មន្ត្រីមូលដ្ឋានម្នាក់របស់គណបក្សកម្លាំងជាតិ បាត់ដំណឹងមិនដឹងមូលហេតុ

នយោបាយ

លោក អៀម រ៉ាវុទ្ធ អនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (រូបភាព៖ គណបក្សកម្លាំងជាតិ)

សមាជិកគណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញម្នាក់បានបាត់ដំណឹងដោយមិនដឹងពីមូលហេតុតាំងពីចុងសប្ដាហ៍មុន ខណៈសមាជិកគ្រួសារ និងគណបក្សកំពុងស្វែងរកគាត់។

លោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិបានប្រាប់ប្រជាកាសែតនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា លោក អៀម រ៉ាវុទ្ធ ដែលជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្នរបស់គណបក្សកម្លាំងជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបាត់ដំណឹងកាលពីល្ងាចថ្ងៃទី១៥ ខែសីហា។

លោកមានប្រសាសន៍ថា៖ «គាត់ចាប់ផ្តើមបាត់ដំណឹងពីល្ងាចថ្ងៃសុក្រ ទី១៥ ខែសីហា តែ១៥ហ្នឹងគាត់នៅមានទំនាក់ទំនងជាមួយក្រុមការងារនៅឡើយ»។

សាច់ញាតិរបស់លោក អៀម រ៉ាវុទ្ធ គឺលោក ជា គឹមយ៉េន បានប្រាប់ថា លោករ៉ាវុទ្ធ បានទៅធ្វើការធម្មតានៅល្ងាចថ្ងៃទី១៥ ខែសីហា នៅឯសាលារៀនមួយដូចសព្វមួយដង លុះដល់ព្រឹកថ្ងៃទី១៦ ខែសីហា ដាច់ការទាក់ទងរហូតមក។

លោក ជា គឹមយ៉េន ៖ «មុនគាត់បាត់ខ្លួន គាត់បំពេញការងារនៅកន្លែងការងាររបស់គាត់ នៅល្ងាចថ្ងៃសុក្រ គាត់ចូលកន្លែងធ្វើការធម្មតា។ ដល់ពេលគាត់ចេញពីកន្លែងធ្វើការហ្នឹងមក[…]ថ្ងៃសុក្រហ្នឹងខ្ញុំអត់បានទំនាក់ទំនងជាមួយគាត់ទេ ប៉ុន្តែដល់ពេលថ្ងៃសៅរ៍ឡើង ខ្ញុំបានទំនាក់ទំនងជាមួយគាត់ហ្នឹង តេតាមលេខទូរស័ព្ទហ្នឹងអត់ចូល ហើយនិងតេតាមតេឡេក្រាមក៏អត់ចូល ហើយតាំងពីព្រឹកថ្ងៃសៅរ៍ហ្នឹងបាត់ដំណឹងគាត់រហូតមកហ្មង»។

លោក ជា គឹមយ៉េន បន្តថា៖ «ចំពោះខ្ញុំ និងក្រុមគ្រួសារសាច់ញាតិទាំងអស់មានការព្រួយបារម្ភ ព្រួយបារម្ភខ្លាំង ព្រោះថា មិនអាចទាក់ទង មិនដឹងដំណឹងថាគាត់នៅទីណា ហើយព័ត៌មានទាំងអស់អំពីសុវត្ថិភាពរបស់គាត់ហ្នឹងមិនទាន់ទទួលបានដំណឹងនៅឡើយ»។
លោក ជា គឹមយ៉េន ថាលោកនឹងទៅដាក់ពាក្យបណ្ដឹងនៅបុស្តិ៏នគរបាលខណ្ឌចោមចៅមួយនៅរសៀលថ្ងៃទី១៨ខែសីហា។

ប្រជាកាសែតមិនអាចសុំការអធិប្បាយពីលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទេនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ ដោយទូរស័ព្ទចូលតែត្រូវបាន​ចុចបិទ។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរស្រាវជ្រាវរកព័ត៌មានពីលោក អៀម រ៉ាវុទ្ធ ឬបើបានទទួល ឬមានព័ត៌មានពីបច្ចុប្បន្នភាពរបស់លោក អាជ្ញាធរគួរផ្តល់ពត៌មាននេះដើម្បីឱ្យក្រុមគ្រួសាររបស់លោកបានដឹង និងជៀសវាងការភាន់ច្រឡំនាមួយទៅនឹងករណីនយោបាយ។ 

លោកថា៖ «ក្រោយពីទទួលព័ត៌មានពីការបាត់ដំណឹងលោក អៀម រ៉ាវុទ្ធ អាជ្ញាធរត្រូវតែបើកការស្រាវជ្រាវ និងស្វែងរកព័ត៌មានពីលោក ដើម្បីផ្តល់ពត៌មានបច្ចុប្បន្នភាពដល់ក្រុមគ្រួសារ និងបំបាត់នូវបន្ទិលសង្ស័យផ្សេងៗ ជាពិសេសកុំឱ្យមានការចោទប្រកាន់ទាក់ទងរឿងនិន្នាការនយោបាយ»៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1033}" data-page="1" data-max-pages="1" data-start="1" data-end="1">