សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមបដិសេធសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំនួន១០នាក់ ដោយមិនដឹងហេតុសំអាង។នេះបើតាមការបញ្ជាក់របស់មេធាវីជនជាប់ចោទនិងសមាជិកក្រុមគ្រួសារដែលទៅស្ដាប់ផ្ទាល់ក្នុងសវនាការ។ មេធាវីការពារជនជាប់ចោទថាការសម្រេចនេះធ្វើឱ្យប៉ះពាល់សិទ្ធិជនត្រូវចោទ ព្រោះអ្នកទាំងនោះបានជាប់ឃុំលើសពេលកំណត់។
ការសម្រេចនេះធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការមុនអង្គសេចក្ដីកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ លើសំណើសុំនៅក្រៅឃុំរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសចំនួន១០នាក់ រួមមាន លោក ស៊្រុនស្រ៊ន ,កញ្ញា ភឹង សោភា , លោក សាន សិទ្ធ , អ្នកស្រី ពៅ លីតា, អ្នកស្រី សែម សុផល, លោក ហោ សុខុន, លោក ធែល ធីលែន, អ្នកស្រី ញិប សារ៉ុម, លោក ឈឹន ចម្រុង និងលោក គឹម វឿន។ សកម្មជនទាំងនោះកំពុងរងបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សហមេធាវីការពារក្ដីឱ្យសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគឺលោក សឺន ជុំជួន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីលោកចេញពីសវនាការថា សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានបដិសេធសំណើសុំនៅក្រៅឃុំរបស់កូនក្ដីលោក ក៏ប៉ុន្តែតុលាការមិនបានបញ្ជាក់ពីមូលហេតុក្រោយការសម្រេចនេះឡើយ ព្រោះតែពេលវេលាមិនអំណោយផល។
លោកថា៖ «លទ្ធផលសវនាការមុនអង្គសេចក្ដី ថ្ងៃនេះប្រកាសលទ្ធផលគឺតុលាការបដិសេធ តុលាការបដិសេធមិនព្រមឱ្យនៅក្រៅឃុំទេ ប៉ុន្តែការប្រកាសហេតុ មិនបានលើកឡើងអំពីការសំអាងហេតុអ្វីទេ ដោយសារតែពេលវេលា»។
លោក សឺន ជុំជួន ថាការសម្រេចបន្តឃុំខ្លួនសកម្មជនទាំងនោះបានធ្វើឱ្យប៉ះពាល់សិទ្ធិរបស់ពួកគេ ព្រោះការឃុំខ្លួននេះបានលើសរយៈពេលកំណត់។
លោកបន្ថែមថា៖ «យើងនៅតែចាត់ទុកថាជាការប៉ះពាល់ទៅលើសិទ្ធិនៃការឃុំខ្លួនហ្នឹងណា៎ យើងគិតថេរវេលាមកដល់ពេលនេះគឺការឃុំខ្លួនមានរហូតទៅដល់ជាងមួយឆ្នាំទៅហើយ ហើយដែលតុលាការគប្បីពិចារណាកន្លែងនេះដើម្បីផ្ដល់ឱ្យពូកគាត់ហ្នឹងមានសេរីភាព […]ក្នុងនាមជាមេធាវី យើងមិនអាចទទួលយកបានទេ ហើយចាំយើងពិភាក្សាជាមួយសហមេធាវីការពារក្ដីហ្នឹង ហើយជាមួយជនជាប់ចោទហ្នឹងទៅ គួរមាននីតិវិធីបែបណាទៀត យើងមិនទាន់ដឹងថាយើងគួរបន្តបែបណានោះទេ»។
លោកមេធាវីឱ្យដឹងថា តុលាការបានបើកសវនាការអង្គសេចក្ដីលើសំណុំរឿងទី១ ដែលមានលោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ តែបានសួរដេញដោលលោក ស៊្រុន ស៊្រន ម្នាក់គត់។ បន្ទាប់មកទើបតុលាការបានប្រកាសលទ្ធផលសំណើសុំនៅក្រៅឃុំដែលបានស្នើកាលពីថ្ងៃទី២៧ ខែសីហា។
បងស្រីបង្កើតរបស់សកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស កញ្ញា ភឹង សោភា គឺកញ្ញា ភឹង សោភ័ណ បានប្រាប់ថា កញ្ញាមានការសោកស្ដាយដែលតុលាការបន្តឃុំខ្លួនប្អូនស្រីគាត់ និងសកម្មជនឯទៀត ព្រោះការបន្តឃុំខ្លួននេះបានធ្វើឱ្យប៉ះពាល់ជីវភាពគ្រួសារពួកគាត់ និងបានផ្ទុយពីច្បាប់នៃការឃុំខ្លួនជនត្រូវចោទ។
កញ្ញាថា៖ «ទី១គឺប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពជាក់ស្ដែងរបស់ សោភា របស់បង ស្រ៊ន ហើយនិងរបស់បងសាន សិទ្ធ ដែលគាត់ត្រូវទទួលបន្ទុក។ អ៊ីចឹងខ្ញុំគិតថា ទី១ការអប់រំកូន ផ្លូវចិត្តរបស់កូនៗ ផ្លូវចិត្តរបស់ឪពុកម្ដាយចាស់ជរាគឺបន្តមានផលលំបាក។ ទី២គឺពាក់ព័ន្ធជាមួយនឹងការបន្តរក្សាជនដែលត្រូវចោទហ្នឹងគឺវាហួសនីតិវិធី គាត់ត្រូវបានឃុំរហូតដល់ទៅ១៣ខែជាងហើយ[…]វាលើសពាក់កណ្ដាលនៃការអនុវត្តន៍»។
ចំណែកឯប្អូនស្រីបង្កើតរបស់លោក ស្រ៊ុន ស្រ៊ន គឺអ្នកស្រី ស្រ៊ុន សុខហ៊ាង ក៏មានការសោកស្ដាយដែលសាលាដំបូងរាជធានីភ្នំពេញបានដិសេធសំណើសុំនៅក្រៅឃុំរបស់បងប្រុសគាត់ ហើយអ្នកស្រីស្នើសុំតុលាការពិចារណាដោះលែងលោក ស្រ៊ុន ស្រ៊ន ឱ្យនៅក្រៅឃុំ។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំជាក្រុមគ្រួសារមិនមានអ្វីច្រើនទេគ្រាន់តែស្នើសុំឱ្យតុលាការពិចារណានៃការឃាត់ខ្លួនរបស់គាត់ សុំឱ្យគាត់សម្រេចទៅឱ្យនៅក្រៅឃុំតាមការស្នើសុំរបស់ក្រុមគ្រួសារ ហើយហ្នឹងក៏ជាសិទ្ធិរបស់គាត់ដែរ[…]វាជាការសោកស្ដាយហើយ ដោយសារតាមអង្គនីតិវិធីវាគួរតែគាត់ត្រូវនៅក្រៅឃុំយូរណាស់ហើយ ឥឡូវក្នុងការឃុំខ្លួនគាត់គឺ១ឆ្នាំ១ខែ៧ថ្ងៃហើយ»។
ជុំវិញករណីនេះ មន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត បានប្រាប់ប្រជាកាសែតថា ការបន្តឃុំខ្លួនសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសគឺលើសរយៈពេលដែលច្បាប់កំណត់។ លោកថារដ្ឋាភិបាល និងតុលាការគួរដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពវិញ កុំឱ្យមានមតិជាតិ និងអន្តរជាតិរិះគន់ករណីនេះ។
លោកថា៖ «តុលាការហាក់សន្មត់ថាគាត់មានទោសដែលយើងមកដល់ថ្ងៃនេះអត់ទាន់បើកសវនាការផង ឃុំគាត់រហូតដល់លើសនីតិវិធីនៃការឃុំខ្លួនដែលគេកំណត់ថា៤ខែម្ដង ឬមួយក៏៦ខែម្ដង ដល់ពេលគាត់ឃុំជាងមួយឆ្នាំហើយវាស្មើនឹងជាង៥០ភាគរយហើយ ដូច្នេះគួរតែដោះលែងឱ្យគាត់នៅក្រៅឃុំទៅ»។
លោក យី សុខសាន្ត បន្ថែម៖ «គួរតែឈប់ធ្វើទុក្ខបុកម្នេញដល់ប្រជាពលរដ្ឋដែលធ្វើការងារសង្គម ហើយម៉្យាងទៀតបច្ចុប្បន្នយើងត្រូវការ គេហៅថាជាតិសាសន៍និយម ហើយពាក្យថាជាតិសាសន៍និយមហ្នឹងវាគួរតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលគាត់ធ្វើដើម្បីជាតិសាសន៍របស់គាត់ ជាពិសេសអ្នកដែលធ្វើការងារសង្គមដូចជា២៣តុលា គឺគាត់ធ្វើការងារសង្គមជួយរដ្ឋាភិបាលដែរ»។
កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចបានចាប់ខ្លួនលោក ស៊្រុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ក្រោយពីពួកគាត់លើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិ នៃការបង្កើតតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម ហៅកាត់ថា CLV តាមរយៈវីដេអូលើបញ្ដាញសង្គម។
សុំណុំរឿងក្រោមចោទពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ទាក់ទងនឹងការអធិប្បាយនានាពី CLV មានអ្នកពាក់ព័ន្ធសរុបចំនួន ៣៧នាក់កាលពីដំបូង តែក្រោយមកសំណុំរឿងនេះត្រូវបានតុលាការបំបែកជា៥ សំណុំរឿង ហើយក្រោយមកទៀតបានបំបែកជាចេញជា ៣សំណុំរឿងទៀត ដោយក្នុងសំណុំរឿងទី១មានលោក ស៊្រុន ស៊្រន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធ។ ទី២ មានអ្នកស្រី សែម សុផល និងអ្នកស្រី ញិប សារ៉ុម។ និងសំណុំរឿងទី៣ មានលោក គឹម វឿន លោក សាន អឿន និងអ្នកស្រី ពៅ លីតា៕







