យ៉ាងហោចណាស់មន្ត្រីបក្សប្រឆាំង ៦នាក់ត្រូវបានចាប់ខ្លួនគិតពីខែតុលាឆ្នាំ២០២៥

នយោបាយ

កំណត់ត្រាអ្នកជាប់ឃុំដោយប្រើសិទ្ធិរបស់អង្គការលីកាដូ។ (រូបភាព៖ លីកាដូ)

មន្ត្រីគណបក្សប្រឆាំងយ៉ាងហោចណាស់ ៦នាក់បន្ថែមទៀត ត្រូវបានចាប់ខ្លួនក្រោមបទចោទ «រួមគំនិតក្បត់» និងបទ«ញុះញង់» ដែលជាបទព្រហ្មទណ្ឌ ចាប់ពីចុងខែតុលា២០២៥ ដល់ខែមករាឆ្នាំ២០២៦។មន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលអះអាងថា មូលហេតុនៃការចាប់ខ្លួនភាគច្រើនដោយសារ ពួកគេបញ្ចេញមតិតាមបណ្ដាញសង្គម ពីបញ្ហានយោបាយសង្គមនិងបញ្ហាព្រំដែន។

តាមកំណត់ត្រា«អ្នកជាប់ឃុំដោយប្រើសិទ្ធិ»របស់អង្គការលីកាដូ បានឱ្យដឹងថា ចាប់ពីថ្ងៃ២៩ ខែតុលា ឆ្នាំ២០២៥ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ មានសមាជិកគណបក្សប្រឆាំងចំនួន ៣នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ក្នុងនោះរួមមានអតីតជំទប់ទី២ នៃគណបក្សសង្គ្រោះជាតិ លោក អាំ វង្ស ប្រធានខេត្តពីគណបក្សកែទម្រង់កម្ពុជាលោក ម៉ៅ ស៊ីម៉ាល និងសកម្មជននយោបាយដែលមានពិការភាពគឺលោក ភុន យុទ្ធ។

កំណត់ត្រាដដែលឱ្យដឹងថា សកម្មជននយោបាយ លោក ភុន យុទ្ធ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ក្រោមបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍(ក្រមព្រហ្មទណ្ឌ មាត្រា ៤៩៤ ៤៩៥)។ រីឯប្រធានខេត្តពីគណបក្សកែទម្រង់កម្ពុជា លោក ម៉ៅ ស៊ីម៉ាល ត្រូវបានចាប់នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍(ក្រមព្រហ្មទណ្ឌ មាត្រា ៤៩៤ ៤៩៥) និងអតីតជំទប់ទី២នៃគណបក្សសង្គ្រោះជាតិ លោក អាំ វង្ស ត្រូវចាប់ខ្លួននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥) ក្រោមបទរួមគំនិតក្បត់ (ក្រមព្រហ្មទណ្ឌ មាត្រា ៤៥៣)។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោករ៉ុង ឈុន ឱ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២៦ មានសមាជិកគណបក្សកម្លាំងជាតិ ១ រូបទៀតត្រូវបានចាប់ខ្លួន ក្រោមបទចោទញុះញង់។ អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ឱ្យដឹងថា អ្នកដែលត្រូវបានចាប់ខ្លួនទាំង២រូបរួមមានចៅសង្កាត់រងទី២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញគឺលោក សរ ណាល់ និងជំទប់ទី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបងលោក រ័ត្ន សុធី ។

អគ្គលេខាធិការបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ឱ្យដឹងថា មានសមាជិកគណបក្ស២រូបទៀត ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក៏ប៉ុន្តែលោកមិនបានដឹងពីបទចោទជាក់លាក់លើពួកគេឡើយ ។លោកថា ពួកគេទំនងត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការបញ្ចេញមតិរឿងព្រំដែនខ្មែរ-ថៃ។

លោកឱ្យដឹងទៀតថា៖ «ខ្ញុំយល់ថាគ្រាន់តែការបញ្ចេញមតិរឿងបញ្ហាសង្គមនៅតាមប្រព័ន្ធសង្គមនេះ មិនគួរនាំឱ្យមានការចោទប្រកាន់ ឬក៏ចាប់ខ្លួនទេ មិនគួរទេពីព្រោះពួកគាត់គឺជាអ្នកនយោបាយ សកម្មជននយោបាយ ហើយពលរដ្ឋគ្រប់រូបហើយសកម្មជននយោបាយមានសិទ្ធិក្នុងការបញ្ចេញមតិទៅលើបញ្ហាសង្គម ព្រោះបញ្ហានេះជាបញ្ហារបស់យើងទាំងអស់គ្នា បញ្ហារបស់ជាតិ»។

អគ្គលេខាធិការគណបក្សភ្លើងទៀនរូបនេះ ស្នើសុំអាជ្ញាធរពាក់ព័ន្ធដោះលែងពួកគាត់ឱ្យមានសេរីភាពឡើងវិញ ដើម្បីអាចជួបជុំគ្រួសារ និងចូលរួមសកម្មភាពនយោបាយ ស្របពេលដែលកម្ពុជាត្រូវការសាមគ្គីភាពក្នុងចំណោមខ្មែរ។

លោកថា៖« ការបញ្ចេញមតិជាសិទ្ធិរបស់ពលរដ្ឋ និងអ្នកនយោបាយគ្រប់រូប ។ ការបញ្ចេញមតិមិនបង្កភាពអន្តរាយដល់សង្គមជាតិឡើយ ដូចនេះមិនត្រូវចាប់ខ្លួនអ្នកបញ្ចេញមតិទេ ព្រោះវាបង្កឱ្យមានការភ័យខ្លាចដល់សកម្មជននយោបាយ និងពលរដ្ឋទូទៅ»។

ចំណែកឯទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ថា ៖ «យើងមើលឃើញថា ការដែលចាប់ខ្លួនវាមិនមែនជារឿងដំណោះស្រាយសម្រាប់ជាតិនោះទេ ហើយយើងពិនិត្យមើលជាក់ស្ដែងពួកគាត់គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការបញ្ចេញមតិ សម្ដែងការឈឺឆ្អើលរឿងសង្គមតែប៉ុណ្ណោះទេ ព្រោះបើយើងមើលទៅមិនមានកំហុសខុសឆ្គងណានោះទេ។ បើសិនជាមានកំហុសឆ្គងអីក៏មិនត្រូវឈានទៅដល់ការចាប់ខ្លួនបែបអ៊ីចឹងដែរ វាគួរមានការហៅទៅអប់រំណែនាំឱ្យកែខ្លួនអ៊ីចឹងទៅ កុំភ្លាមចាប់ភ្លាម វាអត់មានចំណេញអីដល់កម្ពុជាទេ»។

ជុំវិញបញ្ហាទាំងនេះប្រជាកាសែតមិនទាន់អាចស្វែងរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌និងភាគីបក្សកាន់អំណាចបាននៅឡើយទេគិតត្រឹមព្រឹកថ្ងៃទី២៩ខែមករាឆ្នាំ២០២៦។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត មើលឃើញថា ភាគច្រើននៃអ្នកដែលកំពុងជាប់ឃុំទាំងនោះគឺពួកគេប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ខ្លួន ទើបកន្លងមកទាំងអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងតែងទទូចសុំឱ្យដោះលែងសកម្មជនគណបក្សនយោបាយ បរិស្ថាន សិទ្ធិមនុស្ស សហជីព និងសកម្មជនដែលធ្វើការងារសង្គម។

លោកថា៖ «នៅក្នុងកាលៈទេសៈនេះទៀតសោត យើងគិតថាខ្មែរគ្រប់នន្នាការគណបក្សនយោបាយ គួរតែមានការសាមគ្គីភាព ឯកភាពជាតិ ការរួបរួមគ្នាខ្មែរតែមួយ។ អ៊ីចឹងជាកាលៈទេសៈនិងស្ថានភាពមួយអ្នកទាំងអស់នោះគួរតែត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដើម្បីការរួបរួមសាមគ្គីជាតិខ្មែរ ហើយនិងបង្ហាញពីឆន្ទៈក្នុងគោលគារណ៍មួយគឺគោលការណ៍សិទ្ធិមនុស្ស»។

ចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦នេះ មានមន្ត្រីបក្សប្រឆាំង ៥៦រូបហើយដែលត្រូវបានចោទប្រកាន់ ផ្ដន្ទាទោស និងដាក់ពន្ធនាគារ រួមមានលោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី និងលោក ស៊ុន ចន្ធី ជាដើម៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ, សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1292}" data-page="1" data-max-pages="2" data-start="1" data-end="1">