អ្នកនយោបាយក្រៅរដ្ឋាភិបាល ចូលរួមពិធីបុណ្យខួប១០ឆ្នាំបណ្ឌិត កែម ឡី នៅស្រុកកំណើត

នយោបាយ

(ប្រធានគណបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ានិងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលឹកខួប ១០ឆ្នាំ នៃមរណភាពលោកបណ្ឌិត កែម ឡី នាថ្ងៃទី១០ខែកក្កដា២០២៦)។រូបភាពគណបក្សជំនាន់ថ្មី)។

ថ្នាក់ដឹកនាំគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន បានទៅចូលរួមពិធីបុណ្យខួបរយៈពេល១០ឆ្នាំរបស់លោកបណ្ឌិត កែម ឡី នៅឯស្រុកកំណើតរបស់លោក ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រធានគណបក្សជំនាន់ថ្មីលោក មាជ សុវណ្ណារ៉ា មានប្រសាសន៍ថា លោកសម្រេចដឹកនាំក្រុមការងារបក្សទៅចូលរួមពិធីបុណ្យដោយផ្ទាល់នៅស្រុកកំណើតបណ្ឌិត កែម ឡី ដោយសារទីនោះ ជាកន្លែងបញ្ចុះសពរបស់គាត់ និងគួបផ្សំបណ្ឌិត កែម ឡី និងលោក ក៏ធ្លាប់ជាមិត្តភក្តិនឹងគ្នាផងដែរ។

បើតាមលោក សុវណ្ណារ៉ា អ្នកចូលរួមពិធីបុណ្យនៅស្រុកកំណើតផ្ទាល់ព្រឹកនេះ មានប្រមាណ​១០០នាក់ រួមមានពលរដ្ឋអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី មន្រ្តីសង្គមស៊ីវិល និងអ្នកនយោ​បាយជាដើម។ លោក អះអាងថា ម្ដាយរបស់បណ្ឌិត កែម ឡី មានសុខភាពល្អ ថែមទាំងអាច​ជិះកង់ទៅផ្សារបានដោយខ្លួនឯង បើទោះបីមានវ័យ៨៦ឆ្នាំក៏ដោយ។

ទន្ទឹមនឹងនេះ លោកក៏ទទូចឱ្យរដ្ឋាភិបាលស្វែងរកឃាតកពិត ដើម្បីប្រគល់យុត្តិធម៌ដល់គ្រួសាររបស់បណ្ឌិត កែម ឡី។

លោក និយាយថា៖ «ហើយក៏សូមឱ្យរដ្ឋាភិបាលទទូចផងដែរ សូមឱ្យរដ្ឋាភិបាលហ្នឹងមេត្តាស្វែងរក ស្វែងរកឃាតកពិតដើម្បីយកមកឱ្យមានយុត្តិធម៌សម្រាប់ក្រុមគ្រួសារ។ ជាពិសេសសម្រាប់បណ្ឌិត កែម ឡី ហើយនិងចង់ដឹងពីអាថ៌កំបាំងនៅពីក្រោយនៃការបាញ់សម្លាប់​បណ្ឌិត កែម ឡី គឺថាមិនទាន់ហួសពេលទេ»។

ចំណែកប្រធានគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក មាន អ៊ាង ថ្លែងថា លោកនិងថ្នាក់ដឹកនាំបក្សចំនួន៤រូប សម្រេចទៅចូលរួមពិធីបុណ្យនៅផ្ទះរបស់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ បន្ទាប់ពីពួកលោកបានទៅដាក់កម្រងផ្កានៅស្តុបបូកគោ រាជធានីភ្នំពេញ ដោយសារលោកបណ្ឌិត កែម ឡី ជាស្ថាបនិកមួយរូបរបស់បក្សប្រជាធិបតេយ្យមូលដ្ឋាន។

លោក បន្តថា៖ «ហើយមួយទៀត ដោយសារគាត់ជាអ្នកដូចជា អ្នកបង្ហាញគំនិតតស៊ូមតិដើម្បីយុត្តិធម៌សង្គម ដើម្បីសេរីភាពនៅក្នុងសង្គម។ អ៊ីចឹងយើងឱ្យតម្លៃទស្សនៈរបស់គាត់ ការដោះស្រាយរបស់គាត់»។

គួររំលឹកថា ក្នុងករណីឃាតកម្មលើបណ្ឌិតសំដីមាសរូបនេះ អាជ្ញាធរបានចាប់ខ្លួនបុរសឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ហើយតុលាការបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៩។

ទោះជាយ៉ាងណា អង្គការសង្គមស៊ីវិល និងអ្នកឃ្លាំមើលមួយចំនួន នៅតែយល់ថា សំណុំរឿងនេះមិនទាន់ត្រូវបានស៊ើបអង្កេតឱ្យបានពេញលេញនៅឡើយ ហើយបន្តអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែម ដើម្បីធានាថាយុត្តិធម៌ពេញលេញត្រូវបានផ្តល់ជូនលោកបណ្ឌិត កែម ឡី និងក្រុមគ្រួសាររបស់លោក៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":3186}" data-page="1" data-max-pages="1" data-start="1" data-end="1">