ម្ចាស់ក្រុមហ៊ុនមួយរូប រិះគន់ការអនុវត្តការងាររបស់អភិបាលខណ្ឌព្រែកព្នៅ 

សង្គម

(រូបភាពពេលសមត្ថកិច្ចទៅពិនិត្យឃ្លាំង (App) L192 )ផ្សាយតាមហ្វេសប៊ុកផេកលោកផែងវណ្ណៈ)។

សហស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូន (App) L192 អ្នកស្រី អ៊ិន ម៉ាយ៉ាន ហៅ «Sovina» បង្ហាញការមិនពេញចិត្តចំពោះការអនុវត្តការងាររបស់មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលចុះត្រួតពិនិត្យបទល្មើសបច្ចេកវិទ្យា (ស្កេម) នៅឃ្លាំងរបស់ខ្លួន កាលពីថ្ងៃទី១១ ខែមិថុនា។ អ្នកស្រីបញ្ជាក់ថា ក្រុមមន្ត្រីមួយចំនួន ប្រើកាយវិការមិនសមរម្យ ហើយឆ្លៀតសួររកទំនិញថៃ និងឯកសារជាច្រើន ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់។

អ្នកស្រី អ៊ិន ម៉ាយ៉ាន បានចេញវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «Sovina» មានរយៈពេលជាង៧នាទី នៅថ្ងៃពុធ ទី១៧ ខែមិថុនា។ អ្នកស្រីលើកឡើងថា អភិបាលខណ្ឌព្រែកព្នៅ និងព្រះរាជអាជ្ញារងមួយរូប ប្រើប្រាស់អាកប្បកិរិយាមិនសមរម្យ និងហាមមិនឱ្យគ្រួសាររបស់អ្នកស្រីទៅណានោះទេ អំឡុងពេលចុះត្រួតពិនិត្យរកបទល្មើសស្កេម បើទោះបីជាដល់ម៉ោងទៅទទួលកូនពីសាលារៀនក៏ដោយ។ គិតត្រឹមម៉ោង៥ល្ងាចនេះ វីដេអូនេះមានការចែករំលែករហូតដល់ជាង១ម៉ឺនគណនេយ្យ និងមានអ្នកទស្សនាជិត១,៥លានដង។ទោះជាយ៉ាងណាក្ដីគិតត្រឹមម៉ោង៥និង៥៣នាទីល្ងាចថ្ងៃទី១៧ខែមិថុនា អ្នកផលិតមាតិកានៅប្រជាកាសែតរកមិនឃើញវីដេរបស់អ្នកស្រីនៅលើផេក«Sovina»ឡើយ។

តាមរយៈវីដេអូដដែល អ្នកស្រី អ៊ិន ម៉ាយ៉ាន ហៅ «Sovina» បានចាត់ទុកទង្វើរបស់អាជ្ញាធរ​ថា ហាក់ដូចជាក្រុមគ្រួសាររបស់អ្នកស្រីបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ។ អ្នកស្រីថា បន្ទាប់ពីរកមិនឃើញតម្រុយពាក់ព័ន្ធនឹងបទល្មើសអនឡាញ មន្ត្រីខណ្ឌព្រែកព្នៅមិនបានចាកចេញ តែបែរជាសួររកទំនិញថៃ និងទារឯកសារជាច្រើន ថែមទាំងហៅកងកម្លាំងមកជាបន្តបន្ទាប់ ដែលដឹកនាំដោយព្រះរាជអាជ្ញារងមួយរូបផងដែរ។ អ្នកស្រីបន្តថា ទាំងអភិបាលខណ្ឌព្រែកព្នៅ និងព្រះរាជអាជ្ញារងរូបនោះ បានចោទអ្នកស្រីថាមិនសហការ ទាំងដែលអ្នកស្រីស្ថិតនៅទីតាំងដើម្បីផ្ដល់ព័ត៌មាន។

បើតាមប្រភពដដែល អាជ្ញាធរបានចុះត្រួតពិនិត្យទីតាំងឃ្លាំងរបស់អ្នកស្រីក្នុងខណ្ឌព្រែកព្នៅ តាំងពីវេលាម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់ ក្នុងថ្ងៃដដែល។ ស្ត្រីក្នុងវីដេអូនោះ និយាយថា៖ «ព្រះរាជអាជ្ញារងគាត់មក គាត់រាងប្រើអំណាចរបស់គាត់ មកកៀបសង្កត់ខ្ញុំ។ បងខ្ញុំដល់ម៉ោងចេញទៅយកកូនក៏គាត់អត់ឱ្យទៅយកកូន ហើយខ្ញុំ គាត់ចង្អុលមុខពីរដង គាត់សម្លុតខ្ញុំ ដោយសារខ្ញុំជាមនុស្សស្រី។ អ្វីដែលខ្ញុំឆ្ងល់ គាត់ប្រើពាក្យថា ពួកខ្ញុំអត់សហការ គាត់ចូលមើលឃ្លាំងខ្ញុំរហូតតាំងពីព្រឹក ហើយថ្ងៃឡើង ក៏គាត់ចូលមើលឃ្លាំងខ្ញុំរហូត ហើយគាត់ប្រើពាក្យមួយម៉ាត់ថា អត់សហការ ខ្ញុំមិនដឹងថា កន្លែងណាមួយដែលខ្ញុំអត់សហការជាមួយគាត់»។

ចំណែកអ្នកឯកទេសខាងផ្នែកអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ មានប្រសាសន៍ថា ការលើកឡើងរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកនោះ មានភាពលម្អិត ដែលអាជ្ញាធរពាក់ព័ន្ធត្រូវចេញមកបកស្រាយ កុំឱ្យមហាជនកាន់តែជជែកវែកញែកបន្ថែមទៀត។ ទន្ទឹមនឹងនេះ លោកថាការចុះឆែកឆេរបទល្មើសបច្ចេកវិទ្យាលើទីតាំងអាជីវកម្មរបស់ពលរដ្ឋខាងលើ ក៏មើលទៅដូចមិនសមទំនង ហើយប្រសិនបើមន្ត្រីចុះត្រួតពិនិត្យករណីស្កេមមែននោះ ពួកគេគួរតែចាកចេញទៅវិញ នៅពេលដែលគ្មានតម្រុយអ្វី មិនមែននាំគ្នាមកកាន់តែច្រើននោះទេ។

លោកនិយាយថា៖ «បើអាជីវករដូចក្មួយស្រី សូវីណា អីជាដើម ខ្ញុំមើលទៅ ដូចជាការដែលទៅធ្វើក្នុងន័យស្កេម វាអត់សមទាល់តែមែនទែន។ ហើយបើសិនជាយើងទៅក្នុងរឿងស្កេម ហើយបើសិនជាយើងអត់ឃើញស្កេមទេ យើងគួរតែដកចេញមកវិញមក។ អាហ្នឹងមិនដកចេញ មានតែហៅគ្នាទៅថែមទៀត។ ដូច្នេះវាមានភាពស្រពេចស្រពិលខ្លាំងមែនទែននៅក្នុងរឿងហ្នឹង ដែលធ្វើឱ្យប្រជាពលរដ្ឋរឹតតែអត់ទុកចិត្ត [សមត្ថកិច្ច] ថែមទៀត»។

អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន ទូរសព្ទចូលតែមិនមានអ្នកទទួល។ ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស ថា កំពុងប្រមូលព័ត៌មានទាក់ទិននឹងករណីនេះ៕

អានអត្ថបទផ្សេងទៀតអំពី សង្គម

សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2984}" data-page="1" data-max-pages="1" data-start="1" data-end="1">