លោក ហ៊ុន សែន ដឹកនាំប្រតិចូលរួមរំលឹកខួបលើកទី៨០ថ្ងៃបុណ្យឯករាជ្យជាតិវៀតណាម
ប្រធានព្រឹទ្ធសភាកម្ពុជានិងជាប្រធានបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃទី០២ ខែកញ្ញា បានដឹកនាំគណៈប្រតិភូកម្ពុជានិងកងទ័ពខ្មែរ ទៅចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥)នៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ លោកសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ថា ទិវាឯករាជ្យជាតិវៀតណាម គឺជាថ្ងៃចាប់ផ្តើមនៃយុគសម័យថ្មី ដែលកំណត់ដោយភាពធន់ ការរួបរួម និងក្តីសង្ឃឹម។ លោកបន្តថា ព្រឹត្តិការណ៍ដ៏សំខាន់នេះគឺជាការរំលឹកនិងចងចាំអំពីវីរភាពក្លាហានរបស់យុទ្ធជន ដែលបានតស៊ូប្រយុទ្ធដើម្បីបុព្វហេតុយុត្តិធម៌។ មិនតែប៉ុណ្ណោះលោកគូសបញ្ជាក់ថា ការប្រារព្ធពិធីនេះក៏ជាឱកាសសម្រាប់ប្រទេសវៀតណាម និងបណ្តាប្រទេសក្នុងតំបន់អាស៊ីផ្សេងទៀត រំលឹកនិងតបស្នងសងគុណដែលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំជើងចាស់វីរយុទ្ធជនពលី និងសមមិត្តរបស់វៀតណាមដែលបានប្រយុទ្ធលះបង់ និងពលីជីវិតសម្រាប់ឯករាជ្យ។ (រូបភាពពីទំព័រហ្វេសប៊ុកប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន)


