ឧទ្ធរណ៍បន្ថែមពិន័យ៥លានរៀល លើទោសជាប់ពន្ធនាគាររបស់ឪពុកលោក ស៊ន តារា

នយោបាយ

សាលាឧទ្ធរណ៍រាជធានីភ្នំពេញបានប្រកាសសាលដីការសំណុំរឿងឪពុកអ្នកអធិប្បាយនយោបាយលោក ស៊ន តារា គឺលោក សុខ ស៊ុនណារ៉េត នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយរក្សាទោសជាប់ពន្ធនាគារនៅដដែលប៉ុន្តែតុលាការថ្នាក់កណ្ដាលនេះបន្ថែមពិន័យជាប្រាក់៥លានរៀល។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង បានប្រាប់ប្រជាកាសែតថា សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺដែលកាត់ទោសលោក សុខ ស៊ុនណារ៉េត ព្រមទាំងសម្រេចពិន័យជាប្រាក់៥លានរៀលបន្ថែមលើទោសជាប់ពន្ធនាគារ។

លោកថា៖ «ក្រុមប្រឹក្សាប្រកាសតម្កល់ និងសម្រេចពិន័យចំនួន៥លានរៀល»។

កូនប្រុសទី២ របស់លោក សុខ ស៊ុនណារ៉េត គឺលោក ស៊ន សារ៉ាត យល់ថាការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញជារឿងអយុត្តិធម៌ចំពោះឪពុកលោក។

លោកថា៖ «វាជារឿងអយុត្តិធម៌សម្រាប់ឪពុកខ្ញុំ ដែលជាពលរដ្ឋស្លូតត្រង់ និងស្អាតស្អំ។ គាត់បានបម្រើយោធាជាង៣០ឆ្នាំហើយ មិនត្រូវកាត់ទោសគាត់អ៊ីចឹងទេ ព្រោះគាត់អត់បានប្រព្រឹត្តខុសនោះទេ។ យើងនឹងប្ដឹងទៅតុលាការកំពូលបន្ត»។

ជុំវិញករណីនេះ នាយកទទួលបន្ទុកការងារទូទៅនៃអង្គការលីកាដូលោក អំ សំអាត សោកស្ដាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញដែលបានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកំពង់ស្ពឺចំពោះករណីលោក សុខ ស៊ុនណារ៉េត។

លោកថា ករណីនេះមានចំណុចមន្ទិលសង្ស័យ និងចម្រូងចម្រាស់តាំងពីដើម ព្រមទាំងមានការលើកឡើងថា ករណីលោក ស៊ុនណារ៉េត ជារឿងនយោបាយច្រើនជាងការអនុវត្តន៍ច្បាប់ ព្រោះកូនគាត់គឺលោក ស៊ន តារា ជាបុគ្គលដែលតែងតែរិះគន់បញ្ហាសង្គមយ៉ាងសកម្ម។

លោកថា៖ «ខ្ញុំមើលឃើញថាមកដល់ពេលនេះ វាគួរតែមានការមួយដែលបង្ហាញឱ្យច្បាស់លាស់ដើម្បីបំបាត់នូវមន្ទិលសង្ស័យទាំងអស់ ប៉ុន្តែយើងមានការសោកស្ដាយដែរដែលសាលាឧទ្ធរណ៍ភ្នំពេញតម្កល់សាលក្រមសាលាដំបូងខេត្តកំពង់ស្ពឺទុកជាបានការដែលផ្ដន្ទាទោសលោក សុខ ស៊ុនណារ៉េត ដាក់ពន្ធនាគារ ៤ឆ្នាំ ហើយនិងពិន័យជាប្រាក់៥លានរៀល អ៊ីចឹងបញ្ហាទាំងអស់នេះវានាំឱ្យមានការរិះគន់ជាបន្តទៅទៀត»។

លោក អំ សំអាត ថាករណីនេះ មានតែប្ដឹងបន្តទៅតុលាការកំពូលទេ ហើយលោកសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ដល់លោក សុខ ស៊ុនណារ៉េត ដោយទម្លាក់ចោល​បទចោទ និងដោះលែងលោកឱ្យមានសេរីភាពវិញ។

ចំណេកឯមន្រ្តីអង្កេតជាន់ខ្ពស់ នៃសមាគមន៍ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក (ADHOC) លោក យី សុខសាន្ត យល់ថាការសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងអយុត្តិធម៌ចំពោះលោក សុខ ស៊ុនណារ៉េត។

លោកថា៖ «វាជារឿងអយុត្តិធម៌សម្រាប់លោក ស៊ុនណារ៉េត ដែលគាត់ជានាយទាហាន ដែលជាអ្នកស្នេហាជាតិ នៅពេលដែល ចូលនិវត្តន៍ទៅ គ្រាន់តែពាក់ព័ន្ធជាមួយនឹងកូនរបស់ខ្លួន អ្នកណាក៏គេដឹងដែរប្រទេសកម្ពុជាហ្នឹង[…]ហើយអ្វីដែលតុលាការចោទប្រកាន់គាត់ពាក់ព័ន្ធនឹងរក្សាសារធាតុញៀនហ្នឹង គឺថារឿងហ្នឹងវាអយុត្តិធម៌»។

មន្រ្តីអង្គការដហុករូបនេះ ស្នើសុំឱ្យតុលាការទម្លាក់ចោលនូវបទចោទចំពោះ លោក ស៊ុនណារ៉េត ដើម្បីឱ្យសមនឹងឈ្មោះប្រទេសកម្ពុជាដែលជាសមាជិកនៃក្រុមប្រឹក្សាសន្តិភាព ដែលទើបចូលរួមថ្មីៗនេះ។

កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឃាត់ខ្លួនលោក សុខ ស៊ុនណារ៉េត អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ សាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនលោកបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ក្រោយតុលាការអះអាងថាបានរកឃើញគ្រឿងញៀនចំនួន២កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់១៥,៥២ក្រាម និងសារធាតុមិនច្បាស់ចំនួន១កញ្ចប់ ទម្ងន់១៣,៧៨ក្រាម។ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ សាលាដំបូងខេត្តកំពង់ស្ពឺបានសម្រេចផ្តន្ទាទោសអតីតមន្ត្រីយោធារូបនេះ ដាក់ពន្ធនាគាររយៈពេល ៤ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ជាមួយគ្នានេះ អ្នកអត្ថាធិប្បាយនយោបាយដែលមានជំហរជំទាស់ លោក ស៊ន តារា តែងលើកជារឿយៗថាករណីនេះជាករណីនយោបាយ ប៉ុន្តែត្រូវបានស្ថាប័នកងទ័ពជើងគោកបដិសេធ៕

អានអត្ថបទផ្សេងទៀតអំពី នយោបាយ

នយោបាយ, សង្គម","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1296}" data-page="1" data-max-pages="2" data-start="1" data-end="1">