ពលករខ្មែរ ២ នាក់ស្លាប់ និង ២ នាក់ទៀតបាត់ខ្លួនមិនទាន់រកឃើញនៅឡើយ ក្នុងហេតុការណ៍លិចទូកនេសាទនៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរកម្ពុជា និងមន្ត្រីសង្គមស៊ីវិលដែលធ្វើការងារលើកកម្ពស់សិទ្ធិពលករនៅប្រទេសថៃ។
ពលករខ្មែរ ៤ នាក់ដែលធ្វើការលើទូកនេសាទថៃ «Chokkanya» បានជួបគ្រោះថ្នាក់ក្រោយទូកលិចនៅដែនសមុទ្រខេត្តត្រាត ប្រទេសថៃ។ អាជ្ញាធរថៃបានរកឃើញសាកសពជនរងគ្រោះ ៣ នាក់ ក្នុងនោះមានពលករកម្ពុជា ២ នាក់ និងជនជាតិថៃម្នាក់ រីឯពលករខ្មែរពីរនាក់ទៀតបាត់ខ្លួន។
យោងតាមការបង្ហោះរបស់មូលនិធិសង្គ្រោះស្វាងប៊ុនជួយខេត្តត្រាត លើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ខ្លួន បានឱ្យដឹងថា ទូកនេសាទថៃដែលបានបាត់ការទាក់ទង និងលិចនៅដែនសមុទ្រខេត្តត្រាត មានមនុស្សសរុប ៥ នាក់ ក្នុងនោះមានពលករកម្ពុជា ៤ នាក់ និងជនជាតិថៃម្នាក់។ ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ក្រុមសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះចំនួន ៣ នាក់ហើយ។
ក្នុងនោះ នៅថ្ងៃទី១៨ ខែកក្កដា បានរកឃើញសាកសព លោក Tit Yim អាយុ ៤៧ ឆ្នាំ ជាពលករសញ្ជាតិកម្ពុជា និង លោក Tadet Putthakasem អាយុ ៣១ ឆ្នាំ ជាជនជាតិថៃ។ បន្ទាប់មក នៅថ្ងៃទី២០ ខែកក្កដា ក្រុមសង្គ្រោះបានរកឃើញសាកសពទី៣ គឺលោក នួន វណ្ណថង (Wanthong Nuan) អាយុ ៤៤ ឆ្នាំ ដែលត្រូវបានបញ្ជាក់ថា ជាជនរងគ្រោះក្នុងហេតុការណ៍លិចទូកនេសាទដូចគ្នា។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានប្រាប់ថា គិតមកដល់ពេលនេះ ភាគីពាក់ព័ន្ធបានរកឃើញសាកសពពលករខ្មែរចំនួន ២ នាក់ហើយ។ ក្នុងនោះ សាកសពម្នាក់ត្រូវបានប្រគល់ជូនគ្រួសារដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី រីឯសាកសពម្នាក់ទៀតដែលទើបរកឃើញ កំពុងស្វែងរកសាច់ញាតិដើម្បីប្រគល់ជូន។ លោកបានបញ្ជាក់ថា ក្រសួងការងារកំពុងបន្តសហការជាមួយអាជ្ញាធរថៃ ដើម្បីស្វែងរកអ្នកបាត់ខ្លួនដែលនៅសល់ និងជួយសម្របសម្រួលនីតិវិធីពាក់ព័ន្ធ។
លោកមានប្រសាសន៍ថា៖ «ទាក់ទងទៅជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗ នឹងបន្តធ្វើការងារជាមួយភាគីថៃ ដើម្បីទាមទារដើម្បីឱ្យបងប្អូនយើងមានសំណងដោយស្របតាមច្បាប់ និងកិច្ចសន្យាដែលបងប្អូនយើងបានធ្វើការជាមួយនឹងនិយោជករបស់ប្រទេសថៃផងដែរ»។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Workpoint News 23 ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា ទូកនេសាទ «Chokkanya» បានចេញពីកំពង់ផែ ម៉ែគីមប៉យ (Mae Kim Boi Pier) ខេត្តត្រាត កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចេញនេសាទនៅសមុទ្រ។ កាសែតនៅក្នុងស្រុកថៃបន្តថា ទូកនេសាទបានទំនាក់ទំនងចុងក្រោយគេគឺនៅថ្ងៃទី១0 ខែកក្កដា ឆ្នាំ២០២៦ ហើយលុះដល់ថ្ងៃទី១៣ ខែកក្កដា ក្រុមគ្រួសារ និងសមាគមអ្នកនេសាទបានជូនដំណឹងដល់អាជ្ញាធរថៃ ហើយនៅថ្ងៃទី១៤ ខែកក្កដា អាជ្ញាធរបានបើកប្រតិបត្តិការស្វែងរក ដោយសារសង្ស័យថាទូកបានជួបគ្រោះថ្នាក់នៅសមុទ្រ។
ដោយឡែក មន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករចំណាកស្រុកប្រចាំប្រទេសថៃ នៃអង្គការសង់ត្រាល់ លោក លឹង សុផុន បានលើកឡើងថា ស្ថាប័នពាក់ព័ន្ធគួរបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរថៃ ដើម្បីតាមដានការស្វែងរក និងផ្ទៀងផ្ទាត់អត្តសញ្ញាណពលករខ្មែរដែលបាត់ខ្លួន ព្រមទាំងធានាថាគ្រួសារជនរងគ្រោះនឹងទទួលបានអត្ថប្រយោជន៍ស្របតាមច្បាប់។
លោកមានប្រសាសន៍ថា៖ «តាមពិតពាក់ព័ន្ធរឿងពលករ មន្ត្រីរដ្ឋាភិបាលជាពិសេសមន្ត្រីពាក់ព័ន្ធនោះហើយដែលជាអាណាព្យាបាលពួកគាត់ គួរតែបង្ហាញ គួរតែពិនិត្យមើល និងចុះតាមដានស្វែងរកដើម្បីបញ្ជាក់ភិនភាគឱ្យច្បាស់លាស់ថា ពលករនៅកន្លែងណា ទីណា ហើយគាត់ត្រូវបានជាផលប្រយោជន៍សម្រាប់ពួកគាត់មកវិញ»។
លោកបន្តថា៖ «ស្ថាប័នពាក់ព័ន្ធគួរតែមានវិធានការណាមួយ ដើម្បីតាមដាន កុំឱ្យកើតឡើងហើយអត់មាននរណាគេអើពើជាមួយបែបនេះឡើយ។ កន្លងមកខ្ញុំបានឃើញថាមានតែអាជ្ញាធរថៃទេ ដែលគាត់តាមដានរឿងពិនិត្យនៅតាមសមុទ្រ តាមដាននិងស្វែងរកអ្នកបាត់ខ្លួននោះ»។
កាលពីថ្ងៃទី១៧ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថា បុរសម្នាក់ឈ្មោះ ឃឹម ឡាញ អាយុ ៤៨ ឆ្នាំ រស់នៅភូមិភ្នំខ្យង ឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត អាចជាជនរងគ្រោះម្នាក់ក្នុងហេតុការណ៍នេះ។ ក្រុមគ្រួសាររបស់លោកបានរៀបចំពិធីបុណ្យគម្រប់ ៧ ថ្ងៃ កាលពីថ្ងៃទី១៦ ខែកក្កដា ដោយប្រើរូបថតជំនួសសព ព្រោះមិនទាន់អាចយកសាកសពមកធ្វើបុណ្យបានឡើយ៕







