CMAC ប្តេជ្ញាធ្វើឱ្យកម្ពុជាក្លាយជាមណ្ឌលហ្វឹកហ្វឺនសុនខបោសសម្អាតមីនខ្នាតអន្តរជាតិ

លោក ហេង រតនា ហៅការបញ្ជាទិញសុនខរបស់កម្ពុជាពីសំណាក់បណ្តាប្រទេសប៉ែកអ៊ឺរ៉ុបនេះ ថាជាជោគជ័យមួយជំហ៊ានទៀតសម្រាប់កម្ពុជា ដោយថាពីមុនកម្ពុជាបញ្ជាទិញពីអ៊ីរ៉ុប ប៉ុន្តែបច្ចុប្បន្នកម្ពុជាមានសមត្ថភាពពេញលេញក្នុងការហ្វឹកហ្វឺនសត្វសុនខ ដើម្បីចែកចាយទៅតំបន់អ៊ឺរ៉ុប និងតំបន់អាហ្វិ្រកជាដើម។ បើតាមមេដឹកនាំអង្គភាពកម្ចាត់មីននៅកម្ពុជាដដែលបានបញ្ជាក់ថា បច្ចុប្បន្នសត្វសុនខដែលCMACកំពុងហ្វឹកហ្វឺន និងឆ្លងកាត់ការហ្វឹកហ្វឺនរួចមានសរុបជាង ៣០០ក្បាល។ កម្ពុជាតាមរយៈ មជ្ឈមណ្ឌលCMACកាលពីចុងខែមករាកន្លងទៅ បានជួបពិភាក្សាជាមួយតំណាងអង្គការជប៉ុនហៅកាត់ថាJICA និងដៃគូពាក់ព័ន្ធ ដោយបានប្តេជ្ញាការសហការគ្នា ដើម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។ បើតាមលោក ហេង រតនា ការផ្តួចផ្តើមឱ្យមានការហ្វឹកហ្វឺនសុនខហិតជាតិផ្ទុះត្រូវបានធ្វើឡើងនៅអំឡុងឆ្នាំ២០១០ ក្រោយជំនួយរបស់យោធានៃប្រទេសស៊ុយអ៊ែត។ ប៉ុន្តែលោកថា ចាប់ពីឆ្នាំ២០១០មកទល់បច្ចុប្បន្ន កម្ពុជាមានលទ្ធភាពជាម្ចាស់ការទាំងស្រុងលើការបណ្តុះបណ្តាលសត្វសុខននេះ។ លោកបន្តថា សុខនហិតជាតិផ្ទុះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបោសសម្អាតសំណល់ពីសង្គ្រាម ដោយចំណេញទាំងពេលវេលា និងកាត់បន្ថយការលំបាកសម្រាប់មន្ត្រីជំនាញ៕