កម្មករសង្ឃឹមថាប្រាក់ខែគោលកម្មករនឹងកើនឡើងឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃ

កម្មកររោងចក្រមួយចំនួននៅរាជធានីភ្នំពេញដាក់ក្តីសង្ឃឹមថា ភាគីពាក់ព័ន្ធអាចជួយដំឡើងប្រាក់ខែគោលឆ្នាំថ្មីឱ្យឆ្លើយតបនឹងតម្រូវការផ្នែកជីវភាពកម្មករឬប្រហាក់ប្រហែលទៅនឹងចំនួនប្រាក់ខែដែលក្រុមសង្គមស៊ីវិលស្នើឡើង។ ក្រុមកម្មករលើកឡើងបែបនេះចំពេលដែលផ្នែកពាក់ព័ន្ធទាំងអស់កំពុងប្រជុំពិភាក្សាកំណត់ចំនួនប្រាក់ខែគោលរបស់កម្មករប្រចាំឆ្នាំ២០២៦។ ក្រុមកម្មករនិយោជិតមួយចំនួនដែលឡើងពីតាមបណ្តាខេត្តមកធ្វើការនៅរាជធានីភ្នំពេញបានឱ្យដឹងថា ប្រាក់ខែគោលនាពេលបច្ចុប្បន្នគឺ២០៨ដុល្លារក្នុងមួយខែ បូករួមនឹងប្រាក់ថែមម៉ោងខ្លះទៀត នៅតែមិនទាន់អាចជួយឱ្យជីវភាពពួកគាត់ធូរស្រាលនៅឡើយ។ ការណ៍នេះ ពួកគេសុទ្ធតែបង្ហាញក្តីរំពឹងចង់ឃើញរដ្ឋភិបាលដំឡើងប្រាក់ខែគោលឱ្យពួកគាត់បានដល់ជាង២៣០ដុល្លារ ដើម្បីអាចស្រាលបន្ទុកជីវភាពគ្រួសារបានមួយកម្រិត។