រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានណែនាំឱ្យមន្ត្រីនគរបាលទូទាំងប្រទេស ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ក្នុងការបម្រើប្រជាពលរដ្ឋ និងត្រូវទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទោះបីជាផុតម៉ោងរដ្ឋបាលក៏ដោយ។
លោក ស សុខា បានថ្លែងដូចនេះនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម និងសិស្សនគរបាល-ពន្ធនាគារ នៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ លោកបញ្ជាក់ថា មន្ត្រីនគរបាលដែលបំពេញការងារនៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋគ្រប់រូបដោយស្មើភាព។
លោក ស សុខា បានលើកឡើងថា ៖ «ចំពោះការបម្រើការងារជូនដល់ប្រជាពលរដ្ឋ សុំតែធ្វើម៉េចរក្សាឱ្យបាននូវកាយវិការ ពាក្យសម្តី ចឹងទេបើយើងនិយាយគំហោកជាមួយគាត់ យើងជាអ្នកផ្តល់សេវា ជាអ្នកបម្រើពួកគាត់»។
លោកក៏បានសង្កត់ធ្ងន់ថា ការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ គឺជាកាតព្វកិច្ចរបស់មន្ត្រីនគរបាល ទោះបីជាក្រៅម៉ោងរដ្ឋបាលក៏ដោយ ព្រោះអ្នកដែលមកដាក់ពាក្យបណ្តឹង គឺជាអ្នកដែលកំពុងជួបបញ្ហា និងត្រូវការឱ្យសមត្ថកិច្ចជួយដោះស្រាយ។
លោកថ្លែងថា ៖ «ការទទួលពាក្យបណ្តឹងនេះសំខាន់ ព្រោះការទទួលពាក្យបណ្តឹងមានន័យថា ពួកគាត់ត្រូវការយើងហើយ បានគាត់មកដាក់ពាក្យបណ្តឹង អត់ចាំថ្ងៃស្អែក ឬផុតម៉ោងធ្វើការទេ គឺយើងទទួលយកសិនមក។ ស្អែកចាត់វិធានការ ប៉ុន្តែសំខាន់ទទួលយក ព្រោះថាប៉ុស្តិ៍ខ្លះរត់ទៅតាម Protocol ដល់ផុតម៉ោងធ្វើការមិនយក ពិបាកដែរ»។
ជុំវិញការណែនាំ និងក្រើនរម្លឹកជាថ្មីរបស់លោក ស សុខា នេះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ការអំពាវនាវឱ្យមន្ត្រីបម្រើប្រជាពលរដ្ឋដោយសីលធម៌ មិនមែនជាលើកទី១នោះទេ ប៉ុន្តែបញ្ហាសំខាន់គឺការអនុវត្តជាក់ស្តែង។ លោកយល់ថា មន្ត្រីរាជការមួយចំនួននៅតែមានផ្នត់គំនិតថា ខ្លួនជាអ្នកមានអំណាចលើប្រជាពលរដ្ឋ ជាជាងអ្នកបម្រើប្រជាពលរដ្ឋដែលជាអ្នកបង់ពន្ធ។
លោកបណ្ឌិត មាស នី បានបញ្ជាក់ថា ការអំពាវនាវរបស់រដ្ឋមន្ត្រីអាចជាសញ្ញាវិជ្ជមាន ប៉ុន្តែរដ្ឋក៏ត្រូវតែមានវិធានការពិន័យលើមន្ត្រីដែលប្រើអាកប្បកិរិយាមិនសមរម្យចំពោះប្រជាពលរដ្ឋ។ លោកបន្ថែមថា មិនមែនមន្ត្រីទាំងអស់សុទ្ធតែអាក្រក់នោះទេ ព្រោះនៅមានមន្ត្រីជាច្រើនដែលបំពេញការងារបានល្អ និងផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ។
លោកមានប្រសាសន៍ថា៖ «ប្រសិនជាបោសសម្អាតមនុស្សចឹងៗ សំខាន់រដ្ឋាភិបាល មិនត្រឹមតែអំពាវនាវនោះទេ ត្រូវមានវិធានការលើមន្ត្រីណាដែលមានអាកប្បកិរិយាមិនល្អដល់ពលរដ្ឋ ត្រូវដកចោលទៅ»។
លោកបន្តថា៖«ធ្វើម៉េចមន្ត្រីរាជការ ឲ្យចាប់ផ្តើមយល់ថាជីវិតដែលគាត់រស់ឥលូវគឺដោយសារតែរាស្ត្របង់ពន្ធ គឺគាត់ចាប់ផ្អើមប្តូរ ការគិតរបស់គាត់ គឺប្តូរពីចៅហ្វាយរបស់រាស្ត្រ ទៅជាអ្នកបម្រើរបស់រាស្ត្រ »។
ប្រជាពលរដ្ឋម្នាក់នៅខេត្តស្ទឹងត្រែងគឺលោក ឈៀង ឡុង បានលើកឡើងពីបទពិសោធន៍របស់លោកនៅពេលទៅដាក់ពាក្យបណ្តឹងជាមួយអាជ្ញាធរមូលដ្ឋានថា មន្ត្រីនៅមូលដ្ឋានលោក ហាក់បានយកចិត្តទុកដាក់ចំពោះពាក្យបណ្តឹងរបស់លោក។
លោកប្រាប់ថា កាលពីពេលលោកបាត់ម៉ូតូ អាជ្ញាធរបានជួយស្វែងរករហូតបានឃើញមកវិញក្នុងរយៈពេលតែមួយថ្ងៃ។ ចំណែកបណ្តឹងខ្លះទៀត ដូចជានៅពេលមានបញ្ហាសំឡេងរំខានពីអ្នកជិតខាង ពេលទៅប្តឹងអាជ្ញាធរ អាជ្ញាធរក៏បានចុះដោះស្រាយភ្លាមៗផងដែរ។
លោកប្រាប់ថា ៖ «សម្រាប់មន្ត្រីមូលដ្ឋាននៅភូមិខ្ញុំជាក់ស្តែង គាត់ចុះល្បាតពេលយប់ម៉ោង១០ ឬ១១យប់ ដែលគាត់ជិះម៉ូតូតាមភូមិ»។
ទោះជាយ៉ាងណា លោកបានស្នើឱ្យមន្ត្រីអនុវត្តច្បាប់ឱ្យបានស្មើភាព មិនប្រកាន់បក្ខពួកនិយម ឬផ្តល់ការអនុគ្រោះឱ្យសាច់ញាតិខ្លួនឯងដែលប្រព្រឹត្តខុស និងលុបបំបាត់ការរើសអើងនៅក្នុងការផ្តល់សេវាជាដើម។
លោកប្រាប់ថា៖ «សម្រាប់ខ្ញុំ ខ្ញុំមិនចង់ឲ្យគាត់ [អាជ្ញាធរមូលដ្ឋាន] បក្ខពួកនិយម មិនចង់ឲ្យគាត់ធ្វើតាមខ្សែបណ្តាញបងប្អូន ប្រសិនជាធ្វើអ្វីខុស ត្រូវតែខុស ចង់ឲ្យគាត់កែទម្លាប់មិនឲ្យគាត់មិនមានការរើសអើង»។
លោកក៏បានកត់សម្គាល់ដែរថា នៅក្នុងការសេវាសាធារណៈមួយចំនួន ដូចជាការធ្វើអត្តសញ្ញាណបណ្ណ និងសំបុត្រកំណើតជាដើម គឺពលរដ្ឋនៅតែមានបញ្ហាប្រឈម ដោយពេលខ្លះប្រជាពលរដ្ឋត្រូវបង់ថ្លៃសេវាបន្ថែម ប្រសិនបើចង់ឱ្យដំណើរការបានលឿន







