ថ្នាក់ដឹកនាំ និងសកម្មជនបក្សក្រៅរដ្ឋាភិបាលយ៉ាងហោច ៧នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ដោយភាគច្រើនពាក់ព័ន្ធនឹងបទចោទ«ញុះញង់»និង«ក្បត់ជាតិ» គិតចាប់ពីមានជម្លោះព្រំដែនកម្ពុជា-ថៃ នាចុងខែកក្កដាមក។
យោងតាមការកត់ត្រានៅលើគេហំព័ររបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានបង្ហាញថា គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣០ ខែសីហា មានថ្នាក់ដឹកនាំនិងសកម្មជនគណបក្សក្រៅរដ្ឋាភិបាលចំនួន៤នាក់ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទ«ញុះញង់»និង«ប្រមាថអង្គព្រះមហាក្សត្រ»។ អ្នកទាំងបួននោះរួមមានប្រធានគណបក្សដំណើរឆ្ពោះទៅមុខ អនុប្រធានគណបក្សកម្លាំងជាតិប្រចាំស្រុក-ខណ្ឌ ២នាក់ និងសកម្មជននយោបាយម្នាក់ផ្សេងទៀត។
កំណត់ថ្មីមួយទៀតរបស់អង្គការលីកាដូ ដែលបានចេញផ្សាយនៅថ្ងៃទី០៩កញ្ញា បានបង្ហាញថា មន្ត្រីគណបក្សប្រឆាំងចំនួន ៣នាក់ផ្សេងទៀត រួមមាននៅខេត្តបន្ទាយមានជ័យម្នាក់ និងនៅខេត្តកំពង់ស្ពឺ ២នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃតែមួយ គឺកាលពីថ្ងៃទី០៥កញ្ញា ដោយរងការចោទពីបទ«ញុះញង់» និង«ក្បត់ជាតិ»។ សកម្មជនគណបក្សឆន្ទៈខ្មែរប្រចាំខេត្តបន្ទាយមានជ័យលោក ចាន់ ជាតិ ត្រូវចាប់ខ្លួន ក្រោយលោកទៅថតរូប និងវីដេអូនៅព្រំដែនកម្ពុជា-ថៃ ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ នៃខេត្តបន្ទាយមានជ័យ។ មន្ត្រីបក្សប្រឆាំងនៅខេត្តកំពង់ស្ពឺ២នាក់ផ្សេងទៀត គឺប្រធានប្រតិបត្តិគណបក្សភ្លើងទៀនស្រុកឱរ៉ាល់ វ៉ន ឡាង និងប្រធានប្រតិបត្តិគណបក្សឆន្ទៈខ្មែរស្រុកឱរ៉ាល់ លោក ហែម ហឿន ក៏ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៥កញ្ញាដែរ។
លីកាដូឱ្យដឹងថា លោក ហែម ហឿន ត្រូវបានចាប់ខ្លួន ក្រោយពីលោកបានផ្តល់ព័ត៌មានពីការចាប់ខ្លួនលោក វ៉ន ឡាង ទៅកាន់ក្រុមការងារគណបក្សឆន្ទៈខ្មែរ។ អ្នកទាំងពីរត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«ញុះញង់» និងត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារមណ្ឌលអប់រំកែប្រែទី១(ម១)ព្រៃសរ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ បានឱ្យដឹងថា គិតចាប់ពីកម្ពុជា និងថៃមានជម្លោះព្រំដែនជាមួយថៃមក មន្ត្រីនិងសកម្មជនគណបក្សភ្លើងទៀន និងបក្សឆន្ទៈខ្មែរសរុបចំនួន ៦នាក់ត្រូវបានចាប់ខ្លួន។ លោកបន្តថា ការបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំង គឺជារូបភាពបំភិតបំភ័យ និងគំរាមកំហែងចំពោះគណបក្សប្រឆាំង ដែលធ្វើឱ្យសកម្មជនមានការភ័យខ្លាច។
លោកថ្លែងថា៖«ការបន្តចាប់សកម្មជនគណបក្សប្រឆាំង គឺបង្ហាញនូវការធ្វើទុក្ខបុកម្នេញ និងការបំភិតបំភ័យផ្នែកនយោបាយលើសំឡេង និងសកម្មភាពរបស់គណបក្សប្រឆាំងស្របច្បាប់។ វាប៉ះពាល់ខ្លាំងដល់គោលការណ៍ប្រជាធិបតេយ្យ»។
ចំណែក ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ទទូចឱ្យរដ្ឋាភិបាលបញ្ឈប់ការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង និងដោះលែងអ្នកទោសនយោបាយទាំងអស់ ដោយថាការចាប់ចងអ្នកនយោបាយប្រឆាំងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខមាត់កម្ពុជា។
លោកមានប្រសាសន៍៖«ការចោទប្រកាន់របស់ពួកគាត់ មិនឆ្លុះបញ្ចាំងការពិតទេ។ អ្នកនយោបាយតែងតែលើកឡើងជាមួយសកម្មជន ជាមួយសាធារណៈជន តែងតែលើកឡើងនិយាយការពិត។ នៅពេលដែលយើងនិយាយការពិតបែរជាមានការចោទប្រកាន់ថាញុះញង់ទៅវិញ។ តាមការពិតទៅ វាពុំមានកំហុសឆ្គងទេ ចំពោះពួកគាត់»។
លោកបន្ថែមថា កម្ពុជានឹងមានប្រៀបការទូតចំពោះជម្លោះជាមួយថៃ ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈដោះលែងអ្នកនយោបាយក្នុងស្រុក និងលើកលែងទោសអ្នកនយោបាយក្រៅស្រុក។
លោកថ្លែងថា៖«បើសិនណាយើងដោះលែងអ្នកនយោបាយទាំងអស់ ទាំងនៅក្រៅស្រុកឱ្យរួបរួមគ្នាមក យើងនឹងទទួលបានការសាទរពីអន្តរជាតិហើយ។ ក្នុងបញ្ហាជម្លោះព្រំដែននៃការឈ្លានពានពីសំណាក់សៀមហ្នឹង គឺយើងនឹងមានប្រៀបលើការទូត ហើយនិងបង្ហាញពីភាពខ្លាំងរបស់ខ្មែរយើង»។
ទោះជាយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានអះអាងថា អ្នកដែលប្រព្រឹត្តល្មើសច្បាប់ គឺត្រូវទទួលខុសត្រូវតាមច្បាប់ដោយគ្មានការលើកលែង ទោះជានរណាក៏ដោយ។
លោកមានប្រសាសន៍ថា៖«ការអនុវត្តច្បាប់គឺត្រូវអនុវត្តទូទៅ គ្រប់គ្នាទាំងអស់ គឺស្មើភាពគ្នាចំពោះមុខច្បាប់។ ដូច្នេះការអនុវត្តច្បាប់គឺត្រូវអនុវត្តដូចៗគ្នា អត់មានថាអ្នកណាជាអ្នកនយោបាយ ជាសកម្មជន ឬជាអី ដែលអាចមានអភ័យឯកសិទ្ធិអាចរួចផុតពីការទទួលខុសត្រូវទេ។ បើសិនជាគាត់ប្រព្រឹត្តអំពើល្មើសច្បាប់ គាត់ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា កម្ពុជាមិនគួរមានការចាប់ខ្លួនសកម្មជននយោបាយឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ លោកបន្តថា ទាំងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ស្នើឱ្យមានការបើកលំហរសេរីភាពឱ្យបានល្អប្រសើរ ដើម្បីធានាការអនុវត្តសិទ្ធិ ដោយថាការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនាំឱ្យមានការរិះគន់។
លោកមានប្រសាសន៍ថា៖«រាល់គណបក្សនយោបាយទាំងអស់គួរតែមានការសាមគ្គីគ្នា និងផ្សះផ្សាគ្នា ដើម្បីឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពលរដ្ឋជាធំ»។
កំណត់ហេតុរបស់ថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២៤ មកទល់ខែកញ្ញា ឆ្នាំ២០២៥នេះ ក្បាលម៉ាស៊ីនដឹកនាំបក្ស និងថ្នាក់ដឹកនាំស្រុកខណ្ឌ និងក្រុង នៃកូតាគណបក្សកម្លាំងជាតិសរុបចំនួន ១៨នាក់ ត្រូវបានចាប់ឃុំខ្លួន ដោយភាគច្រើនរងការចោទពីបទ«ញុះញង់បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សង្គមធ្ងន់ធ្ងរ»៕







