ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា យន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ នឹងក្លាយជាសារនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឃោសនារកសំឡេងឆ្នោតនៅឆ្នាំ២០២៧-២០២៨។ការលើកឡើងរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ជាការឆ្លើយតបទៅនឹងសារព័ត៌មានថៃ ដែលផ្សាយថា លោកបានត្រៀមការដោះស្រាយបញ្ហាព្រំដែនទាំងផ្នែកយោធា និងសន្តិវិធី។
នៅថ្ងៃពុធ ទី១០ ខែមិថុនា ពីខេត្តសៀមរាប ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ លោក ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រមុខរដ្ឋស្ដីទី ថ្លែងថា គណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញនូវគោលនយោបាយ «ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីជាមួយប្រទេសថៃ» សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងតំណាងរាស្ត្រ ឆ្នាំ២០២៨។
ស្របពេលជាមួយគ្នា ប្រធានបក្សកាន់អំណាចរូបនេះ ក៏ថ្លែងបែបចំអកទៅកាន់គណបក្សប្រឆាំងផ្សេងៗទៀតថា បើដាក់ចេញនូវគោលនយោបាយដូចលោកនោះ មានន័យថា បក្សនយោបាយទាំងនោះ កំពុងដើរតាមពីក្រោយគណបក្សប្រជាជនកម្ពុជាហើយ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំមិនបានឱ្យជ្រើសរើសនូវមធ្យោបាយយោធាទេ ខ្ញុំបានចង្អុលបង្ហាញមធ្យោបាយដោយសន្តិវិធី ហើយខ្ញុំយកបញ្ហានេះជាគោលនយោបាយរបស់គណបក្សប្រជាជន សម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៧ និងសម្រាប់ឃោសនាបោះឆ្នោតឆ្នាំ២០២៨»។
យ៉ាងណា លោក ហ៊ុន សែន ចាត់ទុកថា ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អាចឈានទៅរកចីរភាព ខណៈការប្រើកម្លាំងយោធាអាចអូសបន្លាយរហូតតទៅជំនាន់ក្រោយ។
ជុំវិញករណីនេះ អនុប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សូរីដា គាំទ្រចំពោះគោលនយោបាយដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់បក្សកាន់អំណាច ហើយលោកលើកឡើងថា បក្សរបស់លោកក៏មានបំណងដាក់ចេញនូវគោលនយោបាយបែបនេះដែរ។ បន្ថែមពីលើនេះ លោកថា អំឡុងពេលឃោសនាបោះឆ្នោត គួរបង្កើតវេទិកាសួរដេញដោលអំពីវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីរបស់បក្សនយោបាយនីមួយៗ ដើម្បីឱ្យពលរដ្ឋខ្មែរបានដឹង បានឮ និងបានពិចារណា ថាតើរបៀបដោះស្រាយរបស់បក្សទាំងនោះអាចធ្វើទៅបាន ឬមិនបាន។
ចំណែកអនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង មានប្រសាសន៍ថា សារនយោបាយរបស់បក្សកម្លាំងជាតិ គឺការផ្ដល់អំណាចពិតប្រាកដជូនពលរដ្ឋតាមបែបសង្គមប្រជាធិបតេយ្យ។ លោកបន្តថា បច្ចុប្បន្ន បក្សកម្លាំងជាតិកំពុងត្រៀមរៀបចំគោលនយោបាយតាមឃុំ-សង្កាត់នីមួយៗហើយ ដោយកំពុងប្រមូលព័ត៌មានទាក់ទងនឹងតម្រូវការតាមមូលដ្ឋាន។
លោកថ្លែងថា៖ «និយាយជំហានទី១ យើងនឹងធ្វើជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ យើងនឹងសួរអំពីតម្រូវការចាំបាច់ តើឃុំសង្កាត់នៅមូលដ្ឋានរបស់គាត់ត្រូវការអ្វីខ្លះ? បន្ទាប់មក យើងនឹងរៀបរៀងនៅថ្នាក់ជាតិ ហើយយើងនឹងជជែក ព្រមទាំងសម្រេច និងធ្វើការផ្សព្វផ្សាយជាសាធារណៈ»។
បើតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានកំណត់យកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ៕







