សាលាដំបូងខេត្តកំពង់ស្ពឺបានកាត់ទោសឪពុករបស់អ្នកអធិប្បាយនយោបាយដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេសលោក ស៊ន តារាគឺលោក សុខ ស៊ុនណារ៉េត ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ ពាក់ព័ន្ធរឿងគ្រឿងញៀន ក្រោយពីតុលាការបានបើកសវនាការកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចផ្តន្ទាទោសអតីតមន្ត្រីយោធាលោក សុខ ស៊ុនណារ៉េត ដាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាដេញដោលលើសំណុំរឿងនេះជាសាធារណៈរួចមក។
សេចក្តីប្រកាសព័ត៌មាន៖ «សាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការប្រកាសសាលក្រមជាសាធារណៈលើសំណុំរឿងព្រហ្មទណ្ឌខាងលើ ដែលមានសាលក្រមព្រហ្មទណ្ឌលេខ ១១៤០ «ឋ» ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ដែលបានសម្រេចដូចខាងក្រោម៖ ផ្តន្ទាទោសលើពិរុទ្ធជនឈ្មោះសុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ ដាក់ ពន្ធនាគារកំណត់រយៈពេល ៤ (បួន) ឆ្នាំ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅ ភូមិដកពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើស ដែលមានបញ្ញត្តិ និងចែងឱ្យផ្ដន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌ១ កថាខណ្ឌ៤ និងមាត្រា ៤៨ កថាខណ្ឌ ១ កថាខណ្ឌ៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន»។
កូនប្រុសទី២ របស់លោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត បានប្រាប់ប្រជាកាសែតថាការសម្រេចកាត់ទោសឪពុកលោកដាក់ពន្ធនាគារពីសំណាក់សាលាដំបូងខេត្តកំពង់ស្ពឺនេះ ជារឿងអយុត្តិធម៌សម្រាប់លោក សុខ ស៊ុនណារ៉េត ដោយលោក សារ៉ាត អះអាងថា ឪពុកលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់ឡើយ។
លោកថា៖ «វាអយុត្តិធម៌។ អយុត្តិធម៌ដូចយើងបានដឹងហើយរឿងហ្នឹងវាមហាជនបានដឹងគ្រប់ៗគ្នា។ អត់គួរណាដែលធ្វើរឿងនេះមកលើមនុស្សដែលអត់ដឹងអី មនុស្សដែលស្លូតត្រង់ យកគាត់មកធ្វើទារុណកម្មបែបនេះ»។
ទោះបីជាលោក ស៊ន សារ៉ាត ថា លោកនឹងបន្តប្ដឹងឧទ្ធរណ៍លើករណីឪពុកលោក។ ជាមួយគ្នានេះ លោកស្នើសុំដោយទទូចទៅតុលាការថ្នាក់លើឱ្យទម្លាក់ចោលបទចោទលើលោក សុខ ស៊ុនណារ៉េត ។
មេធាវីការពារក្ដីរបស់លោក សុខ ស៊ុនណារ៉េត គឺលោក អ៊ឹម ផាន់ណា ថាលោកគ្មានមតិជុំវិញការសម្រេចរបស់សាលាដំបូងខេត្តកំពង់ស្ពឺទេ។ ជាមួយគ្នានេះ ផាន់ណា ប្រាប់ថា លោកបានទទួលសំណើពីគ្រួសាររបស់កូនក្ដីលោក សុំប្ដឹងបន្តទៅកាន់សាលាឧទ្ធរណ៍។ តែយ៉ាងណាលោកថា ត្រូវពិភាក្សាបន្ថែមជាមុនសិន។
លោកថា៖ «កូនគាត់ស្នើសុំឱ្យបន្តរឿងក្ដីនីតិវិធីប្ដឹងឧទ្ធរណ៍ទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺទៀត ហើយខ្ញុំមិនទាន់ហ៊ានសម្រេចទេ ខ្ញុំត្រូវឆ្លងកាត់ប្រធានផ្នែករបស់ខ្ញុំសិន»។
ជុំវិញករណីនេះ អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក អាន ភិន បានប្រាប់ថា សាលាដំបូងខេត្តកំពុងស្ពឺបានកាត់ទោសលោក សុខ ស៊ុនណារ៉េត ឱ្យជាប់ពន្ធនាគារ៤ឆ្នាំ ដោយសំអាងលើភស្តុតាងគ្រឿងញៀនដែល លោក ណារ៉េត ទទួលស្គាល់ថាត្រូវបានរកឃើញក្នុងឡានរបស់លោក ទោះជាលោកបានបដិសេធថាគ្រឿងញៀននោះមិនមែនជារបស់គាត់ក៏ដោយ។
លោកបន្ថែមថា៖ «ខ្ញុំយល់ឃើញថាវាមានលក្ខណៈធ្ងន់ធ្ងរទៅលើគាត់[លោក សុខ ស៊ុនណារ៉េត] ក្នុងការដាក់ទោសទណ្ឌគាត់។ បើសិនជាគាត់បានប្រព្រឹត្តមែន បើសិនជារបស់ហ្នឹងជារបស់គាត់មែន គួរតែមានការបន្ធូរបន្ថយទោសឱ្យគាត់ ព្រោះគាត់ធ្លាប់មានគុណបំណាច់ក្នុងការបម្រើជាតិ បួនដប់ម្ភៃឆ្នាំដែរ ម្ភៃសាមសិបឆ្នាំដែរ គួរតែមានការយោគយល់អធ្យាស្រ័យឱ្យគាត់ បន្ធូរបន្ថយទោសឱ្យគាត់ផង»។
មន្ត្រីអង្គការអាដហុករូបនេះ សង្កេតឃើញថា ចំពោះរឿងក្ដីលោក សុខ ស៊ុនណារ៉េត តុលាការបានអនុវត្តតាមច្បាប់យ៉ាងរលូន ទាំងការមិនឃុំខ្លួនលោកលើសរយៈពេលនៃការឃុំខ្លួន ឬហួសថេរវេលានៃការជំនុំជម្រះក្ដីទេ។ ក៏ប៉ុន្តែ លោក អាន ភិន ថាអវត្តមានសាក្សីដែលជានគរបាលយុត្តិធម៌ក្នុងពេលជំនុំជម្រះក្ដីបានធ្វើឱ្យខាតបង់ប្រយោជន៍របស់លោក សុខ ស៊ុនណារ៉េត។
លោកថា៖ «វាខាតប្រយោជន៍របស់ជនត្រូវចោទ ដោយសារតែ បើសិនជាមានវត្តមានសាក្សីទៅ មេធាវីគាត់នឹងដេញដោលសួរសាក្សីទាក់ទងនឹងការឆែកឆេរ ទាក់ទងទៅនឹងការឃាត់ខ្លួន នីតិវិធីនៃការឃាត់ខ្លួនអ៊ីចឹងទៅណ៎ា វាបាត់បង់ប្រយោជន៍របស់គាត់ដែរនៅក្នុងពេលអវត្តមានសាក្សីហ្នឹង»។
ករណីនេះ លោក អាន ភិន ចង់ឱ្យតុលាការបន្ធូរបន្ថយទោសលើលោក សុខ ស៊ុនណារ៉េត ឬទម្លាក់ចោលនូវបទចោទ ហើយដោះលែងគាត់ឱ្យមានសេរីភាពវិញ ដោយសារលោកធ្លាប់មានគុណសម្បត្តិចំពោះប្រទេសជាតិ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ក្រោយតុលាការអះអាងថាបានរកឃើញគ្រឿងញៀនចំនួន២កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់១៥,៥២ក្រាម និងសារធាតុមិនច្បាស់ចំនួន១កញ្ចប់ ទម្ងន់១៣,៧៨ក្រាម។ជាមួយគ្នានេះ អ្នកអត្ថាធិប្បាយនយោបាយដែលមានជំហរជំទាស់ លោក ស៊ន តារា តែងលើកជារឿយៗថាករណីនេះជាករណីនយោបាយ ប៉ុន្តែត្រូវបានស្ថាប័នកងទ័ពជើងគោកបដិសេធ៕







