NGOជាង៥០ស្នើលុបចោលវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ

នយោបាយ

ក្រុមអង្គការសង្គមស៊ីវិល សហជីពតាមរោចក្រ សមាគន៍ដីធ្លី ចំនួនជាង៥០ស្ថាប័នសុំស្នើរដ្ឋាភិបាលកម្ពុជាលុបចោលជាបន្ទាន់នូវវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ក្រោមហេតុផលថា វិសោធនកម្មច្បាប់នេះអាចអនុវត្តខុសគោលដៅ និងប៉ះពាល់សកម្មជនសិទ្ធិមនុស្ស នយោបាយនិងសង្គម ព្រមប្រជាពលរដ្ឋសាមញ្ញ។

សេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២៥ ក្រុមសង្គមស៊ីវិលសរុបចំនួន ៥៤ស្ថាប័ន រួម​មាន សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) សមាគមបណ្តាញយុវជនកម្ពុជា (CYN) អង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED Cambodia)ជាដើមបានស្នើឱ្យ​រដ្ឋាភិបាលកម្ពុជា លុបចោលវិសោធនកម្មជា​បន្ទាន់។

សេចក្ដីថ្លែងការណ៍៖ «វិសោធនកម្មច្បាប់នេះ អាចនឹងបង្កហានិភ័យ ដែលជាការដកហូតដោយមិនត្រឹមត្រូវ នូវសញ្ញា «ខ្មែរ» ពីពលរដ្ឋ «ខ្មែរ» និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទាំងនោះ ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ។ យើងខ្ញុំអំពាវនាវដល់រាជរដ្ឋាភិបាល សូមលុបចោលវិសោធនកម្មនេះជាបន្ទាន់»។

ប្រភពដដែលអះអាងថា មាត្រា ២៩ នៃច្បាប់ស្តីពីសញ្ញាតិ បើកផ្លូវឱ្យអាជ្ញាធរធអាចដកហូតសញ្ញាតិ ពីពលរដ្ឋខ្មែរ ក្នុងលក្ខខណ្ឌដែលចែងយ៉ាងទូលាយ និងស្រពិចស្រពិល ដោយមិនផ្តល់និយមន័យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌនីមួយៗនោះទេ។ ពួកគេសំដៅលើឃ្លាមួយចំនួននៅក្នុងច្បាប់នេះ ដូច​ជា​ឃ្លា​ថា៖ «ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពឃុបឃិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា» «ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ» និង «ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម» ជាដើម។

សេចក្ដីថ្លែងការណ៍ដដែលបន្តថា៖ «ឃ្លាខាងលើ ដែលជានិយមន័យនៃអំពើល្មើស មានលក្ខណៈទូលាយ និងអាចឱ្យអាជ្ញាធរអនុវត្ត ច្បាប់ដោយអត្តនោម័ត ហើយ មិនអាចឱ្យសាធារណជនអាចដឹងជាមុនបាន ពីលក្ខខណ្ឌជាក់លាក់នៃអំពើល្មើស និងផ្តល់នូវលទ្ធភាពខ្ពស់ឱ្យអាជ្ញាធររដ្ឋក្នុងការបកស្រាយ និងប្រើប្រាស់តាមចិត្ត»។

ក្រុមសង្គមស៊ីវិលថា ការដកហូតសញ្ជាតិពីពលរដ្ឋខ្មែរអាចនឹងមានផលវិបាកធំធេង និងធ្ងន់ធ្ងរ ជាច្រើនដូចជាការដកហូតនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ការទទួលបានសេវាសុខាភិបាល សាធារណៈ ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ ការធ្វើការងារស្របច្បាប់ ការចូលរួមក្នុងសកម្មភាពនយោបាយ និងការធ្វើដំណើរចេញចូលប្រទេស។

នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត មានប្រសាសន៍ថា ក្រុមអង្គការសង្គម​ស៊ីវិលមានការព្រួយបារម្ភចំពោះការដកសញ្ជាតិខ្មែរពីបលរដ្ឋដោយមិនត្រឹមត្រូវ ដែលប៉ះ​ពាល់​សិទ្ធិ​សេរីភាព​មូល​ដ្ឋាន​របស់​ពលរដ្ឋ​ខ្មែរ​ ពីព្រោះថាច្បាប់នេះមានខ្លឹមសារទួលាយលាយ។ ម៉្យាងវិញទៀត លោក អំ សំអាត​ ថា ច្បាប់នេះមិនបានបញ្ជាក់ពីនីតិវិធីនៃការដកហូតសញ្ជាតិឡើយ។

លោកថា៖ «យើង​ក៏​ឃើញ​ដែរ​កន្លង​មក​មាន​សកម្មជន​បរិស្ថាន​ សកម្មជន​សិទ្ធិ​មនុស្ស ​ហើយ​សកម្មជន​សង្គម​ផ្សេង​ទៀត​ សកម្មជននយោបាយអីផ្សេងទៀតហ្នឹងក៏មានចោទអំពីរួមគំនិតក្បត់អីជាដើម អ៊ីចឹង​និយមន័យនៃការក្បត់ជាតិ ឬក៏ធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិអីហ្នឹង គួរតែមានការ​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់ បើសិនជាអត់ច្បាស់លាស់អាហ្នឹងវានាំឱ្យមានការបារម្ភ ហើយក៏វាអាចប៉ះពាល់ដល់សិទ្ធិ និងសេរីភាពជាមូលដ្ឋានផ្សេងៗទៀត»។

រីឯប្រធាន​បណ្ដាញ​យុវជន​កម្ពុជា(CYN) លោក ម៉ើ ចាន់តារា យល់ថា ខ្លឹមសារវិសោធនកម្មច្បាប់​ស្ដី​ពី​សញ្ជាតិ​​មានលក្ខណៈរឹតត្បឹតសេរីភាពបញ្ចេញមតិ និងអាចប៉ះពាល់ដល់ការប្រើប្រាស់សិទ្ធិរបស់សកម្មជន​បរិស្ថាន និងសកម្មជននយោបាយ។

លោកថា៖ «វាប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ការប្រើប្រាស់សិទ្ធិសេរីភាពរបស់សកម្មជនបរិស្ថាន ជា​ពិសេស​សកម្មជននយោបាយដែលគាត់បានចូលរួមរិះគន់ដើម្បីស្ថាបនា នៅក្នុងការចូលរួមតិទានការ​អនុវត្តន៍របស់មន្ត្រីថ្នាក់ក្រោមជាតិដែលគាត់បានធ្វើ ឬមួយក៏ដែលអនុវត្តទៅដែលមិនសមប្រកប ហើយ​យើងមើលឃើញថា វិសោធនកម្មច្បាប់នេះមានចរិតលក្ខណៈរឹតត្បិតនៅក្នុងការសេរីភាពបញ្ចេញមតិ»។

លោក ចាន់តារា សង្ឃឹមថាភាគីពាក់ព័ន្ធព្រមទាំងរដ្ឋាភិបាលអាចនឹងកែសម្រួល ឬលុបចោលទាំងស្រុងនូវ​វិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនេះ។ ក្នុងករណីដែលមិនមានលទ្ធផលវិជ្ជមាន ប្រធានបណ្ដាញយុវជនកម្ពុជារូបនេះថា ក្រុមសង្គមស៊ីវិលនឹងទាមទារជាបន្តបន្ទាប់ឱ្យកែសម្រួល ឬលុបចោលវិសោធនកម្មច្បាប់នេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និយាយថា ការដែលក្រុមសង្គមស៊ីវិលលើកឡើង​ពីផលប៉ះពាល់អវិជ្ជមាននៃវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ និងការស្នើសុំលុបវិសោធនកម្មច្បាប់នេះ គឺជាសិទ្ធិ​សេរីភាពបញ្ចេញមតិរបស់ក្រុមសង្គមស៊ីវិល។ តែយ៉ាងណាលោក បូណា បញ្ជាក់ថា វិសោធនកម្មច្បាប់នេះ​មិនធ្វើឱ្យប៉ះពាល់សិទ្ធិមនុស្សនោះឡើយ។

លោកថា៖ «ច្បាប់នេះអត់មានប៉ះពាល់ដល់ប្រជាពលរដ្ឋ​ សិទ្ធិមនុស្សអីទេ បញ្ចេញមតិអីទេ គឺ​គេ​សំដៅ​តែ​ជន​ក្បត់​ជាតិ​ទេ»។​

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះបន្តថា ការអនុម័ត និងអនុវត្តន៍ច្បាប់មួយ គឺជាសិទ្ធិសម្រេច​របស់រដ្ឋសភា និងព្រឹទ្ធសភា និងរដ្ឋាភិបាល ដែលទទួលបានការទុកចិត្តពីប្រជាពលរដ្ឋតាមរយៈការ​បោះ​ឆ្នោត​ជាសកល។

លោកថា៖ «សូមឱ្យបងប្អូនសង្គមស៊ីវិលទាំងហ្នឹងចោទសួរខ្លួនឯងថា តើអ្នកណាជាអ្នកតំណាង​ប្រជា​ពលរដ្ឋពិតប្រាកដ? តើក្រុមសង្គមស៊ីវិលមួយក្ដាប់តូច ឬមួយក៏ជារដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី?»។

​អ្នកជំនាញផ្នែកច្បាប់លោក វ៉ន ចាន់ឡូត មានប្រសាសន៍ថា វាប្រហែលជាហួសពេលទៅហើយក្នុងការ​លុប​ចោលនូវ​វិសោធនកម្មស្ដីពីសញ្ជាតិនេះ ដោយអាចត្រឹមចាំពិនិត្យការអនុវត្តន៍​ច្បាប់នេះនាពេលខាង​មុខ​ប៉ុណ្ណោះ។​

លោកថា៖ «ករណីនេះ អង្ករក្លាយជាបាយហើយ ដូច្នេះទំនងមិនមានអ្វីប្រែប្រួលនោះទេ មាន​តែ​ការ​រង់​ចាំ​មើល​ចំពោះ​ការអនុវត្តន៍ច្បាប់នៃការដកសញ្ជាតិតែប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក ចាន់ឡូត និយាយថា ការការធ្វើវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិនេះ មាន​ទាំង​គុណ​សម្បត្តិ​ និង​គុណ​វិបត្តិ។ ចំពោះគុណសម្បត្តិ គឺអាចដកសញ្ជាតិជនបរទេសទាំងឡាយណា​ដែលបានបំផ្លាញ​ប្រយោជន៍​ខ្មែរ។

លោកបន្ថែម៖ «ប៉ុន្តែ​ក្នុង​ករណី​ដែល​ច្បាប់​នេះ​ប្រើ​បាញ់​ចំពោះ​អ្នក​នយោបាយ​ អ្នក​រិះគន់​ ឬ​ក៏​អ្នក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ហើយ​ត្រូវ​បាន​ប្រើ​ប្រាស់​ច្បាប់​នេះ​ក្នុង​គោល​ដៅ​មួយ​នេះ​ គឺ​នឹង​ទទួល​នូវ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ ហើយ​ក្នុង​នោះ​រដ្ឋាភិបាល​ទំនង​ត្រូវ​ទទួល​ខុស​ត្រូវ​មួយ​យ៉ាង​ធំ»។

កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ចំនួន៧មាត្រារួមមាន មាត្រា១ មាត្រា៧ មាត្រា១៦ មាត្រា២៧ មាត្រា២៨ មាត្រា២៩ និងមាត្រា៣៤ នៃច្បាប់សញ្ជាតិដែលដាក់ឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1221}" data-page="1" data-max-pages="1" data-start="1" data-end="1">