លោក ថាច់ សេដ្ឋា ស្នើតុលាការទុកចោលបណ្ដឹងដែលប្ដឹងដោយគណបក្សប្រជាជន

នយោបាយ

ភរិយាលោក ថាច់ សេដ្ឋា ថ្លែងប្រាប់អ្នកកាសែតនៅមុខសាលាដំបូងរាជធានីភ្នំពេញ។ (រូបថត៖ ហុង សេរីហ្វុង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥)

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន បានស្នើសុំតុលាការទុកចោលបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្ដឹងលោកទាក់ទងនឹងរឿងលោកថ្លែងនៅប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់មេធាវីការពារក្ដីរបស់លោកថាច់ សេដ្ឋា ដែលនៅអមដំណើររូបលោក ពេល ចូលឆ្លើយបំភ្លឺចំពោះមុខអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។

កាលពីថ្ងៃទីទី១៤ ខែសីហា ឆ្នាំ២០២៥ លោក ប្លង់ សុផល តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោក ថាច់ សេដ្ឋា ព្រមទាំងមេធាវីលោក ឱ្យចូលបំភ្លឺរឿងក្ដី នៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥។ រឿងក្ដីនោះ គឺពាក់ព័ន្ធទៅនឹងបណ្ដឹងរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា លោក គី តិច ដែលប្ដឹងលោក ថាច់ សេដ្ឋា ករណីលោកថ្លែងប៉ះពាល់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅប្រទេស កូរ៉េខាងត្បូង។

សហមេធាវីការពារក្ដីឱ្យលោក ថាច់ សេដ្ឋា គឺលោកមេធាវី ឯម ចន្ថា បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចេញពីតុលាការថា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ កូនក្ដីលោកបានចូលបំភ្លឺនៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងភ្នំពេញ។ តំណាងអយ្យការបានចោទសួរលោក សេដ្ឋា ពាក់ព័ន្ធអង្គហេតុដែលលោកបាននិយាយពេលជួបជុំពលរដ្ឋខ្មែរនៅប្រទេសកូរ៉េខាងត្បូង។ ក៏ប៉ុន្តែលោក ថាច់ សេដ្ឋា បានបដិសេធការឆ្លើយតប ព្រោះនេះជាអង្គហេតុចាស់នៃបទចោទដែលបានចូលស្ថាពរនៅតុលាការកំពូល ហើយដែលលោកកំពុងអនុវត្តទោស។

លោកថា៖ «នេះជាបណ្ដឹងថ្មី ប៉ុន្តែចោទប្រកាន់ទៅលើព្រឹត្តិការណ៍ដែលគាត់នៅកូរ៉េដូចបណ្ដឹងលើកមុនដដែលដូចជាដែលធ្លាប់កាត់ទោសហើយហ្នឹងណា៎[…]ក្នុងនាមជាមេធាវី ហើយនិងកូនក្ដី បានស្នើសុំ ជាពិសេសគឺសាម៉ីខ្លួនគាត់តែម្ដង គឺស្នើសុំឱ្យតុលាការធ្វើការតម្កល់រឿងហ្នឹងចោលទុកអត់ចាត់ការ ព្រោះវាជាអង្គហេតុដដែល»។

ភរិយារបស់លោក ថាច់ សេដ្ឋា គឺអ្នកស្រី ថាច់ សុខបូរ៉ានី បានប្រាប់ថា អ្នកស្រីមិនបានដឹងរឿងរ៉ាវជាក់លាក់ទាក់ទងនឹងការកោះហៅស្វាមីគាត់ចូលបំភ្លឺទេ ព្រោះអ្នកស្រីមិនត្រូវបានអនុញ្ញាតឱ្យចូលស្ដាប់ឡើយ។ តែយ៉ាងណា អ្នកស្រីថា ករណីកោះហៅនេះ គឺតាមបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជា ហើយអ្នកស្រីស្នើសុំដើមបណ្ដឹងទម្លាក់បណ្ដឹងនោះចោល និងឱ្យលោក សេដ្ឋា បានបម្រើប្រទេសជាតិវិញ។

អ្នកស្រីថា៖ «ខ្ញុំមានតែសំណូមពរឱ្យគាត់ហ្នឹង អ្នកប្ដឹងគាត់ហ្នឹងទម្លាក់បទចោទ ចង់និយាយថា កុំយកកម្មយកពារនឹងគ្នាទៀតលោកអ៊ើយ គាត់ចាស់ហើយៗមានជំងឺបេះដូងទៀត ហើយយកកម្មយកពារគាត់ដល់កាលណាទៀត ឱ្យគាត់ចេញមកដើម្បីបម្រើជាតិទាំងអស់គ្នាទៅ ខ្មែរទាំងអស់គ្នាតើ»។

ចំណែកឯអគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ បានប្រាប់ថា នេះជារឿងអយុត្តិធម៌មួយបន្ថែមទៀតចំពោះលោក ថាច់ សេដ្ឋា ដែលបានជាប់ចោទ ២ករណីមកហើយ។

លោកថា៖ «យើងយល់ថា នេះជារឿងអយិត្តិធម៌មួយក្នុងចំណោមអយុត្តិធម៌ទាំងអប្បានមាណដែលបានធ្លាក់មកលើលោក ថាច់ សេដ្ឋា។ សូមជម្រាបថា លោក ថាច់ សេដ្ឋា បានរងទទួលការចោទប្រកាន់ហើយកាត់ទោស២ករណីរួចមកហើយៗតាមរយៈការអនុវត្តន៍ទោសចប់សព្វគ្រប់ លោកនឹងទទួលបានសិទ្ធិសេរីភាពមកវិញនៅដើមឆ្នាំ២០២៦ខាងមុខ។ ប៉ុន្តែឥឡូវនេះស្រាប់តែមានបទចោទទី៣ មកលើលោក ថាច់ សេដ្ឋា»។

ករណីនេះ លោក សុធារ៉ាយុត្តិ ស្នើតុលាការកុំចោទប្រកាន់ចំពោះលោក ថាច់ សេដ្ឋា ព្រោះលោកថា កាលៈទេសៈនេះ ខ្មែរត្រូវរួបរួមគ្នា គ្រប់ទិន្នាការនយោបាយ។

ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត ថាករណីដែលតុលាការកោះហៅលោក ថាច់ សេដ្ឋា ឱ្យចូលបំភ្លឺនេះ ជាករណីដែលតុលាការកំពូលបានសម្រេចរួចហើយ។ លោក សុខសាន្ត ចាត់ទុកករណីនេះ ជាការធ្វើទុក្ខបុកម្នេញបក្សជំទាស់ ហើយលោកស្នើសុំឱ្យបញ្ឈប់ទង្វើនេះ។

លោកថា៖ «ពាក់ព័ន្ធនឹងរឿងដែលតុលាការកោះហៅ ថាច់ សេដ្ឋា មកសាកសួរ ខ្ញុំមិនដឹងថានីតិវិធីរបស់តុលាការហ្នឹង ជានីតិវិធីដែលធ្វើឱ្យប៉ះពាល់គណបក្សនយោបាយដែលមាននិន្នាការប្រឆាំង ឬមួយជាការធ្វើទុក្ខម្នេញទេ ពីព្រោះអីនៅតុលាការកំពូល គេបានសម្រេចចប់សព្វគ្រប់ហើយ»។

លោក ថាច់ សេដ្ឋា ត្រូវសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។ សាលក្រមមួយទៀតបានផ្តន្ទាទោសលោកថាច់ សេដ្ឋា ដាក់ពន្ធនាគារចំនួន ៣ឆ្នាំ មួយខែ ពីបទ «ញុះញង់បង្កឱ្យភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ញុះញង់បង្កឱ្យមានការរើសអើងជាតិសាសន៍»៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1094}" data-page="1" data-max-pages="1" data-start="1" data-end="1">