តុលាការកំពូលគ្រោងប្រកាសសាលដីកា សំណុំរឿងអ្នកសារព័ត៌មាន បង្ហោះរូបភាពពីជម្លោះព្រំដែននៅថ្ងៃទី២៥ ខែមិថុនា

សិទ្ធិមនុស្ស

(រូបភាពភាពផ្សព្វផ្សាយរបស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាខេមបូចា ដែលនិយាយពីអ្នកកាសែតទាំងពីរនាក់ត្រូវដាក់ទោសជាប់ពន្ធនាគារ១៤ឆ្នាំ។ (ផ្សាយតាមទំព័រខេមបូចា)

តុលាការកំពូល នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានបើកសវនាការលើបណ្តឹងសាទុក្ខ របស់អ្នកសារព័ត៌មានពីររូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ដែលត្រូវបានតុលាការថ្នាក់ក្រោមផ្តន្ទាទោសដាក់ពន្ធនាគារ ១៤ ឆ្នាំ ពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ»។ ក្រោយបញ្ចប់សវនាការ តុលាការកំពូលបានសម្រេចប្រកាសសាលដីកានៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមមេធាវីការពារក្តីរបស់លោកទាំងពីរប្រាប់ប្រជាកាសែតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

មេធាវីការពារក្តីឱ្យអ្នកសារព័ត៌មានទាំងពីររូបគឺ លោក អ៊ុន ចាន់ថុល បានប្រាប់ថា លោកស្នើឱ្យតុលាការកំពូលពិចារណាផ្លាស់ប្តូរបទចោទលើកូនក្តីរបស់លោកពីមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ មកអនុវត្តតាមមាត្រា ៤៧៩ និងពិចារណាអនុវត្តទោសព្យួរ ស្របតាមមាត្រា ១០៧ នៃក្រមព្រហ្មទណ្ឌ។

លោកមេធាវីបានបញ្ជាក់ថា ជំហររបស់ក្រុមមេធាវីការពារក្តីនៅតែដដែលតាំងពីសាលាដំបូង សាលាឧទ្ធរណ៍ រហូតដល់តុលាការកំពូល ដោយយល់ថាបទចោទប្រកាន់ដែលតុលាការថ្នាក់ក្រោមបានសម្រេច មិនសមស្របទៅនឹងអង្គហេតុនៃសំណុំរឿងឡើយ។

លោក អ៊ុន ចាន់ថុល បានថ្លែងថា៖ «យើងសំណូមពរឲ្យតុលការកំពូលដែលជាតុលាការជាន់ខ្ពស់ចុងក្រោយនេះឲ្យលោកពិចារណាផ្លាស់ប្តូរបទចោទពីមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌទៅមាត្រា ៤៧៩ និងផ្លាស់ពីបទឧក្រិដ្ឋមជ្ឈិម និងសុំឲ្យការពិចារណាតាមមាត្រា១០៧ នៃក្រមព្រហ្មទណ្ឌដើម្បីអនុវត្តទោសព្យួរកន្លងមក»។

ដោយឡែក ភរិយារបស់លោក ផន សុភាព គឺអ្នកស្រី ហុង ថា បានបង្ហាញក្តីសង្ឃឹមថា តុលាការកំពូលនឹងពិចារណាបន្ធូរបន្ថយទោសឱ្យស្វាមីរបស់អ្នកស្រី។

អ្នកស្រីនិយាយថា៖«សុំអំពាវនាវដល់ថ្នាក់លើបន្ធូរបន្ថយប្តីខ្ញុំ គាត់អ្នកសារព័ត៌មានគាត់ស្មោះត្រង់ណាស់»។

អ្នកស្រីបានឱ្យដឹងផងដែរថា ស្ថានភាពសុខភាពរបស់ស្វាមីក៏មានការព្រួយបារម្ភ ដោយសារការជាប់ឃុំអស់រយៈពេលយូរ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អ្នកសារព័ត៌មានទាំងពីរបានធ្វើដំណើរទៅតំបន់ព្រំដែន ដើម្បីរាយការណ៍អំពីស្ថានភាពនៅទីនោះ និងបាននាំយកជំនួយមនុស្សធម៌ទៅឱ្យទាហាន ដែលឈរជើងតាមបណ្តោយព្រំដែន។ ក្នុងអំឡុងពេលនោះ ពួកគេបានបង្ហោះរូបភាពថតនៅប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ ដែលជាប់គ្រាប់មីននៅផ្ទៃខាងក្រោយ។ រូបភាពនោះបន្ទាប់មកត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយប្រព័ន្ធផ្សព្វផ្សាយថៃ។

កាលពីថ្ងៃទី២៦ ខែមីនា សាលារឧទ្ធរណ៍បាត់ដំបងបានសម្រេចតម្កល់សាលក្រមសាលាដំបូងខេត្តសៀមរាបឱ្យអ្នកសារព័ត៌មានពីររូបគឺ លោក ផន សុភាព ភ្នាក់ងារសារព័ត៌មានបាត់ដំបងប៉ុស្តិ៍ និងលោក ភាព ភារ៉ា ភ្នាក់ងារសារព័ត៌មាន TSP68 TV Online ជាប់ពន្ធនាគារចំនួន១៤ឆ្នាំ តាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌពីបទ «ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឱ្យអន្តរាយដល់ការការពារជាតិ» ដែលបានប្រព្រឹតនៅខេត្តឧត្តរមានជ័យ និងបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។

ទាក់ទងនឹងករណីនេះ នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) លោក ណុប វីបានលើកឡើងថា លោករំពឹងថាតុលាការកំពូលនឹងពិចារណាទម្លាក់ការចោទប្រកាន់ និងដោះលែងអ្នកសារព័ត៌មានទាំងពីរឱ្យមានសេរីភាពឡើងវិញ។

លោកបាននិយាយាថា ការដោះលែងអ្នកសារព័ត៌មានទាំងពីរ នឹងអនុញ្ញាតឱ្យពួកគេវិលត្រឡប់ទៅជួបជុំគ្រួសារ និងបន្តអាជីពសារព័ត៌មានរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍សាធារណៈ។

លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាតុលាការកំពូលលោកនឹងពិចារណា ជាពិសេសគឺការពិចារណាជាសំខាន់ទៅលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានទាំងពីររូប និងដោះលែងពួកគាត់ឲ្យមានសេរីភាព»។

របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកសារព័ត៌មានកម្ពុជាចំនួនប្រាំមួយនាក់ ត្រូវបានឃុំខ្លួន ចាប់ខ្លួន ឬចោទប្រកាន់ក្នុងអំឡុងឆ្នាំ២០២៦ ពាក់ព័ន្ធនឹងការរាយការណ៍អំពីស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ និងករណីឆបោកតាមប្រព័ន្ធអនឡាញ៕ 

សិទ្ធិមនុស្ស","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":2993}" data-page="1" data-max-pages="1" data-start="1" data-end="1">