មន្ត្រីមូលដ្ឋានគណបក្សកម្លាំងជាតិម្នាក់លោក អៀម រ៉ាវុទ្ធ ដែលបានបាត់ខ្លួនកាលពីសប្ដាហ៍មុនមកនោះត្រូវបានរកឃើញថា គាត់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារ។ មន្ត្រីជាន់ខ្ពស់គណបក្សកម្លាំងជាតិ ចាត់ទុកថា ករណីនេះជាការបំភិតបំភ័យផ្នែកនយោបាយ។
អនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោក អៀម រ៉ាវុទ្ធ បានបាត់ដំណឹងកាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ សាច់ញាតិនិង តំណាងគណបក្សកម្លាំងជាតិ សុទ្ធតែអះអាងថា សមត្ថកិច្ចបានចាប់ខ្លួនលោក អៀម រ៉ាវុទ្ធ និងបានបញ្ជូនគាត់ទៅឃុំឃាំងនៅពន្ធនាគារព្រៃស ដោយចោទបទញុះញង់។
លោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិ បានប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ថា សមត្ថកិច្ចបានចាប់ខ្លួនលោក អៀម រ៉ាវុទ្ធ ដែលជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានអសន្តិសុខសង្គម។
លោកថា៖ «គេចាប់គាត់នៅព្រឹកថ្ងៃសៅរ៍ បទ ញុះញុងបង្កឱ្យមានអសន្តិសុខសង្គម (មិនទាន់ឃើញដីការ) […]វាជាការរឹតត្បឹតសេរីភាពការបញ្ចេញមតិ និងការបំភិតបំភ័យផ្នែកនយោបាយ»។
លោក សុខ គឹមសេង សំណូមពរដល់អាជ្ញាធរឱ្យយោគយល់ចំពោះកំហុសនានាក្នុងការបញ្ចេញមតិ និងស្នើឱ្យ ពលរដ្ឋគ្រប់និន្នាការនយោបាយរួបរួមគ្នា ខណៈពេលកម្ពុជា-ថៃកំពុងមានជម្លោះ។
លោកបន្ថែមថា៖«ទី១ ក្នុងដំណាក់កាលដ៏បាកនេះអាជ្ញាធរត្រូវមានការយោគយល់ បើគាត់មានកំហុសក្នុងការបញ្ចេញមតិត្រូវហៅមកអប់រំ។២.ក្នុងស្ថានភាពប្រទេសយើងកំពុងតែមានការឈ្លានពានពីកងទ័ពថៃ ប្រជាពលរដ្ឋកម្ពុជា គ្រប់និន្នាការនយោបាយចាំបាច់ត្រូវមានសាមគ្គីភាពជាធ្លុងមួយ។ ១.ត្រូវមានស្ថិរភាពនយោបាយ ២.បើកលំហសិទ្ធិសេរីភាពបញ្ចេញមតិ ៣.ត្រូវចាប់ផ្តើមការផ្សះផ្សារជាតិ តាមរយៈការរួបរួមអ្នកនយោបាយ ទាំងអស់ ដោយចាប់ផ្តើមពីការដោះលែងអ្នកជាប់ឃុំនយោបាយ ឱ្យមានសេរីភាពឡើងវិញ»។
សាច់ញាតិរបស់លោក អៀម រ៉ាវុទ្ធ គឺលោក ជា គឹមយ៉េន ប្រាប់ថា លោកបានទទួលដំណឹងថា លោក អៀម រ៉ាវុទ្ធ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបានបញ្ជូនទៅពន្ធនាគារព្រៃស កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ តែលោកមិនទាន់បានជួបលោក រ៉ាវុទ្ធ នៅឡើយទេ។
លោកបន្តថា៖ «ខ្ញុំមានការតក់ស្លុត ក្រោយពីទទួលដំណឹងថាមានការចាប់ខ្លួនលោកគ្រូ អៀម រ៉ាវុទ្ធ បញ្ជូនទៅពន្ធនាគារ។ ខ្ញុំមិននឹកស្មានដល់ថាអាជ្ញាធរលោកឃាត់ខ្លួនគាត់ ព្រោះថាមនុស្សគាត់ជាមនុស្សដែលដើរតួសង្គម គាត់រិះគន់ដើម្បីស្ថាបនាសង្គម មនុស្សគាត់និយាយត្រង់ មាត់ត្រង់មិនមែនថារិះរដ្ឋាភិបាលទេគាត់រិះគន់សូម្បីតែថ្នាក់ដឹកនាំគណបក្ស នៅក្នុងគណបក្សរបស់ខ្លួន»។
លោក ជា គឹមយ៉េន ថាលោកមិនទាន់ដឹងថា ការចាប់ខ្លួននេះ ក្រោមបទចោទអ្វីទេ ហើយលោកក៏មិនទាន់អាចសន្មត់យ៉ាងណាដែរ ក៏ប៉ុន្តែលោកថា នៅមុនពេលលោក អៀម រ៉ាវុទ្ធ ត្រូវបានចាប់ខ្លួន គាត់បានចែករំលែកព័ត៌មានដែលប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជា។
លោកបន្ថែមថា៖ «ខ្ញុំមិនទាន់វាយតម្លៃនេះជារឿងពាក់ព័ន្ធនឹងអ្វីមួយនៅឡើយទេណ៎ា[…]ប៉ុន្តែមុននឹងការចាប់ខ្លួនគាត់ហ្នឹង គាត់បាន Share [ចែករំលែក] ព័ត៌មានក្ដៅពីក្រៅប្រទេសមួយចំនួន ដែលពាក់ព័ន្ធនឹងការវាយប្រហារទៅលើរដ្ឋាភិបាល»។
ប្រជាកាសែតមិនអាចសុំការអធិប្បាយពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។
លោក ប៉េង ម៉េងគ័ង អ្នកនាំពាក្យតំណាងអយ្យការសាលាដំបូងភ្នំពេញ និងលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញសុទ្ធតែបញ្ជាក់ថា មិនទាន់ទទួលបានដំណឹងនេះនៅឡើយ។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថា ការចាប់ខ្លួនលោក អៀម រ៉ាវុទ្ធ ទំនងជាដោយសារការបញ្ចេញមតិរបស់លោក ដែលបានធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាល។
លោកថា៖ «អ្វីដែលរដ្ឋាភិបាលកំពុងអនុវត្តហ្នឹងហាក់ដូចជា ប្រាស់ចាកទៅលើប្រទេស ដែលសព្វថ្ងៃដែលយើងប្រកាសថា នីតិរដ្ឋ ហើយយើងអង្គការសង្គមស៊ីវិល ស្នើសុំទទូចទៅរដ្ឋាភិបាល បើចាប់ បើចងដាក់ពន្ធនាគារដាក់អីក៏គួរតែបង្ហាញអំពីនីតិវិធីក៏ដូចជាការចោទប្រកាន់ បង្ហាញដីកាបង្ហាញអីឱ្យក្រុមគ្រួសារគេដឹងផង»។
លោកបន្ថែមថា៖ «បើស្ថានភាពនេះ គួរតែមានការរួបរួមជាតិ ការតិទាន ការបញ្ចេញមតិ គួរតែទទួលយកទៅ ហើយបើសិនការទទួលយកការតិទាន ការបញ្ចេញមតិមិនបាន ជាទូទៅធម្មតាទេអ្នកអនុវត្តន៍តែងតែទទួលរងការរិះគន់ និងតិទានហើយ ក៏ប៉ុន្តែបើសិនជាយើងគ្រាន់តែគ្នាតិទានដើម្បីកែលំអ វាមិនគួរណាដល់ថ្នាក់ចាប់ដាក់ទោសទណ្ឌពួកគាត់»។
បើតាមគណបក្សកម្លាំងជាតិ បច្ចុប្បន្នមានថ្នាក់ដឹកនាំ និងសមាជិកគណបក្សកម្លាំងជាតិចំនួន ១៦នាក់ កំពុងជាប់ពន្ធនាគារ ដូចជាលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ លោក ជិន ប៊ុណ្ណារ័ត្ន អគ្គនាយករដ្ឋបាលគណបក្សកម្លាំងជាតិ និងលោក ឌឹម គៀង សមាជិកគណបក្សកម្លាំងជាតិជាដើម៕







