មេធាវីមិនសូវដែលឈ្នះក្ដីក្នុងរឿងការពារអ្នកនយោបាយ លោកជូង ជូងី គ្រោងបង្កើតបក្សថ្មី

បោះឆ្នោតនិងគណបក្សនយោបាយ

(មេធាវីជូង ជូងី ពេលផ្ដល់បទសម្ភាសន៍ជូនអ្នកកាសែតកាលពីពេលកន្លងទៅ)រូបភាពហ្វេសប៊ុកជូង ជូងី)។

មេធាវីការពារក្ដីឱ្យសមាជិកបក្សប្រឆាំងលោកជូង ជូងី គ្រោងបង្កើតគណបក្សនយោបាយថ្មីមួយឡើងក្នុងគោលបំណងស្វែងរកការផ្លាស់ប្ដូរដោយសន្តិវិធីតាមបែបប្រជាធិបតេយ្យ ក្រោមគោលការណ៍ «ជួយសង្គមមិនមែនដើម្បីអំណាច» ដោយផ្អែកលើគុណធម៌ជាគោល។នេះបើការបញ្ជាក់របស់លោក ជូង ជូងី ដែលថ្លែងប្រាប់ប្រជាកាសែតនៅថ្ងៃទី០៤ខែឧសភាឆ្នាំ២០២៦។

កាលពីពេលថ្មីៗ លោក ជូង ជូងី ជាមេធាវីមួយរូបដែលញឹកញយគេសង្កេតឃើញថាលោកតែងតែការពារក្ដីឱ្យសកម្មជនបក្សនយោបាយក្រៅរដ្ឋាភិបាល បានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុករបស់លោកពីគោលបំណងចង់បង្កើតបក្សនយោបាយ។ ក្រៅពីបម្រើការងារជាមេធាវី លោកជូងី ក៏ជាសមាជិករបស់បក្សនយោបាយដែរ។ 

លោក ជូងី បញ្ជាក់ប្រាប់ប្រជាកាសែតថា លោកបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រឆាំងជាបន្តបន្ទាប់អស់រយៈពេល២០ឆ្នាំមកហើយ។ លោក បន្ថែមថា ក្រោយកត់សម្គាល់ បក្សនយោបាយទាំងនោះមិនមែនជាជម្រើសល្អពិតប្រាកដសម្រាប់ពលរដ្ឋ ស្របពេលដែលលោកក៏មិនអាចប្រើចំណេះដឹងឱ្យអស់លទ្ធភាពបានអំឡុងពេលជាសមាជិកបក្ស នាំឱ្យលោកចង់បង្កើតគណបក្សថ្មីមួយទៀត។

លោក និយាយថា៖ «សង្គមមានបញ្ហាទាល់តែអ្នកដែលចង់ជួយសង្គម អ្នកដែលមានសីលធម៌ និងគុណធម៌ចេញមុខ។ ពិសេសអ្នកមានចំណេះដឹង មិនគួរសំងំសុខតែឯងទេ បើចង់សំងំសុខ ខ្ញុំមិនធ្វើនយោបាយ មេធាវីបក្សប្រឆាំងអីទេ»។

លោក បន្ថែមថា បក្សដែលលោកគ្រោងបង្កើតមានគោលដៅក្នុងការជួយជាតិ ដោយឈរលើគុណធម៌ និងសីលធម៌ មិនមែនធ្វើនយោបាយគ្រាន់តែដើម្បីតំណែង និងអំណាចនោះឡើយ។ លោកកំពុងស្វែងរកអ្នកគាំទ្រដើម្បីចូលរួមបង្កើតបក្ស ហើយប្រសិនបើគ្រប់លក្ខខណ្ឌ លោកនឹងទៅចុះបញ្ជីឈ្មោះនៅក្រសួងមហាផ្ទៃដើម្បីប្រកួតប្រជែងការបោះឆ្នោតខាងមុខ។

លោក និយាយថា៖ «ស្រុកខ្មែរយើងលុះត្រាតែអ្នកចូលរួមជាមួយគណបក្សនយោបាយ គោល ដៅគឺជួយជាតិនោះទើបអាចជួយជាតិបាន ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ គាត់ដាក់គោលដៅទៅ ចង់បានតំណែង។ ត្រង់ហ្នឹងហើយដែលធ្វើឱ្យគាត់មិនអាចស្រូបការគាំទ្រពីមហាជនបានទូលំទូលាយ ព្រោះអ្នកនយោបាយបើគោលដៅជួយជាតិ ឥរិយាបថពីដើមទីគឺមានលក្ខណៈពិសេសម្យ៉ាង ប៉ុន្តែបើគោលដៅចង់បានតំណែង ឥរិយាបថនឹងស្ដែងឱ្យឃើញហើយ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ គាំទ្រចំពោះគណបក្សនយោបាយដែលគ្រោងបង្កើតឡើងដើម្បីប្រកួតប្រជែងការបោះឆ្នោតជាមួយបក្សកាន់អំណាច ដែលលោកចាត់ទុកថា ជាដំណើរការនៃសង្គមប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិរបស់ពលរដ្ឋខ្មែរដែលមានចែងក្នុងរដ្ឋធម្មនុញ្ញផងដែរ។

លោក បន្តថា៖ «យើងមិនបារម្ភទេ ពីព្រោះការប្រកួតប្រជែងនៅលើគោលនយោបាយរបស់បក្សនីមួយៗ ដែលប្រជាពលរដ្ឋគាត់ចាប់អារម្មណ៍ បើសិនជាគណបក្សគាត់ប្រជាពលរដ្ឋគាត់ចាប់អារម្មណ៍ ពលរដ្ឋបោះឆ្នោតឱ្យទៅ អានឹងជាសង្គមប្រជាធិបតេយ្យ វាជារឿងធម្មតាទេ»។
គួររំលឹកផងដែរថា ក្រោយគណបក្សសង្រ្គោះជាតិត្រូវបានតុលាការរំលាយ កាលពីចុងឆ្នាំ២០២៧ មានគណបក្សជាច្រើនត្រូវបានបង្កើតឡើងជាបន្តបន្ទាប់ដែលក្បាលម៉ាស៊ីនជាអតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ។ ក្នុងនោះមានគណបក្សប្រជាធិបតេយ្យជឿនលឿន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្លាំងជាតិ ជាដើម។

រីឯប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាលោក ប៉ា ចន្ទរឿន យល់ថា កម្ពុជាកំពុងប្រឈមនឹងវិបត្តិគណបក្សនយោបាយដែលមានតែបរិមាណ តែកង្វះគុណភាព។ យ៉ាងណា លោកផ្ដល់យោបល់ថា ចំពោះគណបក្សនយោបាយដែលចង់ប្រកួតប្រជែងការបោះឆ្នោត អាចដាក់ចេញនូវគោលនយោបាយដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលបក្សកាន់អំណាចមិនទាន់ដោះស្រាយបាន រួមទាំងគោលនយោបាយបែបច្នៃប្រឌិតដើម្បីអភិវឌ្ឍន៍កម្ពុជាឆ្ពោះទៅកាន់កម្រិតថ្មីមួយទៀត។

លោក និយាយថា៖ «ដើម្បីប្រកួតប្រជែងជាមួយបក្សអំណាច តាមបែបប្រជាធិបតេយ្យសេរី គឺគ្មានអ្វីក្រៅពីដាក់ចេញនូវគោលនយោបាយ។ ទី១ ដោះស្រាយបញ្ហាអ្វីដែលគណបក្សកាន់អំណាចមិនទាន់ ឬមិនអាចដោះស្រាយបាន និងទី២ បង្កើតគោលនយោបាយបែបលក្ខណៈច្នៃប្រឌិត និងការបង្កើត ឬក៏ផ្ដល់នូវសេវាសាធារណ ឬក៏អភិវឌ្ឍប្រទេសកម្ពុជា ឬសង្គមមួយហ្នឹង ឆ្ពោះទៅដល់កម្រិតថ្មីមួយទៀត ដែលស្ថានភាពបច្ចុប្បន្នយើងអត់ទាន់មាន»៕

បោះឆ្នោតនិងគណបក្សនយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2444}" data-page="1" data-max-pages="1" data-start="1" data-end="1">