ព្រះសង្ឃនិងពលរដ្ឋជាង២៥០០អង្គ/នាក់ហែរក្បួនធម្មយាត្រាដើម្បីសន្តិភាព
ព្រះសង្ឃនិងពលរដ្ឋសុរបជាង២៥០០អង្គ/នាក់បាននិមន្តនិងដើរថ្មើរជើងពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ ទៅកាន់វិមានឯករាជ្យក្នុងរាជធានីភ្នំពេល នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ក្នុងព្រឹត្តិការណ៍ «ធម្មយាត្រាដើម្បីសន្តិភាព»។ ព្រឹត្តិការណ៍នេះរៀបចំដោយគណៈសង្ឃនាយកទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា។ ធម្មយាត្រានេះ ធ្វើឡើងក្នុងគោលបំណងសុំឱ្យមានការគោរពបទឈប់បាញ់ជានិរន្តន៍ ស្នើសុំភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨រូបដែលត្រូវចាប់ជាចំណាប់ខ្មាំង ព្រមទាំងសុំឱ្យមានសន្តិភាព សុវត្ថិភាព និងស្ថិរភាពសម្រាប់ប្រជាជាតិ។ កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ទាហានខ្មែរចំនួន២០នាក់ត្រូវបានចាប់ខ្លួនដោយទាហានថៃ ក្រោយពីបទឈប់បាញ់រវាងកម្ពុជា-ថៃចូលជាធរមាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ថៃបានបញ្ជូនទាហានកម្ពុជាចំនួន២រូបត្រឡប់មកវិញ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ដោយក្នងចំណោមនោះ ទាហានកម្ពុជាម្នាក់រងរបួស និងម្នាក់ទៀតបាត់បង់ស្មារតី។ បច្ចុប្បន្ន នៅសល់ទាហានកម្ពុជាចំនួន ១៨ នាក់ទៀត ដែលកំពុងត្រូវបានថៃឃុំខ្លួន។


