ការអនុវត្តច្បាប់ចរាចរណ៍គួរត្រូវវាស់ដោយលទ្ធផល មិនមែនដោយចំនួនផាកផាកពិន័យ
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគឺជាកាតព្វកិច្ចស្នូលរបស់រដ្ឋ និងជាមធ្យោបាយចាំបាច់សម្រាប់ការពារជីវិតប្រជាពលរដ្ឋ។ ក្នុងនាមជាពលរដ្ឋ ខ្ញុំបាទគាំទ្រការអនុវត្តច្បាប់យ៉ាងតឹងរឹង ព្រោះគ្មានសង្គមណាអាចទទួលយកការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំបានទេ។ ទោះយ៉ាងណា ការអនុវត្តច្បាប់មិនគួរត្រូវវាស់ដោយចំនួនសំបុត្រផាក ឬចំនួនប្រាក់ផាកនោះឡើយ។ វាគួរត្រូវវាស់ដោយសូចនាករដែលសង្គមទាំងមូលចាប់អារម្មណ៍ជាងគេ គឺ ការថយចុះនៃគ្រោះថ្នាក់ និងការថយចុះនៃអ្នកស្លាប់។ សំណួរដែលគួរតែសួរយ៉ាងត្រង់គឺ៖ តើការត្រួតពិនិត្យ និងការផាកពិន័យបច្ចុប្បន្ន បានបង្កើតលទ្ធផលសុវត្ថិភាពជាក់ស្តែង និងមាននិរន្តរភាពដែរឬទេ? នៅក្នុងការអនុវត្តជាក់ស្តែង មានការសង្កេតឃើញថា ការត្រួតពិនិត្យខ្លះៗត្រូវបានគេវាស់ជោគជ័យដោយ “ចំនួនចាប់បាន” ជំនួស “ចំនួនជីវិតបានសង្គ្រោះ”។ នៅពេលការផាកពិន័យក្លាយជាសូចនាករចម្បង វាអាចជំរុញឲ្យប្រព័ន្ធអនុវត្តផ្តោតលើទីតាំងដែលងាយចាប់ ងាយផាក និងងាយបង្ហាញលទ្ធផលលើក្រដាស ជំនួសទីតាំងដែលមានហានិភ័យខ្ពស់បំផុត។ បើការគ្រប់គ្រងគោលដៅមិនផ្អែកលើទិន្នន័យគ្រោះថ្នាក់ (hotspot analysis) នោះការត្រួតពិនិត្យអាចមានប្រសិទ្ធភាពតែបណ្តោះអាសន្ន និងមានលក្ខណៈមិនជាក់លាក់ក្នុងការកាត់បន្ថយអ្នកស្លាប់ជាមធ្យមភាគធំ។ ប៉ូលីសចរាចរណ៍បានរាយការណ៍ថា ពេលមានការត្រួតពិនិត្យតឹងរឹង គ្រោះថ្នាក់មានទំនោរធ្លាក់ចុះ ហើយក្នុងរយៈពេលប្រហែល៦ខែមុន ដែលការអនុវត្តត្រូវបានបន្ថយដោយសារបញ្ហាសន្តិសុខតាមព្រំដែន ចំនួនគ្រោះថ្នាក់បានកើនឡើង។ ប្រសិនបើទិន្នន័យនេះត្រឹមត្រូវ វាបង្ហាញថា ការអនុវត្តច្បាប់មានឥទ្ធិពល ដែលធ្វើឲ្យអ្នកបើកបរប្រុងប្រយ័ត្ន។ ទោះយ៉ាងណា តាមទស្សនៈគោលនយោបាយសាធារណៈ ការវាយតម្លៃប្រសិទ្ធភាពត្រូវការច្រើនជាងការប្រៀបធៀប រវាង មានការអនុវត្តច្បាប់និង អវត្តមានការអនុវត្តច្បាប់។ គ្រោះថ្នាក់អាចកើន ឬថយ ដោយសារអថេរផ្សេងៗដូចជា បរិមាណចរាចរណ៍ អាកាសធាតុ ការធ្វើដំណើរពេលយប់ កត្តាសេដ្ឋកិច្ច និងកត្តាផ្សេងៗដែលមិនពាក់ព័ន្ធនឹងការដាក់កុងត្រូលអនុវត្តច្បាប់ដោយផ្ទាល់។ លើសពីនេះ ការកើនឡើងយ៉ាងច្បាស់ពេលមិនមានការត្រួតពិនិត្យ ក៏អាចបង្ហាញថា ប្រព័ន្ធសុវត្ថិភាពផ្លូវនៅខ្សោយ និងពឹងផ្អែកលើ «ការភ័យខ្លាចនៃការផាក» ជាចម្បង។ ប្រព័ន្ធដែលរឹងមាំគួរតែមានរបៀបធ្វើការចម្រុះឱ្យការអនុវត្តច្បាប់ចរាចរណ៍មានប្រសិទ្ធិភាព មិនមែនអាស្រ័យលើការចាប់ផាកជាប្រចាំជាឧបករណ៍តែមួយទេ។ គោលការណ៍ អនុវត្តច្បាប់ឬដាក់កុងត្រូលពិនិតបទល្មើចរាចរណ៍ មានន័យថា ការត្រួតពិនិត្យត្រូវធ្វើឲ្យសាធារណៈមើលឃើញ និងយល់ថាជាវិធានការការពារ។ នៅក្នុងបរិបទនេះ ការជូនដំណឹងជាមុន (ឧទាហរណ៍ ផ្លាកសញ្ញាព្រមានទីតាំងចាប់ល្បឿន) អាចមានតួនាទីសំខាន់ក្នុងការធ្វើឲ្យអ្នកបើកបរបន្ថយល្បឿនភ្លាមៗ និងបង្កការការពារភ្លាមៗ។ ផ្ទុយទៅវិញ ប្រសិនបើការចាប់ល្បឿនត្រូវបានអនុវត្តដោយរបៀបដែលសាធារណៈយល់ថា “មិនឃើញច្បាស់” ឬ “មិនមានការជូនដំណឹង” នោះវាអាចបង្កសង្ស័យអំពីគោលបំណង។ សង្ស័យបែបនេះមានផលប៉ះពាល់អវិជ្ជមានទៅលើទំនុកចិត្តសាធារណៈ និងបង្កឲ្យការគោរពច្បាប់ក្លាយជាការគោរពបណ្ដោះអាសន្នគោរពតែពេលឃើញប៉ូលីស។ ការផ្តោតលើល្បឿនគឺចាំបាច់ ប៉ុន្តែមិនគ្រប់គ្រាន់។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រព័ន្ធ ដែលកើតឡើងពីការបរាជ័យរួមរវាងហេដ្ឋារចនាសម្ព័ន្ធ អាកប្បកិរិយាអ្នកប្រើប្រាស់ផ្លូវ ការបណ្តុះបណ្តាល កត្តាសង្គម និងការអនុវត្តច្បាប់។ ក្នុងជាក់ស្តែង គ្រោះថ្នាក់អាចបណ្តាលពី៖ ផ្លូវខូច និងភ្លើងបំភ្លឺមិនគ្រប់គ្រាន់ សញ្ញាចរាចរណ៍មិនច្បាស់ ការរៀបចំច្រកចូលច្រកចេញពីផ្លូវតូចទៅផ្លូវធំមិនមានសុវត្ថិភាព ការមិនពាក់មួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ ការបើកបរក្រោមឥទ្ធិពលស្រា ការបណ្តុះបណ្តាលអ្នកបើកបរមិនបានតាមស្តង់ដារ និងការអនុវត្តច្បាប់មិនស្មើភាព។ សរុបសេចក្ដីមកគោលនយោបាយផ្តោតតែលើការចាប់ល្បឿន ឬការផាកពិន័យ វាអាចបង្កើតសកម្មភាពជាច្រើន ប៉ុន្តែសកម្មភាពនេះទំនងជា មិនអាចដោះស្រាយបញ្ហាជាក់ស្ដែងឬមូលហេតុដែលបណ្តាលឲ្យមានអ្នកស្លាប់ជាប្រចាំនោះទេ៕ (បញ្ជាក់៖ លោកមេធាវី ឡុង បញ្ញាវុឌ្ឍ ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។លោកមានបទពិសោធន៍ធ្វើការងារនៅអង្គការសង្គមស៊ីវិលជាច្រើនឆ្នាំ)៕ (អត្ថបទទស្សនៈ៖ ដោយលោក មេធាវី ឡុង បញ្ញាវុឌ្ឍ)
១៧ កុម្ភៈ ២០២៦


