រដ្ឋមន្ត្រីអប់រំថា កំណែទម្រង់លើវិស័យអប់រំទទួលបានផលវិជ្ជមាន

អប់រំ

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរ និងវាយតម្លៃខ្ពស់លើគុណភាពសិក្សាលើកំណែទម្រង់វិស័យអប់រំក្នុងរយៈពេលកន្លងមក ដោយបានដាក់ចេញនូវកម្មវិធីសិក្សាជាច្រើនក្នុងគោលបំណងបន្តធ្វើបរិវត្តកម្មវិស័យអប់រំ ឆ្លើយតបទៅនឹងគោលនយោបាយដែលបានដាក់ចេញដោយរដ្ឋាភិបាល។

ថ្លៃងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៥-២០២៦ រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ជួន ណារ៉ុន បញ្ជាក់ថា «ការអប់រំត្រូវតែមានភាពធន់ ការអប់រំនេះត្រូវតែបន្ត តាមរយៈនវានុវត្តន៏ ស្រាបតាមបរិបទជាក់ស្ដែង»។ 

សន្និបាតអប់រំឆ្នាំនេះ ត្រូវបានធ្វើឡើង ក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» ដែលក្រសួងអប់រំបានដាក់ចេញនូវប្រធានបទចំនួន៥រួមមាន៖ ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរយាបន្ន និងភាពធន់ ។ ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ។ ការអភិវឌ្ឍយុវជន ដើម្បីជាតិ និងប្រជាជន ការអភិវឌ្ឍការអប់រំកាយនិងកីឡាដើម្បីសុខុមាលភាព ។ ផលប៉ះពាល់លើវិស័យអប់រំបណ្ដាលមកពីការឈ្លានពានរបស់កងទ័ពថៃ និងវិធានការឆ្លើយតបនានារបស់វិស័យអប់រំ។

លោកហង់ជួន ណារ៉ុន កោតសរសើរនូវលទ្ទផលសម្រេចបានរបស់ក្រសួងអប់រំ នារយៈពេល១០ ឆ្នាំកន្លងមក។ លទ្ធផលទាំងនោះរួមមានការកសាងគ្រឹះស្ថានសិក្សា ការដាក់ចេញនូវកម្មវិធីសិក្សារួមទាំងផ្នែកបច្ចេកទេស អត្រាកើនឡើងនៃសិស្សានុសិស្សគ្រប់កម្រិតសិក្សា ជាពិសេសការថយចុះនៃចំនួនសិស្សបោះបង់ការសិក្សា ។

លោកថា៖ «ខ្ញុំជឿជាក់ថា សន្និបាតរយៈពេល៣ថ្ងៃនេះ នឹងប្រែក្លាយអាទិភាពការងារដូចបានរៀបរាប់ និងកំណត់សូចនាករសមិទ្ធកម្មច្បាស់លាស់ ខាងលើទៅជាផែនការសកម្មភាពជាក់លាក់ សម្រាប់ការអនុវត្ត និងការពិនិត្យតាមដាន ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ ខ្ញុំសូម លើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ធ្វើការពិភាក្សានិងផ្លាស់ប្តូរយោបល់ ព្រមទាំងចែករំលែកបទពិសោធ និងឧត្តមានុវត្តន៍ទៅវិញទៅមក ដើម្បីរិះរកវិធានការសម្រាប់ អនុវត្តនៅក្នុងឆ្នាំខាងមុខ ឱ្យកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផល សំដៅឆ្លើយតបទៅនឹង សំណូមពរថ្មីៗនៃការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡា»។ 

លោកហង់ ជួនណារ៉ុន ថាក្រសួងអប់រំនៅតែផ្ដោតលើការប៉ុណ្ដុះបណ្ដាលធនធានជាអាទិភាព ដោយផ្ដោតលើការបណ្ដុះបណ្ដាលវិជ្ជាជីៈគ្រូបង្រៀន ឲ្យក្លាយជាអ្នកដឹកនាំ គ្រប់គ្រង និងជាអ្នកស្រាវជ្រាវ ដោយធ្វើការប្រើប្រាស់ប្រព័ន្ធរង្វាយតម្លៃការបំពេញការងារប្រចាំឆ្នាំ ជាពិសេសការផ្ដល់ឲកាសសម្រាប់ការអភិវឌ្ឍគន្លងអាជីព។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអ្នកស្រី អ៊ុក ឆាយ៉ាវី សារទរចំពោះលទ្ធផលនៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ដែលសម្រេចបាន តែអ្នកស្រីយល់ឃើញលទ្ធផលនេះមិនបានបញ្ជាក់ពីការកសាងធនធានមនុស្សឲ្យបានល្អប្រសើរនៅឡើយព្រោះប្រព័ន្ធអប់រំនៅកម្ពុជាហាក់មានចន្លោះប្រហោង ជាពិសេសឲកាសទទួលបានការអប់រំខ្ពស់ និងភាពមិនស្មើរគ្នារវាងសិស្សដែលមានឪពុកម្ដាយធូរធា និងសិស្សដែលមានឪពុកម្ដាយមានជីវភាពលំបាក។

អ្នកស្រីថា៖ «បើយើងមើលទៅលើការ survey ពីររឿងវិស័យអប់រំការដែរគេ survey ត្រឹមត្រូវជាង។ ឥឡូវសិស្សពូកែនៅក្នុងខ្សោយមិនមែនពូកែនៅក្នុងពូកែទេ។ អីចឹងបើយើងប្រៀបធៀបមើលពិតប្រាកដដូចអត់ទាន់ទេ។ តែបើនិយាយពីបច្ចេកវិទ្យា គឺសិស្សឥឡូវពូកែមែន បើធៀបទៅនឹងជំនាន់៨០ ជាង ដោយសារសម័យនេះប្រើបច្ចេកវិទ្យាច្រើន»។

អ្នកស្រីបន្ថែមថា៖ «បើនិយាយពីភាពជោគជ័យ ដូចអត់ទាន់ជោគជ័យទេ ព្រោះអីសិស្សក្រីក្រក៏ច្រើន ដូច្នេះការរៀនតាមប្រព័ន្ធអ៊ីធឺណេតអីនឹងអត់មានលទ្ធដាក់ មិនដូចកូនអ្នកធូរធាទេ។ សំខាន់ឪពុកម្ដាយខ្លះអត់មានលុយឲ្យកូនរៀន។ កូនអ្នកមានហើយកូនមន្ត្រីជាន់ខ្ពស់គាត់ត្រូវទៅរៀនសាលាឯកជន»។ 

អ្នកស្រី អ៊ុក ឆាយ៉ាវី សង្កត់ធ្ងន់ថាបញ្ហាជីវភាពឪពុកម្តាយក្រីក្របានដាក់សម្ពាធឱ្យសិស្ស ឱ្យសិស្សក្រីក្របោះបង់ការសិក្សា ហើយទៅធ្វើការដើម្បីរកប្រាក់ចំណូលផ្គត់ផ្គងគ្រួសារ។
បើតាមរដ្ឋមន្ត្រីអប់រំ គិតត្រឹមឆ្នាំសិក្សា ២០២៥-២០២៦ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះ ទូទៅទាំងសាធារណៈ សហគមន៍ និងឯកជនមានសរុប ១៩ ៥៩២កន្លែង ក្នុងនោះសាលាមត្តេយ្យ សិក្សាគ្រប់រូបភាព ៩ ២០៧ កន្លែង សាលា បឋមសិក្សា ៨ ២៤៨ អនុវិទ្យាល័យ ១ ៣៦០ និងវិទ្យាល័យ ៩៥៧កន្លែង។ គ្រឹះស្ថានសិក្សាដែលផ្តល់សេវាអប់រំបច្ចេកទេស មានចំនួន ៤៩កន្លែង និងគ្រឹះស្ថានឧត្តម សិក្សាទូទាំងប្រទេសមាន ២០០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាក្រោមក្រសួងអប់រំ យុវជន កីឡា មានចំនួន ៩៤កន្លែង។

របាយការណ៍ស្តីពីចំនួនប្រជាជនពិភពលោកឆ្នាំ ២០២៥ បានផ្ដល់ចំណាត់ថ្នាក់វិស័យអប់រំរបស់ប្រទេសកម្ពុជានៅលេខរៀងទី ១២០ នៅទូទាំងពិភពលោកក្នុងចំណោមប្រទេស ២០៣ នៅក្នុងបញ្ជី និងជាប្រទេសដែលមានកម្រិតអប់រំទាបបំផុតនៅក្នុងតំបន់អាស៊ាន។ របាយការណ៍ដដែលបានបង្ហាញពីបញ្ហាប្រឈមមួយចំនួនលើប្រព័ន្ធអប់រំនៅកម្ពុជារួមមាន កត្តាសេដ្ឋកិច្ច និងភូមិសាស្ត្រ៕

អានអត្ថបទផ្សេងទៀតអំពី អប់រំ

អប់រំ","field":"name"}],"number":1,"meta_query":[[]],"paged":1,"original_offset":0,"object_ids":1419}" data-page="1" data-max-pages="1" data-start="1" data-end="1">