តុលាការធម្មនុញ្ញថៃ នឹងប្រកាសសាលក្រមករណី នាយករដ្ឋមន្ត្រីប្រទេសថៃ ដែលត្រូវបានព្យួរពីតំណែងអ្នកស្រី ផែថងថាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ នេះបើតាមការចុះផ្សាយពីកាសែតដឹណេសិនថៃ នាល្ងាចថ្ងៃទី២១ខែសីហាឆ្នាំ២០២៥។
សេចក្ដីរាយការណ៍ដដែលបន្តថា អ្នកស្រី ផែថងថាន បានឆ្លើយតបសំណួររបស់ចៅក្រម អស់ប្រមាណជា១ម៉ោង និង៣០នាទីជុំវិញការចោទប្រកាន់នានាក្នុងករណីដែលអ្នកស្រីសន្ទនាជាមួយលោកហ៊ុនសែន។ កាសែតថៃផ្សាយទៀតថាតុលាការបានមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយជាសាធារណៈ ពីការផ្ដល់ចម្លើយក្នុងសវនាការនេះឡើយ។
កាសែត The Nation របស់ថៃផ្សាយថា បម្រាមផ្សាយផ្ទាល់ជារូប និងសំឡេងពីសវនាការនេះ គឺហាមដោយលោកប្រធានតុលាការ Nakharin Mektrairat ក្រោមហេតុផលដើម្បីសន្តិសុខជាតិ។ កាសែតបន្តទៀតថា តុលាការធម្មនុញ្ញថៃ នឹងប្រកាសសាលក្រមករណី អ្នកស្រី ផែថងថាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។
The Nation បន្ត៖ «សេចក្តីថ្លែងការណ៍ផ្ទាល់មាត់ ការបោះឆ្នោត និងការអានសាលក្រមនឹងដំណើរការដូចដែលបានគ្រោងទុកដំបូងនៅថ្ងៃទី ២៩ ខែសីហា»។
នាយករដ្ឋមន្ត្រីប្រទេសថៃ ដែលត្រូវបានព្យួរពីតំណែង អ្នកស្រី ផែថងថាន បានចូលបំភ្លឺនៅតុលាការធម្មនុញ្ញថៃតាមពាក្យបណ្ដឹងរបស់សមាជិកព្រឹទ្ធសភាចំនួន៣៦រូប ទាមទារអ្នកស្រីឱ្យចុះពីតំណែង ករណីបែកធ្លាយអាត់សំឡេងសន្ទនាតាមទូរស័ព្ទជាមួយ លោក ហ៊ុន សែន។
កាសែត CNA (Channel NewsAsia) របស់សឹង្ហបុរីបានកត់សម្គាល់ថា អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីប្រទេសថៃដែលត្រូវបានព្យួរពីតំណែង បានចូលបំភ្លឺនៅតុលាការធម្មនុញ្ញថៃ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ដែលជាថ្ងៃកំណើតរបស់អ្នកស្រីឈានចូលវ័យ៣៩ឆ្នាំ។ ប្រភពដដែលបន្ថែមថា នាយករដ្ឋមន្ត្រីថៃអ្នកស្រី Paetongtarn Shinawatra បានផ្តល់សក្ខីកម្ម ក្នុងសំណុំរឿងទាមទារឱ្យដកតំណែងលោកស្រីចេញពីតំណែងជុំវិញការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ»។
រីឯកាសែត Bangkok Post ឱ្យដឹងថា អ្នកស្រី ផែថងថាន បានទៅតុលាការដោយរួមដំណើរជាមួយស្វាមីអ្នកស្រីគឺលោក Pitak Suksawat និងជាមួយបងស្រីរបស់គាត់អ្នកស្រី Pinthongta Shinawatra Kunakornwong ព្រមទាំង Prommin Lertsuridej អគ្គលេខាធិការរបស់នាយករដ្ឋមន្រ្តីថៃ។
តុលាការធម្មនុញ្ញថៃ នៅថ្ងៃ១ ខែកក្កដា ឆ្នាំ២០២៥ បានសម្រេចចិត្តព្យួរអ្នកស្រី Paetongtarn ពីតំណែងនាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ជុំវិញករណីបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១៨ ខែមថុនា ឆ្នាំ២០២៥។ នៅក្នុងសំឡេងសន្ទនានោះ អ្នកស្រី Paetongtarn បានហៅលោក ហ៊ុន សែន ថា «ពូ» និងបាននិយាយរិះគន់ទៅកាន់មេបញ្ជាការកងទ័ពភូមិភាគទី ២ របស់ប្រទេសថៃខ្លួនឯង។ ករណីនេះ អ្នកស្រី Paetongtarn បានអះអាងការពារខ្លួនថា នេះជាវិធីសាស្ត្រនៃការនិយាយចរចារបស់គាត់៕




