ទឹកជំនន់ភ្លៀងកំពុងវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ តាមស្រុកមួយចំនួននៃខេត្តជាប់ជួរភ្នំក្រវាញ

សង្គម

(រូបភាពទឹកជំនន់ភ្លៀងនៅតាមតំបន់មួយចំនួនដែលត្រូវបានផ្សាយតាមទំព័រហ្វេសប៊ុក នាថ្ងៃទី១៣ខែកក្កដា២០២៦)។

ទឹកជំនន់ភ្លៀងកំពុងវាយប្រហារបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ តាមបណ្ដាស្រុកមួយចំនួននៃខេត្តជាប់ជួរភ្នំក្រវាញដែលរួមមាន ខេត្តកោះកុង កំពង់ស្ពឺ បាត់ដំបង និងខេត្តព្រះសីហនុជាដើម ។ អាជ្ញាធរជាតិ និងមូលដ្ឋានកំពុងតាមដានស្ថានការណ៍ ព្រមទាំងត្រៀមកម្លាំងអន្តរាគមន៍ ខណៈប្រជាពលរដ្ឋ និងអ្នកទេសចរត្រូវបានណែនាំឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានកើតឡើងនៅស្រុកសំឡូត ខេត្តបាត់ដំបង និងខេត្តព្រះសីហនុជាដើម ប៉ុន្តែមិនទាន់បង្កឱ្យមានការបាត់បង់អាយុជីវិតនោះទេ។

លោកបានឱ្យដឹងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់បានត្រៀមកម្លាំង មធ្យោបាយ និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើទឹកបន្តកើនឡើង ហើយការតាមដានស្ថានភាពអាកាសធាតុក៏កំពុងធ្វើឡើងជាបន្តបន្ទាប់ផងដែរ។

លោកលើកឡើងថា៖ «យើងកំពុងតាមដានស្ថានភាពអាកាសធាតុដែលនៅតែមានលក្ខណៈអាប់អួ និងមានភ្លៀងរលឹមជាប្រចាំ។ ហើយបើសិនជាក្នុងករណីមានភ្លៀងខ្លាំង អាហ្នឹងក៏អាចបង្កឱ្យមានទឹកជំនន់បន្ថែមទៀត។ ប៉ុន្តែទោះជាយ៉ាងណាក្ដី យើងបានត្រៀមលក្ខណៈ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ថ្នាក់ក្រោមការគ្រប់គ្រង ក្រុមមន្ត្រី និងស្ថាប័នពាក់ព័ន្ធ បានត្រៀមលក្ខណៈរួចរាល់ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ និងជូនដំណឹងឱ្យទាន់ពេលវេលាដល់តំបន់ដែលងាយរងគ្រោះដោយសារទឹកជំនន់»។

ពីស្រុកសំឡូត ខេត្តបាត់ដំបង នាយប៉ុស្តិ៍ស្ដីទីនៃប៉ុស្ដិ៍នគរបាលរដ្ឋបាលសំឡូត លោក ឯក រស្មី បានឱ្យដឹងថា ភ្លៀងធ្លាក់បន្តបន្ទាប់ជាច្រើនថ្ងៃបានធ្វើឱ្យទឹកឡើងខ្លាំង លិចផ្លូវ និងមានការបាក់ដីនៅតំបន់ជាប់ព្រំដែន។ ទោះជាយ៉ាងណា មកទល់ពេលនេះ មិនទាន់មានគ្រោះថ្នាក់ដល់អាយុជីវិត ឬមានផ្ទះប្រជាពលរដ្ឋរងការលិចលង់នៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរភូមិ ឃុំ បានរាយការណ៍ស្ថានភាពជាបន្តបន្ទាប់ ហើយកម្លាំងនគរបាល អធិការដ្ឋាន វរការពារព្រំដែន និងកងទ័ព បានសហការគ្នាប្រចាំការ ២៤ម៉ោង ដើម្បីត្រៀមជួយប្រជាពលរដ្ឋ ប្រសិនបើមានគ្រោះអាសន្នកើតឡើង»។

លោកបន្ថែមថា លោកតែងផ្សព្វផ្សាយព័ត៌មាន និងលេខទូរសព្ទទំនាក់ទំនងតាមបណ្តាញសង្គម ដើម្បីឱ្យប្រជាពលរដ្ឋអាចរាយការណ៍បានទាន់ពេលវេលា ប្រសិនបើមានស្ថានភាពគ្រោះថ្នាក់។

ចំណែកនៅស្រុកស្រែអំបិល ខេត្តកោះកុង អភិការរងទទួលសេនាធិការ លោក ឈន សុខម បានឱ្យដឹងថា ភ្លៀងបានធ្លាក់ជាប់គ្នារយៈពេលបីថ្ងៃ ធ្វើឱ្យទឹកចាប់ផ្តើមជន់លិចផ្លូវនៅឃុំដងពែង និងតំបន់មួយចំនួន។ ជុំវិញរឿងនេះ អាជ្ញាធរកំពុងបិទចំណុចផ្លូវដែលមានហានិភ័យ និងត្រៀមទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋ ប្រសិនបើស្ថានភាពកាន់តែធ្ងន់ធ្ងរ។

លោកបានអំពាវនាវថា៖ «អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៤៨ អាចធ្វើដំណើរបានធម្មតា ប៉ុន្តែត្រូវបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវរអិលដោយសារភ្លៀង។ រីឯការធ្វើដំណើរទៅតំបន់ទេសចរណ៍លេងទឹក គួរផ្អាកជាបណ្តោះអាសន្ន»។

យោងតាមការផ្សព្វផ្សាយរបស់រដ្ឋបាលឃុំជីផាត កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅឃុំជីផាត ខេត្តកោះកុង រដ្ឋបាលឃុំបានសម្រេចផ្អាកដំណើរការសាឡាងជាបណ្តោះអាសន្ន ដោយសារកម្រិតទឹកព្រែកកើនឡើង និងមានចរន្តទឹកហូរគំហុក ដែលអាចបង្កគ្រោះថ្នាក់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ទន្ទឹមនឹងនេះ យោងតាមក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាវឱ្យភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ភ្នំខ្នងផ្សារផងដែរ បន្ទាប់ពីមានទឹកហូរគំហុកពីតំបន់ភ្នំ។ ក្រុមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងសហគមន៍ បានជម្លៀសអ្នកទេសចរចំនួន ៥៥១នាក់ ចេញពីតំបន់ជាប់គាំង មកកាន់ទីតាំងមានសុវត្ថិភាព ព្រមទាំងបានផ្តល់ស្បៀងអាហារ និងកន្លែងស្នាក់នៅបណ្តោះអាសន្ន។

ដោយឡែក រដ្ឋបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានជូនដំណឹងថា កម្រិតទឹកស្ទឹងសង្កែកំពុងកើនឡើង និងបានបើកទ្វារទឹកនៃទំនប់ពហុបំណងបាត់ដំបងចំនួន ៣ទ្វារ ដើម្បីរំដោះទឹក។ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹង និងតំបន់ទំនាប បង្កើនការប្រុងប្រយ័ត្ន និងត្រៀមផ្លាស់ទីទៅកាន់ទីទួលសុវត្ថិភាព ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។

អាជ្ញាធរជាតិ និងមូលដ្ឋានបានអះអាងថា កម្លាំងសង្គ្រោះ និងមធ្យោបាយអន្តរាគមន៍ ត្រូវបានត្រៀមរួចជាស្រេច ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយ ខណៈស្ថានភាពអាកាសធាតុនៅបន្តមានភ្លៀងរលឹម និងអាចមានជំនន់ទឹកភ្លៀងបន្ថែមនៅតំបន់ងាយរងគ្រោះ។

គិតត្រឹមថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថានីយជលសាស្ត្របានបង្ហាញថា កម្រិតទឹកនៅទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ មានការកើនឡើងខ្ពស់ខុសពីធម្មតា។ ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ និងតំបន់ទំនាប តាមដានព័ត៌មានជាប្រចាំ និងត្រៀមលក្ខណៈបង្ការគ្រោះទឹកជំនន់។

ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីឥទ្ធិពលព្យុះទី៩ ឈ្មោះ «បាវី» (T2609 Bavi) ដែលបានជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតីនៅកម្ពុជា ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង និងការបាក់ដីនៅតំបន់មួយចំនួន ជាពិសេសនៅខេត្តកោះកុង បាត់ដំបង កំពង់ស្ពឺ និងតំបន់ភ្នំជាដើម។ នេះបើតាមការប្រកាសជូនដំណឹងពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦។

ក្រសួងជំនាញនេះបានផ្សព្វផ្សាយជាសាធារណៈថា ព្យុះទី៩ «បាវី» នេះ បានបង្កើនឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់នៅស្ទើរទូទាំងប្រទេស ជាពិសេសនៅតំបន់ឆ្នេរ តំបន់ភ្នំ និងខេត្តជាប់អាងទន្លេមេគង្គ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3194}" data-page="1" data-max-pages="1" data-start="1" data-end="1">