គណបក្សកម្លាំងជាតិ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានថ្វាយលិខិតទៅកាន់ព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើសុំព្រះរាជអន្តរាគមន៍ចំពោះករណីទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលត្រូវបានតុលាការកំពូលផ្តន្ទាទោស និងដាក់វិធានការរឹតត្បិតសិទ្ធិមួយចំនួន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី លើកឡើងថា សាលដីការបស់តុលាការកំពូលបានដាក់កម្រិតលើសិទ្ធិបញ្ចេញមតិ សិទ្ធិចូលរួមនយោបាយ សិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន រយៈពេល៥ឆ្នាំ ដែលគណបក្សយល់ថា អាចមិនស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
គណបក្សបានស្នើឱ្យព្រះមហាក្សត្រ ក្នុងនាមជាព្រះប្រមុខរដ្ឋ និងជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ មេត្តាព្រះរាជទានព្រះរាជតម្រិះឱ្យស្ថាប័នមានសមត្ថកិច្ចពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាត ដើម្បីធានាការគោរពសិទ្ធិ និងយុត្តិធម៌។
លិខិតលើកឡើងថា៖«ដោយគោរពយ៉ាងពេញលេញនូវគោលការណ៍ឯករាជ្យភាពនៃអំណាចតុលាការ គណបក្សកម្លាំងជាតិ ពុំមានបំណងស្នើសុំឱ្យព្រះករុណាទ្រង់ធ្វើអន្តរាគមន៍ចំពោះការវិនិច្ឆ័យរបស់តុលាការដោយផ្ទាល់ឡើយ។ សូមក្រាបបង្គំទូលថ្វាយ ស្នើសុំព្រះមេត្តាក្នុងព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋ និងជាអ្នកធានាការគោរពរដ្ឋធម្មនុញ្ញ ទ្រង់មេត្តាព្រះរាជទានព្រះរាជតម្រិះ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់បានកំណត់ ក្នុងគោលបំណងធានាបាននូវយុត្តិធម៌ ការគោរពរដ្ឋធម្មនុញ្ញ និងការការពារសិទ្ធិមនុស្ស»។
ប្រធានយុវជនគណបក្សកម្លាំងជាតិ លោក ផុន សុភា លើកឡើងថាគោលបំណងនៃការដាក់លិខិតនេះគឺដើម្បីទូលព្រះមហាក្សត្រអំពីក្តីបារម្ភចំពោះស្ថានភាពសិទ្ធិមនុស្ស និងការបែកបាក់ក្នុងសង្គម ព្រមទាំងស្នើឱ្យព្រះអង្គពិចារណាវិធានការសម្របសម្រួល ជាពិសេសលើករណីលោក រ៉ុង ឈុន។
លោកក៏បានរិះគន់នីតិវិធីទទួលលិខិតនៅព្រះបរមរាជវាំងថា គណបក្សចង់ដាក់លិខិតដោយផ្ទាល់ទៅកាន់រដ្ឋបាល និងឱ្យមានការចុះហត្ថលេខាទទួល ប៉ុន្តែជាលទ្ធផលអាជ្ញាធរបានឆ្លើយតបមកវិញថាឲ្យដាក់ក្នុងប្រអប់សំបុត្រ ឬផ្ញើតាមមន្ត្រីប៉ូលីស ដោយមិនមានការចុះហត្ថលេខាទទួលជាផ្លូវការនោះឡើយ។
ចំណែកប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា ដែលមានវត្តមានឃ្លាំមើលការដាក់ញត្តិរបស់គណបក្សកម្លាំងជាតិនៅមុខព្រះបរមរាជវាំង ថ្លែងថា ខាងខុទ្ទកាល័យព្រះបរមរាជវាំង មិនបានចេញមកទទួលលិខិតដោយផ្ទាល់ទេ ព្រោះតាមនីតិវិធី អ្នកដាក់លិខិតត្រូវណាត់ជួបជាមុន។ លោកបានណែនាំថា គណបក្សកម្លាំងជាតិអាចដាក់លិខិតតាមប្រអប់សំបុត្រ ឬប្រគល់ជូនមន្ត្រីប៉ូលីស ដើម្បីបញ្ជូនបន្តទៅស្ថាប័នពាក់ព័ន្ធ។
លោកនិយាយប្រាប់តំណាងគណបក្សថា៖« ខុទ្ធកាល័យអត់បានចេញមកទទួលនោះទេ បើជាផ្លូវការត្រូវជម្រាបជូនមុនរយៈពេលណាមួយដើម្បីខុទ្ទកាល័យគាត់បានដឹង ទី២ប្អូនអាចដាក់ផ្ញើបានតាមប្រអប់សំបុត្រ ឬក៏ប្អូនអាចផ្ញើបានតាមរយៈ មន្ត្រីម្នាក់គាត់ [ប៉ូលីស] ព្រាំនាំ ហើយប្អូនត្រូវមានលេខទូរសព្ទលេខអីដើម្បីរង់ចាំគាត់ឆ្លើយតប»។
តាមលិខិតរបស់គណបក្សកម្លាំងជាតិ ការដាក់លិខិតលើកនេះ មានគោលបំណងស្នើឱ្យព្រះមហាក្សត្រជ្រាបអំពីក្តីបារម្ភរបស់គណបក្ស និងប្រជាពលរដ្ឋមួយចំនួន ពាក់ព័ន្ធនឹងផលប៉ះពាល់នៃសាលដីការបស់តុលាការកំពូល និងស្នើឱ្យមានការពិនិត្យលទ្ធភាពអនុវត្តនីតិវិធីដែលច្បាប់អនុញ្ញាត។
ប្រជាកាសែតមិនទាន់អាចរកប្រភពទាក់ទងមន្រ្តីទទួលបន្ទុកផ្នែកព័ត៌មាននៃក្រសួងព្រះបរមរាជវាំងដើម្បីសុំការឆ្លើយតបចំពោះការដាក់លិខិតរបស់បក្សកម្លាំងជាតិនៅពេលនេះបាននៅឡើយ។
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ តុលាការកំពូលបានសម្រេចព្យួរទោសដាក់ពន្ធនាគារលោក រ៉ុង ឈុន រយៈពេលសាកល្បង៣ឆ្នាំ និងភ្ជាប់វិធានការហាមឃាត់មួយចំនួន រួមមានការហាមចេញពីរាជធានីភ្នំពេញ ហាមថ្លែងសុន្ទរកថានៅវេទិកាសាធារណៈរយៈពេល៣ឆ្នាំ និងដកសិទ្ធិនយោបាយ ព្រមទាំងសិទ្ធិបោះឆ្នោតរយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រោយការសម្រេចនេះ លោក រ៉ុង ឈុន ក៏បានដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីស្នើឱ្យពិនិត្យករណីរបស់លោកឡើងវិញ ប៉ុន្តែគិតមកទល់ពេលនេះ មិនទាន់មានការឆ្លើយតបជាផ្លូវការនៅឡើយ៕







