស្ថិតនៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ។

លិខិតខាងលើ បរិហារទៀតថា ក្នុងខ្លឹមសារអត្ថបទដដែល សារព័ត៌មាន នីគីអាស៊ី បានលើកឡើងពីការចោទប្រកាន់របស់យោធាថៃ ដែលអះអាងថា «កងកម្លាំងកម្ពុជាអាចដាក់មីន ទោះបីមានបទឈប់បាញ់ដែលព្រមព្រៀងគ្នាកាលពីខែធ្នូ» ដោយមិនរំលេចពីការឆ្លើយតបរបស់កម្ពុជា ឬការផ្ទៀងផ្ទាត់នោះទេ។

ក្នុងលិខិត និយាយថា៖ «ទាំងនេះគឺជាការអះអាងដ៏ធ្ងន់ធ្ងរដែលមានផលប៉ះពាល់ខ្លាំងដល់ការយល់ឃើញរបស់សាធារណជនអំពីជម្លោះ»។ […] ខ្ញុំជឿជាក់ថា ការបំភ្លឺទាំងនេះនឹងរួមចំណែកដល់ការយល់ដឹងកាន់តែពេញលេញ និងត្រឹមត្រូវជាងមុនចំពោះបញ្ហាពាក់ព័ន្ធ»។

អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ គាំទ្រចំណាត់ការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន។

អ្នកជំនាញសារព័ត៌មាន និងនាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានប្រសាសន៍ថា ការសរសេរអត្ថបទអំពីតំបន់មានភាពប្រទាញប្រទង់ អ្នកសារព័ត៌​មានត្រូវប្រុងប្រយ័ត្ន និងចៀសវាងកំណត់តំបន់ជម្លោះនោះ ជាកម្មសិទ្ធិរបស់ភាគីណាមួយ។

លោក និយាយថា៖ «នៅក្នុងការផ្សព្វផ្សាយព័ត៌មានដែលស្ថិតនៅក្នុងជម្លោះ គេមានការប្រយ័ត្នប្រយែងណាស់ ជាពិសេសការផ្ទៀងផ្ទាត់ជាមួយប្រភពគឺត្រូវតែធ្វើម៉េចឱ្យបានពីគ្រប់ភាគីដែលពាក់ព័ន្ធ ដូចកម្ពុជានិងថៃ គឺត្រូវតែមានប្រភពពីកម្ពុជា ត្រូវតែមានប្រភពពីថៃ ហើយផ្ទៀងផ្ទាត់ប្រភពព័ត៌មាន ដើម្បីកុំឱ្យមានការខុសឆ្គង»។

លោក បន្តថា៖ «សម្រាប់ស្ថាប័នវិជ្ជាជីវៈនៅពេលដែលទទួលបានការបំភ្លឺដូច្នេះ ត្រូវធ្វើសេចក្ដី​កែតម្រូវហើយ គឺអាចផ្ទៀងផ្ទាត់មើលនៅត្រង់ចំណុចនេះឡើងវិញ»។

ចំណែកអ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា យល់ថា សារព័ត៌មានជប៉ុននេះគួរកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញនៅពេលដែលកំណត់ និងហៅទីតាំងទាំងនោះតាមភាសាថៃ ដោយមិនមានការផ្ទៀងផ្ទាត់ និងការលើកឡើងពីភាគីកម្ពុជា។

កាលពីចុងខែមេសា ឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់លិខិតតវ៉ាជាផ្លូវការទៅកាសែតអាមេរិក The Wall Street Journal (WSJ) ដោយស្នើឱ្យលុបពាក្យក្នុងចំណងជើងអត្ថបទដែលលើកឡើងពីឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលប្រើពាក្យ «Scambodia» ដោយចាត់ទុកថា ជាការរើសអើង ប៉ះពាល់ដល់កិត្តិយសប្រទេស និងប្រជាជនកម្ពុជា ព្រមទាំងរំលោភលើក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរ៕

ទំនាក់ទំនងអន្តរជាតិ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2789}" data-page="1" data-max-pages="1" data-start="1" data-end="1">